ភ្នំពេញ ៖ មានមនុស្សជាង ១.២ លាននាក់ បានបាត់បង់ជីវិត នៅលើផ្លូវថ្នល់ទូទាំងពិភពលោកជារៀងរាល់ឆ្នាំ ក្នុងនោះមានអ្នកស្លាប់ប្រមាណ ១២០,០០០ នាក់នៅក្នុងតំបន់អាស៊ាន ទើបបានជាមហាសន្និបាត អង្គការសហប្រជាជាតិ UNGA នៅតែបន្តគាំទ្រ និងតស៊ូមតិយ៉ាងមុតមាំ ចំពោះសុវត្ថិភាពផ្លូវថ្នល់ ដោយផ្អែកលើការប្រកាសថា ឆ្នាំ ២០១១ ដល់ ២០២០ ជា «ទសវត្ស នៃចំណាត់ការដើម្បីសុវត្ថិភាព នៅលើដងផ្លូវ»។
យានយន្តដែលបានចុះបញ្ជើ នៅប្រទេសកម្ពុជាគឺមានចំនួន ៣.៧ លានគ្រឿង នៅក្នុងឆ្នាំ ២០១៧ ដែលជាការកើនឡើងប្រមាណ ១៦% ពីមួយឆ្នាំ ទៅមួយឆ្នាំ។ ស្របគ្នានេះដែរ អត្រានៃការស្លាប់ លើផ្លូវថ្នល់ក៏បន្តកើនឡើងផងដែរ ក្នុងចំនួនប្រហែលជា ១,៧៨០ នាក់កាលពីឆ្នាំ២០១៧ កន្លងទៅនេះ។ គ្រោះថ្នាក់ចរាចរណ៍ ច្រើនកើតឡើងក្នុងកំឡុងពិធីបុណ្យផ្សេងៗ ដូចជា បុណ្យចូលឆ្នាំខ្មែរ និងបុណ្យភ្ជុំបិណ្ឌ នៅពេលដែលចរាចរណ៍ មានភាពមមាញឹកខ្លាំងបំផុត។
នៅខែមេសាឆ្នាំ ២០១៨ កន្លងទៅនេះ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ បានកត់ត្រាការស្លាប់សរុប មានចំនួន ៤៧ នាក់ និងរបួស ១៤៣ នាក់ក្នុងអំឡុងពេលអង្កេតការណ៍ ៣ ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ។ ដូចគ្នានេះដែរ ថ្ងៃបុណ្យភ្ជុំបិណ្ឌកន្លងទៅនេះ យ៉ាងហោចណាស់មានគ្រោះថ្នាក់ចរាចរណ៍ចំនួន ៥៣ ករណី ក្នុងនោះមនុស្សស្លាប់ ចំនួន២៨នាក់ និងរបួសធ្ងន់៨៥នាក់ នេះបើយោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ មូលហេតុព្រោះតែកំឡុងពេលនោះ ជាពេលដែលប្រជាជនកម្ពុជា ធ្វើដំណើរផ្លូវឆ្ងាយ ដើម្បីត្រលប់ទៅស្រុកកំណើតរបស់ពួកគេវិញ។
រាល់គ្រោះថ្នាក់ទាំងអស់ ដែលបានចុះបញ្ជីក្នុងអំឡុងរដូវបុណ្យទាន ភាគច្រើនគឺកើតឡើងដោយសារតែ ការបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹង, ការបើកបរហួសល្បឿនកំណត់ ការងងុយគេងពេលបើកបរ, ការជែងគ្នា និង បញ្ហាយានជំនិះ។ ៨០% នៃរថយន្ត ដែលធ្វើចរាចរណ៍ តាមដងផ្លូវនៅកម្ពុជា គឺជារថយន្តជជុះ ហើយជារឿយៗរថយន្តទាំងនេះ មានបញ្ហាបច្ចេកទេស ដូចជាបញ្ហាកង់ឡាន, ប្រព័ន្ធហ្វ្រាំង ឬប្រព័ន្ធចង្កូត ដែលតម្រូវឲ្យមានការពិនិត្យបច្ចេកទេសយ៉ាងហ្មត់ចត់។
លោក ហៃ ភិរម្យ អគ្គនាយកក្រុមហ៊ុន Bosch ប្រចាំនៅកម្ពុជាបានថ្លែងថា ៖ «ជារៀងរាល់ឆ្នាំ មនុស្សរាប់លាននាក់ បានស្លាប់ឬរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍។ ក្នុងនាមជាក្រុមហ៊ុនមួយ ដែលផ្គត់ផ្គង់បច្ចេកវិទ្យាយានជំនិះ Bosch បានរួមចំណែកលើកស្ទួយ និងដោះស្រាយបញ្ហាសុវត្ថិភាព យានយន្តជាច្រើនឆ្នាំមកហើយ។»
