Ad Code

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នឹង​ចាត់វិធានការ​តឹងរ៉ឹង​ដើម្បី​ទប់ស្កាត់​ការ​ធ្វើ​ចរាចរណ៍​គ្រឿងញៀន​នៅតាម​ព្រំដែន



ភ្នំពេញ​ ៖​ មន្ត្រី​ជាន់ខ្ពស់​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹងថា ខ្លួន​នឹង​បង្កើន​វិធានការ​ត្រួតពិនិត្យ​យ៉ាង​តឹងរ៉ឹង​ដើម្បី​ទប់ស្កាត់​ការធ្វើ​ចរាចរណ៍​គ្រឿងញៀន​នៅ​តាម​តំបន់​ព្រំដែន​សំដៅ​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​ទប់ស្កាត់​ការ​រត់ពន្ធ​គ្រឿងញៀន​ឆ្លងដែន​ខុសច្បាប់​ចូល​មក​ក្នុង​ប្រទេស​កម្ពុ​ជា​។

ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ ប្រឆាំង​គ្រឿងញៀន​កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែតុលា​ ឆ្នាំ​២០១៨​ នាយ​ឧ​ត្ត​ម​សេនីយ៍​កែ គឹម​យាន ឧបនាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ ប្រឆាំង​គ្រឿងញៀន​បាន​មានប្រសាសន៍ថា​ ការ​ពង្រឹង​វិធានការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​តាម​ព្រំដែន​នេះ​ដោយសារតែ​បញ្ហា​ការ​ចរាចរណ៍​គ្រឿងញៀន​ពី​បណ្តា​ប្រទេសជិតខាង​ដូចជា ប្រទេស​ថៃ ឡាវ និង​ប្រទេស​វៀតណាម​ចូលមក​កម្ពុជា នៅ​តែ​មាន​សកម្មភាព​សកម្ម ពិសេស​ច្រក​ផ្លូវគោក​នៃ បណ្តា​ខេត្ត​នៅ​ភាគ​ឦសាន​។

លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹម​យាន​បាន​បន្ត​ថា ​កម្ពុជា​ពុំ​មែន​ជា​ប្រទេស​ផលិត​គ្រឿងញៀន​ទេ ប៉ុន្តែ​វា​បាន​ហូរ​ចូល​ពី​បណ្តា​ច្រក ព្រំដែន​នៃ​ប្រទេសជិតខាង​ដែល​ទាមទារ​ឲ្យ​មាន​ការ​រឹត​បណ្តឹង​ការ​ត្រួតពិនិត្យ​ទប់ស្កាត់​ឲ្យ បាន​ខ្លាំងក្លា​។



លោក​បាន​បន្ថែម​ថា ​ការងារ​ទប់ស្កាត់​គ្រឿងញៀន​នេះ​ក្រុម​សមត្ថភាព​ពាក់ព័ន្ធ​នឹង​ចូលរួម​សកម្ម​បន្ថែម​ទៀត​ក្នុង ប្រតិបត្តិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ជាមួយ​បណ្តា​ប្រទេស​ជាប់​ព្រំដែន តាមរយៈ​ការ​ផ្លាស់ប្តូរ ព័ត៌មាន​ទៅវិញទៅមក​ពីបទ​ល្មើស​គ្រឿងញៀន និង​ការសិក្សា​ពី​រូបភាព​ថ្មីៗ​របស់​ជនល្មើស ដែល​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន​ដែន​ខុសច្បាប់​។

លោក​បាន​បញ្ជាក់​ថា ដើម្បី​ឈាន​ទៅ​ទប់ស្កាត់​បាន​ទាន់​ពេល​វេលា​ន​ចំពោះ​ករណី ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ខុសច្បាប់ អាជ្ញាធរ​ជាតិ​គ្រឿងញៀន បាន​បង្កើត​ភូមិ​ស​គ្មាន​គ្រឿង ញៀន​នៅតាម​ព្រំដែន​កម្ពុជា -​ថៃ និង កម្ពុជា​-​ឡាវ នឹង​ឈាន​ទៅ​បង្កើត​បន្ថែម​ទៀត​នៅ​តំបន់ ព្រំដែន​កម្ពុជា​-​វៀតណាម ព្រមទាំង​ពង្រីក​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​នៅ​តំបន់​ដែល ទទួល​ការ​គំរាមកំហែង​ដោយ​គ្រឿងញៀន​។

នាយ​ឧ​ត្ត​ម​សេនីយ មាស វី​រិ​ទ្ធ អគ្គលេខាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹងថា ​ជាមួយគ្នា​នេះ​ដែរ អាជ្ញាធរ​គ្រឿងញៀន​បានសម្រេច​បង្កើត​ក្រុមការងារ​ត្រួតពិនិត្យ​តាម​ព្រលាន​និង កំពង់ផែ​អន្តរជាតិ​ផ្សេងទៀត​ដើម្បី​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន​កុំ​ឲ្យ​ជ្រៀតចូល​ក្នុងសង្គម​កម្ពុជា​ទាំង​ច្រក​ផ្លូវ​អាកាស ផ្លូវទឹក និង​ច្រក​ផ្លូវគោក​តាម​ព្រំដែន​ជាដើម​។

ចំណែក​នាយ​ឧ​ត្ត​ម​សេនីយ៍​ម៉ក់ ជី​តូ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​នៃ​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា ក្រុម​សមត្ថកិច្ច​ជំនាញ​កំពុង​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​បោសសំអាត​សំបុក​ចែកចាយ​គ្រឿង ញៀន​ខុសច្បាប់​នានា​នៅ​ក្នុង​ប្រទេស ដោយ​អនុវត្ត​សកម្មភាព​ព្រម​ៗ​គ្នា​ដើម្បី​ធានា​ឲ្យ​សង្គម​កម្ពុជា​គ្មាន​បញ្ហា​គ្រឿងញៀន​ត​ទៀត​។

សូម​បញ្ជាក់​ថា ក្នុង​រយៈពេល​៩​ខែ​ឆ្នាំ​២០១៨​នេះ​ក្រុម​សមត្ថកិច្ច​បាន​បង្ក្រាប​ប​ទ​ល្មើស​គ្រឿង ញៀន​នៅ​ទូទាំង​ប្រទេស​បាន​រហូត​ដល់​ជិត​៦​ពាន់​ករណី​គឺ​ថយ​ចុះ​ជាង​១០០០​ករណី​បើ​ធៀប នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំទៅ រួម​ជាមួយនឹង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​ជាង​១​ម៉ឺន​នាក់ ថ្នាំញៀន​ជាង​៥០០​គីឡូក្រាម​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu