Ad Code

UN ៖ ការចូលរួម​របស់​យុវជន និង​ការ​រីកចម្រើន​នៃ​បច្ចេកវិទ្យា គឺជា​កម្លាំង​ចលករ ក្នុងការ​អភិវឌ្ឍ​​សង្គម​ជាតិ



​ភ្នំពេញ ​៖ មិន​ខុសពី​ឆ្នាំមុនៗ ទិវា​អង្គការសហប្រជាជាតិ (UN Day) ត្រូវបាន​ប្រារព្ធ​ឡើង កាលពី​ថ្ងៃទី ២៤ ខែតុលា ឆ្នាំ​២០១៨​នេះ នៅ​អគារ​មួយ​ឈ្មោះថា Factory Phnom Penh ដែល​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ ២ ក្រោម​ប្រធានបទ “​លើកកម្ពស់​នវានុវត្តន៍​ថ្ងៃនេះ ដើម្បី​ថ្ងៃស្អែក​ឲ្យ​កាន់តែ​ប្រសើរ​” ដោយមាន​ការចូលរួម និង​ការ​ដាក់តាំង​បង្ហាញ​ពី​គម្រោង​ផ្សេង រួម​នឹង​សមិទ្ធផល​ជាច្រើន ពី​អង្គការ​ជា​ដៃគូ និង​អ្នកពាក់ព័ន្ធ ដែល​ស្ថិតនៅក្រោម​ឆ័​ត្រ របស់​អង្គការសហប្រជាជាតិ​ផងដែរ​។​

តើ​ប្រធានបទ ដែល​ដាក់ចេញ​ដោយ អង្គការសហប្រជាជាតិ “​លើកកម្ពស់​នវានុវត្តន៍​ថ្ងៃនេះ ដើម្បី​ថ្ងៃស្អែក​ឲ្យ​កាន់តែ​ប្រសើរ​” មាន​អត្ថន័យ និង​ចក្ខុវិស័យ​យ៉ាងណា​ចំពោះ​កម្ពុជា​?



លោកស្រី ផូ​លីន តា​មេ​សិស (Pauline Tamesis) ប្រធាន​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា បាន​ឲ្យ​ដឹងថា ​៖ “​ប្រធានបទ​សម្រាប់​ឆ្នាំនេះ គឺ​ការលើកកម្ពស់​នវានុវត្តន៍ ដែល​អង្គការសហប្រជាជាតិ​ចង់​សំដៅ​ទៅលើ ការស្វែងរក​ដំណោះស្រាយ​ថ្មី សម្រាប់​បញ្ហា​ចាស់ៗ ឬ​សិក្សា​ទៅលើ​បញ្ហា​ចាស់ៗ នៅក្នុង​បរិបទ​ថ្មី ដែល​អាចមាន​ជម្រើស នៃ​ដំណោះស្រាយ​ថ្មី​ផ្សេងទៀត​។ នវានុវត្តន៍ និង​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព គឺ​ចង់​ឲ្យ​ប្រជាជន​ទាំងអស់ ជាពិសេស​យុវជន​ចូលរួម​ជា​កម្លាំង ក្នុងការ​ស្វែងរក​នូវ​បញ្ហាលំបាក​នានា នៅ​ជុំវិញ​ខ្លួនឯង ដែល​បានកើត​មាននៅ​ក្នុងសង្គម មានដូចជា លុបបំបាត់​ការអត់ឃ្លាន​, លុបបំបាត់​ភាពក្រីក្រ​, ផ្ដល់​ទឹកស្អាត​ទៅដល់​មនុស្ស​គ្រប់រូប​, ផ្ដល់​សេវា​សុខភាព​, ការអប់រំ នៅក្នុង​វិធី​ថ្មី​មួយ ដែល​មិន​ធ្លាប់​បានធ្វើ​ពីមុនមក ដែល​អាច​បម្រើ​ដល់​មនុស្ស​ច្រើនជាង​មុន និង​ធ្វើ​ឲ្យ​ជីវិត​ប្រសើរ​ជាង​មុន​។​”

លោកស្រី​បន្តទៀតថា ​៖ “​តួយ៉ាង​នៅក្នុង​វិស័យ​អប់រំ តើ​យើង​អាច​ផ្ដល់នូវ​ការអប់រំ​ដ៏​ល្អ សម្រាប់​ក្មេង​នៅក្នុង​តំបន់​ដាច់ស្រយាល បាន​យ៉ាងដូចម្ដេច​? យើង​អាច​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​។ បច្ចេកវិទ្យា​ថ្មី ដែល​ប្រទេស​ជាច្រើន​បាន​អនុវត្ត​រួចមកហើយ តាមរយៈ​ការសិក្សា​ពី​ចម្ងាយ (Distance Learning – E-learning) និង​ការសិក្សា​តាម​បែប​ឌីជីថល (Digital Learning)​។ តាមរយៈ​បច្ចេកវិទ្យា​នេះ យើង​អាច​បង្ហោះ​មេរៀន​នៅ​ក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត ឲ្យ​ទៅ​លោកគ្រូ​អ្នកគ្រូ ហើយ​សិក្សា​នុ​សិស្ស អាច​ទទួល​បាន​ការសិក្សា​តាមរយៈ ថ្នាក់​អេ​ឡិច​ត្រូ​និ​ច (E-Classroom)​។ នេះ​គ្រាន់តែ​ជា​ផ្នែក​តូច​មួយ​នោះ​ទេ ហើយ​នេះ​ជា​អ្វី ដែល​កម្មវិធី​នៅ​ក្នុង​ថ្ងៃនេះ​ចង់បាន គឺថា​ស្វែងរក​ដំណោះស្រាយ​ថ្មី សម្រាប់​បញ្ហា​ចាស់ ដោយមាន​ការចូលរួម​ពី​យុវជន និង​នវានុវត្តន៍​ប្រព័ន្ធ​បច្ចេកវិទ្យា​។​”
“​ដើម្បី​សម្រេចបាន​នូវ​របៀបវារៈ ឆ្នាំ ២០៣០ សម្រាប់​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព យើង​ត្រូវ​ធានាថា សម្លេង​របស់​មនុស្ស​ទាំង​អស់ ត្រូវបាន​តំណាង​ដោយ​សេរី និង​ស្មើភាព​គ្នា​នៅក្នុង​សង្គម​។ សព្វថ្ងៃនេះ​ប្រជាជន​កម្ពុជា ៦០ ភាគរយ មាន​អាយុ​ក្រោម ៣០ ឆ្នាំ​។ ប្រជាជន​វ័យក្មេង​មាន​ចំនួន​ប្រហែល ១ ភាគ ៣ នៃ​អ្នក​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត ដែលមាន​ប្រហែល ៨ លាន​នាក់​។ កត្តា​ប្រជាសាស្ត្រ​នេះ ប្រសិនបើ​ត្រូវបាន​ប្រើប្រាស់ នឹងត្រូវ​ក្លាយទៅជា​កម្លាំង​ជំរុញ សម្រាប់​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​របស់​កម្ពុជា​” លោកស្រី ប្រធាន​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា បានលើកឡើង រួច​បន្តទៀតថា “​មាន​ការងារ​ជាច្រើន​អាចធ្វើ​បាន ដើម្បី​ធានាថា សំឡេង​របស់​យុវជន​ត្រូវបាន​តំណាង ប្រកបដោយ​អត្ថន័យ នៅក្នុង​ដំណើរការ​នៃ​ការធ្វើ​សេចក្តីសម្រេចចិត្ត​។ មាន​យុវជន​ជាច្រើន មានបំណង​លើសពី​ការចូលរួម ក្នុងការ​ជំរុញ​សេដ្ឋកិច្ចជាតិ គឺ​ពួកគេ​ចង់​ឲ្យ​សំឡេង​របស់គេ ត្រូវបាន​គេ​ឮ​នៅពេលដែល​ឈានដល់​ការសម្រេចចិត្ត ដែលមាន​ឥទ្ធិពល​ចំពោះ​ជីវិត​របស់​ពួកគេ​”​។​



តាម​ការសិក្សា​របស់ អង្គការសហប្រជាជាតិ គេ​រកឃើញថា មនុស្ស​ជំនាន់​ក្រោយ មានតម្លៃ​ចំពោះ​ការបោះឆ្នោត ដែលជា​ផ្នែក​មួយ​ដ៏​សំខាន់ នៃ​ការចូលរួម​ក្នុង​ផ្នែក​នយោបាយ ដើម្បី​បំពេញ​កាតព្វកិច្ច ជា​ពលរដ្ឋ​របស់​ពួកគេ ក្នុងការ​ជ្រើសរើស​មេដឹកនាំ ដែល​ពួកគេ​ចង់បាន​។​

“​នៅ​ប្រទេស​កម្ពុជា យុវជន​ដើរតួ​យ៉ាងសំខាន់ ក្នុងការ​ដោះស្រាយ​វិសមភាព ប៉ុន្តែ​ពួកគេ​ត្រូវការ​ការវិនិយោគ​។ ខ្ញុំ​មិនមែន​មានន័យថា ជា​ប្រាក់​កាក់​នោះទេ​។ គឺ​ពួកគេ​ត្រូវការ​អ្នក​ណែនាំ​, ទទួលបាន​ការថែទាំង​សុខភាព​, ការអប់រំ​ប្រកបដោយ​គុណភាព​, ជំនាញ​ដែលមាន​តម្រូវការ​នៅក្នុង​ទីផ្សារ​, ទទួលបាន​ការងារ​ស​មរ​ម្យ និង​កិច្ច​គាំពារ​សង្គម​។ ប៉ុន្តែ​យើង​មិនគួរ​ត្រូវ​ខ្លាច​ឧបសគ្គ​នេះ​ទេ ត្រូវ​សម្លឹង​មើលទៅ​ពួកវា និង​ចាត់ទុក​វា ថា​ជា​ឱកាស​ទៅវិញ​។ តើ​យើង​អាច​ប្រើប្រាស់ បច្ចេកវិជ្ជា​ថ្មីៗ​យ៉ាងដូចម្ដេច ដើម្បី​លើក​កម្ពស់​សំឡេង​របស់​យុវជន ដើម្បី​ធានាអោយមាន​ការចូលរួម​ដោយ​ស្មើភាព​គ្នា និង​បង្កើន​ជីវភាព​រស់នៅ​របស់​ពួកគេ​?” លោកស្រី ផូ​លីន បញ្ជាក់ និង​បន្ថែមទៀតថា “​រាជរដ្ឋាភិបាល​កម្ពុជា ដឹង​អំពី​ការរំខាន​ដែល​ជិត​មកដល់​នេះ ហើយ​បាន​ប្តេជ្ញា​ចាត់វិធានការ​ចំពោះ​បញ្ហា​នេះ ដោយបាន​ចាប់ផ្តើម​រួចទៅហើយ ជាមួយ​គំនិត​ផ្ដួចផ្ដើម​ដ៏​គួរឱ្យ​គោត​សរសើរ​។ ឧទាហរណ៍ អង្គការសហប្រជាជាតិ រួមជាមួយ​រាជរដ្ឋាភិបាល បាន​បង្កើត​គំនិត​ផ្តួចផ្តើម​នូវ​កម្មវិធី​អក្ខរកម្ម​ពិសេស​មួយ សម្រាប់​កម្មករ​កម្មការិនី​រោងចក្រ ដែលជា​ទូទៅ​គេ​ហៅថា កម្មវិធី​អក្ខរកម្ម​រោងចក្រ​។ អង្គការសហប្រជាជាតិ ក៏​កំពុងធ្វើការ​ជាមួយ​យុវជន និង​យុវនារី ទាំង​នៅ​សាលារៀន និង​ក្រៅ​សាលារៀន ដើម្បី​ផ្តល់ឱ្យ​ពួកគេ​នូវ​ជំនាញ​អាជីវកម្ម និង​សហគ្រិនភាព​។​ដើម្បី​សម្រេចបាន​នូវ​របៀបវារៈ ឆ្នាំ ២០៣០ សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​សម្រាប់​ពិភពលោក ឲ្យ​កាន់​តែមាន​សន្តិភាព​, ស្ថេរភាព និង​វិបុលភាព យើង​ត្រូវការ​មនុស្ស​វ័យក្មេង​ដើម្បី​ដឹកនាំ​។ សូម​ចូលរួម នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​យើង ដើម្បី​បញ្ចេញ​សមត្ថភាព​របស់​យុវវ័យ​”៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu