Ad Code

មួយ​ខែ​នេះ​ ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស ខេត្ត​ព្រះវិហារ ឃាត់​រថយន្ត​ធំ​បាន​ជិត​៣០០​គ្រឿង ដោយ​រក​ឃើញ​រថយន្ត​ត្រឹម​ត្រូវតែ​ជាង​៨០​គ្រឿង​ប៉ុណ្ណោះ



ព្រះវិហារ ​៖​ នៅ​ក្នុង​រយៈពេល​មួយ​ខែ​កន្លង​មក​នេះ ​ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស ខេត្ត​ព្រះវិហារ ធ្វើការ​ឃាត់​រថយន្ត​ធំៗ ដឹកទំនិញ​បាន​ចំនួន​ជិត​៣០០​គ្រឿង ហើយ ក្នុង​ចំនួន​នេះ ក្រុមការងារ​រក​ឃើញ​រថយន្ត​ត្រឹម​ត្រូវតែ​ជាង​៨០​គ្រឿង​ប៉ុណ្ណោះ។

លោក​សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ បាន​អោយ​ដឹង​ថា នៅ​ក្នុង​រយៈពេល​មួយ​ខែ​កន្លងមក ពោល​គឺ​ចាប់ពី​ថ្ងៃ​ពុធ ០២​រោច ខែ ភទ្របទ ឆ្នាំ ច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៨ ដល់​ថ្ងៃ​ ព្រហស្បតិ៍ ០១​រោច ខែ​អស្សុជ ឆ្នាំ​ច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១៨ ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស ខេត្ត​ព្រះវិហារ បាន​ធ្វើការ​ត្រួតពិនិត្យ​យានយន្ត សរុប​ចំនួន​២៨៩​គ្រឿង ក្នុងនោះ ពិនិត្យ​ឃើញ​ថា ​ត្រឹមត្រូវ​ចំនួន ៨៥​គ្រឿង​រថយន្ត​ត្រូវ​បាន​កាត់​ទ្រុង ចំនួន ០៤​គ្រឿង សំពីងសំពោង​ចំនួន ៤៦ គ្រឿង ខ្វះ​ឯកសារ​ចំនួន ១០៤ គ្រឿង ឯកសារ​ក្លែងក្លាយ​ចំនួន ០៣ គ្រឿង ដោះ​រាន​ខាងក្រោយ​ចំនួន ១៦ គ្រឿង គ្មាន​ប័ណ្ណ​បើកបរ ចំនួន ១១ នាក់ ប័ណ្ណ​បើកបរ​ក្លែងក្លាយ ចំនួន ១០ នាក់​រថយន្ត​គ្មាន​ផ្លាកលេខ​ចំនួន ១០ គ្រឿង។

គួរ​រំលឹក​ថា កាលពី ខែកុម្ភៈ ឆ្នាំ​២០១៨​កន្លង​មក​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុង​​ឱកាស​ដែរ​ អញ្ជើញ​ជា​អធិបតីភាព​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេ​មេគង្គ​ថ្មី​មួយទៀត​ត​ភ្ជាប់​ទឹកដី​នៃ​ខេត្ត​កំពង់ចាម ទៅ​កាន់​ទឹកដី​នៃ​ខេត្ត​ត្បូងឃ្មុំ សម្តេច​តេ​ជោ ហ៊ុន សែន​ដាក់​ឱសានវាទ ចាប់ពី​ម៉ោង​០០​យប់​ថ្ងៃ​ទី​៩​កុម្ភៈ តទៅ គ្មាន​វត្តមាន​ឡាន ត​ទ្រុង លើ​ដង​ផ្លូវ​ទៀត​ឡើយ ហើយ​បើ​មាននៅ​តំបន់​ណា ភូមិសាស្ត្រ​ណា ចៅហ្វាយខេត្ត និង​ក្រុង​នោះ ជា​អ្នកទទួលខុសត្រូវ។ បើ​នរណា​មក​តវ៉ា​ឬ​អ្នក​កាង ទោះជា​ឋានៈ​ណា​ក៏ដោយ ក៏​ធ្លាក់​បុណ្យ​ស័ក្តិ​ទាំងអស់ និង​បញ្ចូល​ព្រៃ​ស​តែម្តង៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu