កណ្តាល ៖ បុរសម្នាក់ ត្រូវក្រុមជនដៃដល់ ធ្វើសកម្មភាពស្ទាក់ចាប់វាយ អូសតាមផ្លូវ រួចដណ្តើមចបជីក យកមកចាក់បុកចំក្បាល ព្រមទាំងវាយបំបាក់ដៃជើង បណ្តាលឲ្យរងរបួសធ្ងន់លែងដឹងអី គ្រាដែលបុរសរូបនោះ ជិះម៉ូតូឌុបប្អូនម្នាក់ទៀត ទៅរកត្រី ឆ្លងកាត់កន្លែងដែលក្រុមជនដៃដល់កំពុងអង្គុយផឹកស៊ី។
ហេតុការណ៍ ហិង្សានេះ បានកើតឡើងកាលពីវេលាម៉ោងជាង៧យប់ ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៨ នៅចំណុចភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
មន្ត្រីនគរបាលក្រុងតាខ្មៅបានប្រាប់ឲ្យដឹងថា ជនរងគ្រោះដែលត្រូវក្រុមជនដៃដល់ព្រួតវាយបណ្តាលឲ្យរងរបួសធ្ងន់ខាងលើមានឈ្មោះ ធី ជុំ ភេទប្រុស អាយុ៣២ឆ្នាំ ទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរទិញលក់ដី។ ចំណែកក្រុមជនបង្កត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន៣នាក់ ទី១-ឈ្មោះ ទូច ឆវន្ត័ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ:នេសាទ ទី២-ឈ្មោះ ហែល សារ៉ង ភេទប្រុស អាយុ៣២ឆ្នាំ ទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរនេសាទ ទី៣-ឈ្មោះ នឿន ចាន់ណុល ភេទប្រុស អាយុ២៨ឆ្នាំ ទីលំនៅភូមិសង្កាត់កើតហេតុមុខរបរ នេសាទ។ ក្រោយឃាត់ខ្លួនជនបង្ក សមត្ថកិច្ចបានដកហូត ចបជីកប្រវែង១២០សង់ទីម៉ែត្រចំនួន១។
ប្រភពព័ត៌មានពីកន្លែងបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានទៅដាក់សាយ៉ឺននៅក្នុងដីឡូត៍មួយកន្លែង ពេលទៅដល់ស្រាប់តែមានគេកាប់សាយ៉ឺនគាត់យកទៅបាត់ ដោយមានការខឹង គាត់ក៏បានជេរបញ្ចោររកអ្នកកាប់សាយ៉ឺនគាត់។ លុះមកដល់វេលាកើតហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូឌុបប្អូនប្រុស មករកជីកអន្លង់ត្រី ដោយឆ្លងកាត់មុខផ្ទះជនល្មើសខាងលើកំពុងអង្គុយផឹក គ្រាន់តែឃើញជនរងគ្រោះទៅដល់ ក្រុមជនល្មើសបានរត់ទៅធាក់ម៉ូតូជនរងគ្រោះ បណ្តាលឲ្យដួល រួចចាប់វាយអូសតាមផ្លូវ ហើយដណ្តើមចបជីកពីដៃជនរងគ្រោះ ចាក់បុកចំក្បាលជនរងគ្រោះ ព្រមទាំងវាយបំបាក់ដៃជើង បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ហូរឈាមស្រោចពេញខ្លួនលែងដឹងអី។ ចំណែកប្អូនប្រុសជនរងគ្រោះដែលជិះពីក្រោយ ឃើញក្រុមជនបង្កមានគ្នាច្រើន ព្រួតវាយទៅលើបងប្រុសខ្លួន ក៏មានកាតភិតភ័យ ហើយរត់មកផ្ទះដើម្បីប្រាប់ដល់ក្រុមគ្រួសារឲ្យទៅជួយ ប៉ុន្តែដោយសារផ្លូវឆ្ងាយផង ទម្រាំសាច់ញាតិជនរងគ្រោះទៅដល់ គឺក្រុមជនបង្ក បានវាយជនរងគ្រោះទ្រោមខ្លួន ឈាមស្រោចពេញខ្លួនលែងដឹងអីទៅហើយ។
ប្រភពដដែលបន្តថា ក្រោយកើតហេតុ គេឃើញលោកមេភូមិ ចេញមុខមកអន្តរាគមន៍ និងបានតេទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍កំពង់សំណាញមិនឲ្យចុះមកកន្លែងកើតហេតុទេ ដោយនិយាយថា រឿងបន្តិចបន្តួច ទុកឲ្យគាត់ជាអ្នកដោះស្រាយ។ ក្រោយមកទើប ក្រុមគ្រួសារជនរងគ្រោះ តេទៅមេប៉ុស្តិ៍ផ្ទាល់ ទើបលោកមេប៉ុស្តិ៍ឃើញមានសមត្ថកិច្ចចុះមកជួយអន្តរាគមន៍ ឃាត់ខ្លួនជនបង្កយកទៅធ្វើការសាកសួរ។
ពាក់ព័ន្ធនឹងករណីនេះ ប្រជាពលរដ្ឋនៅក្នុងភូមិអាចម៍កុកបាននិយាយថា ក្រុមជនបង្កខាងលើ គឺតែងតែបង្កភាពអសន្តិសុខក្នុងភូមិជាបន្តបន្ទាប់ ប៉ុន្តែពួកគេមិនត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួននោះទេ ដោយសារពួកគេជាកូន ក្មួយរបស់លោកមេភូមិ ទើបគាត់តែងតែបិទបាំងព័ត៌មាន មិនរាយការណ៍ទៅសមត្ថកិច្ចនគរបាលនោះទេ បើទោះបីជាពេលខ្លះ មានករណីឃាតកម្ម ឬ អំពើ ឆក់ លួច ប្លន់ ផ្សេងៗក៏ដោយ ក៏លោកមេភូមិរូបនោះ មិនរាយការណ៍ទៅសមត្ថកិច្ចដែរ និយាយឲ្យចំ គឺបំបិទព័ត៌មានតែម្តង។ ពួកគាត់សំណូមពរដល់ថ្នាក់លើៗ មេត្តាមានវិធានការទៅលើលោកមេភូមិមួយនេះផង ព្រោះ គាត់តែងតែប្រើអំណាចជិះជាន់ប្រជាពលរដ្ឋក្នុងភូមិជាបន្តបន្ទាប់។
ពាក់ព័ន្ធនឹងករណីនេះដែរ សាច់ញាតិជនរងគ្រោះបានសំណូមឲ្យសមត្ថកិច្ច ក៏ដូចជាស្ថាប័នតុលាការ មេត្តាចាត់វិធានការទៅលើក្រុមជនបង្កខាងលើឲ្យសាកសមទៅនឹងទោសដែលពួកគេប្រព្រឹត្តិ ព្រោះក្រុមជនដៃដល់បានវាយធ្វើបាបមកលើជនរងគ្រោះ ស្ទើរលែងដឹងអីបែបនេះទៅហើយ ទោះយកលុយមកក៏ព្យាបាលមិនបានដូចដើមនោះដែរ៕
Source: Kampuchea Thmey Daily
0 Comments