ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នាព្រឹកថ្ងៃពុធ ៧រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីការពិគ្រោះយោបល់នៃការវាយតម្លៃលើការរួមចំណែករបស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) នៅព្រះរាជាណាចក្រកម្ពុជា។
ក្រសួងបានឲ្យដឹងថា សិក្ខាសាលានេះសហការរៀបចំនិងឧបត្ថម្ភដោយអគ្គនាយកដ្ឋានកសិកម្ម និងអង្គការ FAO ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង លោក Masahiro Igarashi នាយកទទួលបន្ទុកការងារវាយតម្លៃនៃអង្គការ FAO ប្រចាំទីក្រុងរ៉ូម លោក Alexandre Huynh តំណាងអង្គការ FAO ប្រចាំកម្ពុជា ស្ថាប័នរដ្ឋពាក់ព័ន្ធ អង្គការក្រៅរដ្ឋាភិបាល ដៃគូអភិវឌ្ឍ វិស័យឯកជន សហគមន៍កសិកម្ម ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករ។
ឆ្លៀតក្នុងឱកាសនេះ លោក រដ្ឋមន្ត្រីបានសម្តែងនូវកិច្ចស្វាគមន៍ចំពោះវត្តមានរបស់សមាជិក សមាជិកានៃអង្គសិក្ខាសាលាដែលបានឆ្លៀតឱកាសដ៏មានតម្លៃអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នាថ្ងៃនេះ។ សិក្ខាសាលានេះមានគោលបំណងធ្វើការសិក្សា វាយតម្លៃលើទិដ្ឋភាពរួមពាក់ព័ន្ធនៅកម្រិតយុទ្ធសាស្ត្រនៃកិច្ចអន្តរាគមន៍របស់អង្គការ FAO ក្នុងការឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម ព្រមទាំងកំណត់មេរៀនដែលទទួលបានក៏ដូចជាកត្តាអំណោយផល កត្តាដែលនាំឲ្យរាំងស្ទះដល់ការសម្រេចលទ្ធផល និងកំណត់យកចំណុចខ្វះខាតក្នុងការអនុវត្តកម្មវិធីក្នុងវិស័យកសិកម្មដែលមានសក្តានុពលសម្រាប់អនុវត្តការងារបន្តឲ្យទទួលបានជោគជ័យ។
ជាងនេះទៅទៀតគឺដើម្បីដកស្រង់នូវបទពិសោធន៍ល្អៗ និងរិះរកនូវគំនិតច្នៃប្រឌិតថ្មីៗបន្ថែមទៀត ដើម្បីចូលរួមវាយតម្លៃពីគុណសម្បត្តិ គុណវិបត្តិ ចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈមនានា និងបទពិសោធន៍ ឬមេរៀនល្អៗដែលយើងទទួលបានពីការអនុវត្តគម្រោងកម្មវិធីរបស់ FAO នៅកម្ពុជានាពេលកន្លងមក រួចដាក់ចេញនូវផែនការយុទ្ធសាស្ត្រអនុវត្តបន្តធ្វើយ៉ាងណាឲ្យគម្រោងផ្សេងៗទៀតទទួលបានជោគជ័យតាមគោលដៅរំពឹងទុក។
លោក រដ្ឋមន្ត្រីបានបញ្ជាក់ថា ការរៀបចំសិក្ខាសាលានាពេលនេះ គឺស្របពេលដែលក្រសួងបាននឹងកំពុងរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩-២០២៣ ដោយតម្រង់ទិសឆ្ពោះទៅរកការលើកកម្ពស់ និងជំរុញការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយភាពវៃឆ្លាត ដើម្បីធានាសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ការកាត់បន្ថយភាពក្រីក្រ ជំរុញការអនុវត្តកសិកម្មប្រកបដោយស្ថិរភាព និងមានភាពធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ។
តាមរយៈរបាយការណ៍របស់ក្រុមការងារវាយតម្លៃនៃអង្គការ FAO រាល់អនុសាសន៍ទាំងឡាយដែលបានលើកឡើង និងចំណាប់អារម្មណ៍របស់លោកនាយក Masihiro Igarashi គឺពិតជាមានសារៈសំខាន់និងឆ្លុះបញ្ចាំងពីសភាពការណ៍ជាក់ស្តែង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យកសិកម្មរបស់ក្រសួងសម្រាប់រយៈពេល៥ឆ្នាំខាងមុខ។ ដូច្នេះ ក្នុងនាមក្រសួង លោករដ្ឋមន្ត្រីបានគាំទ្រដល់អនុសាសន៍ទាំងនោះ និងសូមស្នើឲ្យអង្គការនេះបន្តយកអនុសាសន៍ទាំងនោះទៅដាក់បញ្ចូលនៅក្នុងផែនការយុទ្ធសាស្ត្ររបស់ខ្លួនក្នុងរយៈពេល៥ឆ្នាំខាងមុខ៕
Source: Kampuchea Thmey Daily
0 Comments