លោកបានបន្តថា៖ «គ្រោះថ្នាក់ជាច្រើនអាចរារាំងបាន ដោយការបំពាក់ប្រព័ន្ធសុវត្ថិភាពទំនើបទៅលើយានយន្ត»។
នៅប្រទេសកម្ពុជា Bosch មានបំណងចង់សហការ យ៉ាងជិតស្និទ្ធជាមួយដៃគូពាក់ព័ន្ធ ដើម្បីចែករំលែកចំណេះដឹង និងជំនាញលើការបង្កើនកម្រិត នៃការយល់ដឹងអំពីតម្រូវការចាំបាច់ ដើម្បីធានាឱ្យបាននូវសុវត្ថិភាព នៅលើផ្លូវថ្នល់និងយានយន្ត។
សុវត្ថិភាពជាចំបង
លោក Martin Hayes នាយកក្រុមហ៊ុន Bosch នៅតំបន់អាស៊ីអាគ្នេយ៍មានប្រសាសន៍ថា ៖ «ការស្លាប់ និងការរងរបួសនៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក មិនត្រឹមតែធ្វើអោយខាតបង់ខាងផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ វាក៏បង្កឲ្យមានការរងទុក្ខវេទនា និងទុក្ខសោក ដែលមិនអាចកាត់ថ្លៃបាន»។ លោកបានបន្តថា៖ « Bosch នឹងបន្តធ្វើការស្រាវជ្រាវ និង វិនិយោគលើការអភិវឌ្ឍជាច្រើន ដោយផ្អែកលើការបង្កើតបច្ចេកវិទ្យាដែលអាចជួយជីវិតមនុស្សបាន។ នេះរួមទាំងការបង្កើតផលិតផល និង ដំណោះស្រាយដែលអាចធ្វើឲ្យផ្លូវថ្នល់ និងយានយន្តមានសុវត្ថិភាពជាងមុន»។
ក្នុងចំណោមការច្នៃប្រឌិតថ្មីៗជាច្រើន របស់ក្រុមហ៊ុន Bosch ក្នុងវិស័យសុវត្ថិភាពយានយន្ត ក្នុងនោះក៏មានប្រព័ន្ធ Anti-Lock Braking System (ABS) ដែលជាប្រព័ន្ធសម្រាប់ ជួយមិនអោយគាំង កង់រថយន្តពេលចាប់ហ្វ្រាំង។ ប្រព័ន្ធនេះត្រូវបានណែនាំ សម្រាប់រថយន្តដឹកអ្នកដំណើរនៅឆ្នាំ ១៩៧៨ និងសម្រាប់ទោចក្រយានយន្ត នៅឆ្នាំ ១៩៩៥។ បច្ចេកវិទ្យានេះត្រូវបានពង្រឹងបន្ថែមទៀត ជាមួយនឹងការអភិវឌ្ឍបច្ចេកវិទ្យា រក្សាលំនឹងយានយន្តអេឡិចត្រូនិច (Electronic Stability Program ឬ ESP®) ដំបូងគេបង្អស់លើពិភពលោក ដែលបច្ចេកវិទ្យានេះអាចតាមដានចលនា រអិលរបស់រថយន្ត ហើយទប់ស្កាត់ការរអិលនោះ ដើម្បីបង្កើនសុវត្ថិភាពក្នុងពេលបើកបរ។ រហូតមកដល់បច្ចុប្បន្ននេះ ៧៤ ភាគរយ នៃយានយន្តទាំងអស់ នៅទូទាំងពិភពលោក ត្រូវបានបំពាក់ជាមួយ ESP® ហើយបច្ចេកវិទ្យានេះ បានរារាំងមិនឲ្យមានគ្រោះថ្នាក់ជាង ២៦០,០០០ ករណីនៅអឺរ៉ុប (គិតត្រឹមឆ្នាំ ២០១៤)។
ការធ្វើដំណើរ ដោយគ្មានគ្រោះថ្នាក់ ជាមួយនឹងប្រព័ន្ធជំនួយសុវត្ថិភាព ក្នុងការបើកបរគ្រោះថ្នាក់ចរាចរណ៍ប្រមាណ ៩០ ភាគរយ អាចកើតឡើងដោយសារកំហុស របស់អ្នកបើកបរ។ ឧទាហរណ៍នៅពេលដែល អ្នកបើកបរមិនគិតថា ស្ថានភាពផ្លូវជាស្ថានភាពគ្រោះថ្នាក់ ឬហានិភ័យចំពោះមុខ មិនត្រូវបានវិនិច្ឆ័យត្រឹមត្រូវ ហើយអ្នកបើកបរមានប្រតិកម្មយឺតពេក ឬមិនត្រឹមត្រូវ។ ដោយប្រើប្រាស់ចំណេះដឹង ដែលទទួលបានពីការស្រាវជ្រាវ គ្រោះថ្នាក់ចរាចរណ៍ផ្សេងៗគ្នាជាច្រើន Bosch បានបង្កើតប្រព័ន្ធជំនួយ ដល់អ្នកបើកបររថយន្ត ដែលមានលក្ខណៈឆ្លាតវាងវៃ ដូចជាហ្វ្រាំងសង្គ្រោះបន្ទាន់ស្វ័យប្រវត្តិ (Automatic Emergency Braking ឬ AEB) ប្រព័ន្ធជំនួយការរក្សាឡានឲ្យនៅត្រូវជួរ (Lane Keeping Support) និងប្រព័ន្ធជំនួយការមើលកញ្ចក់ចំហៀង (Side View Assist )ដែលជួយដល់អ្នកបើកបរ ក្នុងស្ថានភាពចរាចរណ៍ ដែលស្មុគស្មាញ ឬ ស្ថានភាពគ្រោះថ្នាក់។ ប្រព័ន្ធទាំងនេះគ្រប់គ្រងលើ ស្ថានភាពនៃការបើកបរប្រចាំថ្ងៃ បានយ៉ាងទូលំទូលាយ និងជាការបោះជំហាន ដ៏សំខាន់ក្នុងការធ្វើដំណើរ ដោយគ្មានគ្រោះថ្នាក់ និងគ្មានភាពតានតឹងនៅថ្ងៃអនាគត។
ចំនួនរថយន្តកើនឡើងកាន់តែច្រើន បង្កើនហានិភ័យនៃការប៉ះទង្គិច ផ្នែកខាងក្រោយនៃរថយន្តផងដែរ។ ហ្វ្រាំងសង្គ្រោះបន្ទាន់ដោយស្វ័យប្រវត្តិ (AEB) ដោយមានមូលដ្ឋាន លើបណ្តាញឧបករណ៍ ចាប់សញ្ញានៅក្នុងប្រព័ន្ធ ESP® អាចជួយកាត់បន្ថយស្ថានភាពនេះបាន។ ដោយផ្អែកលើការវិភាគចរាចរណ៍ជាបន្តបន្ទាប់ រួមជាមួយការស្វែងរកចំនុចស្មុគស្មាញដែលអាចបង្កឲ្យមានគ្រោះថ្នាក់ ប្រព័ន្ធ AEB ក៏មានលក្ខណៈចាប់ហ្វ្រាំងពាក់កណ្តាលដោយស្វ័យប្រវត្តិ ដើម្បីកាត់បន្ថយល្បឿនរថយន្ត។ ប្រសិនបើអ្នកបើកបរនៅមិនជាន់ហ្វ្រាំង AEB នឹងចាប់ហ្វ្រាំងពេញលេញ ដើម្បីចៀសវាងការប៉ះទង្គិចជាមួយ រថយន្តខាងមុខ។ ក្នុងករណីដែលការប៉ះទង្គិចគ្នាមិនអាចជៀសវាងបាន យ៉ាងហោចណាស់ ក៏ការធ្វើអន្តរាគមន៍ ដោយប្រព័ន្ធនេះ អាចកាត់បន្ថយកំរិតគ្រោះថ្នាក់ ដល់យានយន្ត និងអ្នកបើកបរ រួមជាមួយនឹងអ្នកដំណើរផងដែរ។
ប្រព័ន្ធជំនួយការរក្សារថយន្ត ឲ្យនៅគន្លងផ្លូវ (LKS) ជួយដល់អ្នកបើកបរ រក្សារថយន្តអោយនៅគន្លងផ្លូវបានត្រឹមត្រូវ។ ការប្រើកាមេរ៉ាវីដេអូ ដើម្បីកំណត់គន្លងផ្លូវនៅពីមុខឡាន LKS អាចកំណត់បានរហូតដល់៤ជួរ បើទោះបីស្ថិតនៅក្នុងស្ថានភាព មើលមិនសូវច្បាស់ក៏ដោយ ក៏ប្រព័ន្ធនេះឆ្លើយតប ទៅនឹងការកាច់ចង្កូតមិនប្រក្រតី របស់អ្នកបើកបរ ដើម្បីធានាឱ្យបានថាអ្នកបើកបរ នៅត្រង់គន្លងផ្លូវ។ អ្នកបើកបរអាចបត់ចង្កូតបាន នៅពេលដែលកាច់សញ្ញាបត់ឆ្វេង ឬស្តាំ នេះជាសញ្ញាដែលប្រាប់ប្រព័ន្ធ LKS នេះថាអ្នកដំណើរមានស្មារតីត្រឹមត្រូវ និងអាចគ្រប់គ្រង់យានយន្តបានវិញហើយ។
នៅពេលបើកបរ អ្នកបើកបរផ្តោតសំខាន់ មើលទៅខាងមុខដោយស្វ័យប្រវត្តិ ដោយមិនបានមើល គ្រប់ទិសដៅ រួមទាំងផ្នែកសងខាងនៃរថយន្តផងដែរ។ វាអាចនឹងប៉ះពាល់ដល់សមត្ថភាព របស់អ្នកបើកបរក្នុងការវាយតម្លៃ ស្ថានភាពខាងក្រៅ ជុំវិញរថយន្តរបស់ពួកគេ នៅពេលធ្វើសកម្មភាពផ្សេងៗ ដូចជាការប្តូរគន្លងផ្លូវបើកបរ ។ ប្រព័ន្ធជំនួយការមើលកញ្ចក់ចំហៀង (SVA) ត្រូវបានគេស្គាល់ជាទូទៅថា ជាបច្ចេកវិទ្យាជំនួយនៅចំនុច មើលមិនឃើញ (Blind Spot Technology) ដែល ភ្លាមៗនោះវានឹងបង្ហាញសញ្ញាព្រមាន នៅលើកញ្ចក់ចំហៀងនៃរថយន្ត។
សម្រាប់ទោចក្រយានយន្ត ការព្រមាននេះលេចឡើង ជាសញ្ញាអុបទិកនៅជិតកញ្ចក់។ ឧបករណ៍ចាប់សញ្ញាដ៏ឆ្លាតវៃ ក៏អាចចាត់ថ្នាក់វត្ថុ ដែលត្រូវវាចាប់បាន ដើម្បីជៀសវាងការជូនដំណឹងហានិភ័យ មិនត្រឹមត្រូវ។ បច្ចេកវិទ្យាជំនួយនៅចំណុច មើលមិនឃើញគឺជាផ្នែកមួយនៃកម្មវិធី ត្រួតពិនិត្យយានយន្តថ្មី របស់អាស៊ានដែលហៅថា ASEAN New Car Assessment Program ឬNCAP នៃឆ្នាំ ២០១៧- ២០២០ ក្រោមផ្នែកជំនួយសុវត្ថិភាព ដែលជាលក្ខខណ្ឌកំណត់មួយ ដើម្បីទទួលបានចំណាត់ថ្នាក់ល្អ។
សុវត្ថិភាពតាមដងផ្លូវ ជាទំនួលខុសត្រូវ របស់បុគ្គលគ្រប់រូបរបាយការណ៍ឆ្នាំ ២០១៨ ដែលបានចេញផ្សាយដោយអង្គការសុខភាពពិភពលោកបានថ្លែងថា គ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវធ្វើឲ្យប្រទេសខាតបង់ ប្រមាណជា ៣ ភាគរយនៃផលិតផលសរុបក្នុងស្រុក (GDP)។ របាយការណ៍ក៏បានបញ្ជាក់ផងដែរថា គ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ នឹងក្លាយទៅជាមូលហេតុ ដែលបណ្តាលឲ្យមានការស្លាប់លំដាប់លេខ ៧ ក្នុងពិភពលោកនាឆ្នាំ ២០៣០ ប្រសិនបើគ្មានវិធានការទ្រទ្រង់ណាមួយ ទទួលបានជោគជ័យនោះទេ។
លោក Hayes បានថ្លែងជាចុងក្រោយថា៖ “Bosch ជឿជាក់ថា មានតែសកម្មភាពរួមគ្នាទេ ដែលយើងអាចឃើញការផ្លាស់ប្តូរបាន។ យើងសូមអំពាវនាវ ឲ្យមានការពិភាក្សានិងសហការយ៉ាងសកម្ម រវាងរដ្ឋាភិបាល សមាគមន៍វិទ្យាសាស្ត្រ អង្គការក្រៅរដ្ឋាភិបាល ឧស្សាហកម្មយានយន្ត និងសាធារណជនទូទៅ ដើម្បីទាញយកអត្ថប្រយោជន៍ នៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ ដើម្បីធ្វើឲ្យផ្លូវថ្នល់មានសុវត្ថិភាព ជាងមុនសម្រាប់មនុស្សគ្រប់ៗគ្នា។ យើងទាំងអស់គ្នា មានការទទួលខុសត្រូវរួមគ្នា ក្នុងការធានាឱ្យបាននូវអាស៊ាន នាថ្ងៃអនាគតមួយដែលគ្មានគ្រោះថ្នាក់ចរាចរណ៍ ហើយ Bosch គាំទ្រយ៉ាងមត់មាំ នូវទស្សនវិស័យមួយនេះ»៕
Source: Kampuchea Thmey Daily
0 Comments