Ad Code

ក្រសួង​ការងារ​ចាប់ផ្ដើម​បើក​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​ឆ្នាំ​២០១៨​ជា​ផ្លូវការ​



ភ្នំពេញ ៖ ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​(GMAC)​ បាន​រៀបចំ​មហា​ព្រឹត្តិការណ៍​ការងារ​ដ៏​ធំ​ប្រចាំ​ឆ្នាំ​គឺ "​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​ឆ្នាំ​២០១៨"​រយៈពេល​ពីរ​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃ​ទី​២៧ និង​២៨ ខែ​តុលា ឆ្នាំ​២០១៨ ដោយ​នាំមក​នូវ​ឱកាស​ការងារ​គ្រប់​ប្រភេទ​ប្រមាណ​២​ម៉ឺន​មុខតំណែង​តាមរយៈ​ក្រុមហ៊ុន​សហគ្រាស​ធំៗ ១៥៦ ក្នុង​បញ្ជរ​សរុប​ចំនួន​៣០០ នៅ​អគារ​ពិព័រណ៍​កោះ​ពេជ្រ។

ថ្លែង​ក្នុង​ពិធី​បើក​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​កាលពី​ព្រឹក​ថ្ងៃ​ទី ២៧ ខែ​តុលា ឆ្នាំ​២០១៨ លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​បណ្ដុះបណ្ដាល​បាន​មានប្រសាសន៍ថា ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​ក្នុង​ឆ្នាំ​២០១៨​នេះ ជាម​ហា​ព្រឹត្តិការណ៍​ការងារ​ដែល​ធំជាងគេ​ប្រចាំឆ្នាំ និង​បាន​ទាក់ទាញ​យុវជន និង​អ្នក​ស្វែងរក​ការងារ​យ៉ាង​ច្រើន​កុះករ​ចូលរួម​ដាក់ពាក្យ​ស្វែងរក​ការងារ និង​ស្វែងយល់​អំពី​ទីផ្សារ​ការងារ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ពិសេស​មានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​និង​ចូលរួម​តាំង​បង្ហាញ​ពី​សំណាក់​ក្រុមហ៊ុន​-​សហគ្រាស​នានា​។

លោក​បណ្ឌិត​រដ្ឋមន្ត្រី​បាន​បន្ត​ថា​ ជាក់ស្ដែង​មាន​ក្រុមហ៊ុន​-​សហគ្រាស​ធំៗ​ចំនួន​១៥៦​នៅ​ក្នុង​វិស័យ​សំខាន់ៗ​ដូចជា ​៖ ធនាគារ​ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​, សំណង់​, សណ្ឋាគារ​និង​បដិសណ្ឋារកិច្ច​, ទូរគម​នា​គមន៍​, ការអប់រំ​ និង​បណ្ដុះបណ្ដាល​បច្ចេកទេស​វិជ្ជាជីវៈ​, កម្មន្តសាល និង​ភ្នាក់ងារ​ជ្រើសរើស​ឯកជន​បាន​ចូលរួម​យ៉ាងសកម្ម​ហើយ​យុវជន​សិស្ស​-​និស្សិត និង​អ្នក​ស្វែងរក​ការងារ​ទាំងអស់​មានឱកាស​ទទួល​បាន​ការងារ​ធ្វើ​ភ្លាមៗ​, ការ​ប្រឹក្សា​យោបល់​អំពី​អាជីព​, វិធីសាស្ត្រ​ជោគជ័យ​ក្នុង​ការ​ដាក់ពាក្យ​ស្វែងរក​ការងារ​, ការ​ត្រៀម​លក្ខណៈ​ចូល​ទីផ្សារ​ការងារ និង​វេទិកា​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​ដោយ​វាគ្មិន​ល្បីៗ​ដែល​ទទួលបាន​ជោគជ័យ​ក្នុង​អាជីព និង​ទីផ្សារការងារ​។ ពិព័រណ៍​ដ៏​ធំ​នេះ ត្រូវ​បាន​រំពឹងថា ​មាន​អ្នកចូលរួម​ទស្សនា​ប្រមាណ​៣​ម៉ឺន​នាក់​ ដែល​ភាគច្រើន​ជា​សិស្ស​-​និស្សិត យុវជន អ្នក​ស្វែង​រក​ការងារ និង​កម្មករ​និយោជិក​ពី​គ្រប់​វិស័យ​។

ដូច្នេះ​ដើម្បី​ទទួល​បាន​ឱកាស​ការងារ និង​ការ​យល់ដឹង​អំពី​ការ​បង្កើន​ផលិតភាព​សូម​យុវជន សិស្ស​-​និស្សិត​អ្នក​ស្វែងរក​ការងារ​ធ្វើ និង​កម្មករ​និយោជិក​ទាំងអស់​ចូលរួម​ទស្សនា និង​កុំ​ភ្លេច​យក​ប្រវត្តិរូប​សង្ខេប (CV) មក​ជា​មួយ​ដើម្បី​ដាក់ពាក្យ​ស្នើសុំ​ការងារ​ដោយ​ផ្ទាល់​ជាមួយ​និយោជក​ដែល​កំពុង​ត្រូវការ​ជ្រើស​រើស​កម្លាំង​ពលកម្ម​។

លោក​បណ្ឌិត​រដ្ឋមន្ត្រី​បាន​បន្ថែមទៀតថា​ ពិព័រណ៍​នេះ ក៏​នឹង​រៀបចំ​ផងដែរ​នូវ​សិក្ខាសាលា​រយៈពេល​ពីរ​ថ្ងៃ​ស្ដីពី​ផលិតភាព​ដើម្បី​ចូលរួម​លើកកម្ពស់​ការ​យល់ដឹង​ពី​ផលិតភាព ការ​បង្ហាញ​អំពី​វិធីសាស្ត្រ​បំពេញ​ការងារ គំនិត​ច្នៃប្រឌិត​ថ្មី ជំនាញ​និង​ឧបករណ៍​បច្ចេកវិទ្យា​ស្របតាម​ការវិវត្តន៍ ​នៃ​បច្ចេកវិទ្យា​ក្នុង​យុគ​សម័យ​ឧស្សាហកម្ម​ទី​៤ ដែល​ពឹងផ្អែក​ជា​ចម្បង​លើ​ប្រព័ន្ធ​ឌីជីថល​ដោយមាន​ការចូលរួម​ពី​សំណាក់​វាគ្មិន​ជាតិ​អន្តរជាតិ​ល្បីៗ​។ លើសពីនេះ អ្នកចូលរួម​ទាំងអស់​នឹង​ទទួលបាន​នូវ​ឱកាស​ដ៏​កម្រ​ក្នុងការ​បង្កើត​បណ្ដាញ​ទំនាក់ទំនង​ជាមួយ​អ្នក​ជំនាញ​ធនធានមនុស្ស​, អ្នក​ផ្តល់​ការអប់រំ​បណ្ដុះបណ្ដាល និង​ធុរជន​សំខាន់ៗ​។

លោក​បណ្ឌិត​ អ៊ិត ​សំហេង​ បាន​បញ្ជាក់​ថា​ រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ នឹង​បន្ត​ខិតខំ​បង្កើត​ការងារ​ថ្មី​ល្អ​កាន់តែច្រើន និង​រក្សា​ការងារ​ដែលមាន​ស្រាប់ ដើម្បី​ជួយ​ឲ្យ​ប្រជាជន​យើង​កាន់​តែ​មាន​ការងារ មុខរបរ អាជីព ការ​គាំពារ​សង្គម និង​ជីវភាព​កាន់តែ​ប្រសើរ ឆ្លើយ​តប​ទៅ​នឹង​សេចក្តីប្រាថ្នា​កាន់តែ​ខ្ពស់​របស់​ខ្លួន​៕







Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu