បាត់ដំបង ៖ រូបសំណាក ឥន្ទ្រទេវី ដែលបានកសាងឡើង ក្នុងអំឡុងឆ្នាំ២០១០ដើម្បីទុកសម្រាប់ជាទីសក្ការៈ និងដើម្បីអោយក្មេងជំនាន់ក្រោយបានស្គាល់នោះ ត្រូវបានជនអនាមិក ធ្វើការគូសវាស និងផាត់ពណ៌ក្រវេមក្រវាមពេញផ្ទៃមុខ ដោយគ្មាននរណាម្នាក់ ចេញមុខទទួលខុសត្រូវឡើយ។
គួរបញ្ជាក់ដែរថា រូបសំណាក ឥន្ទ្រទេវី ត្រូវបានកសាងឡើង ដោយលោកឧកញ៉ា សេង សាវី និងលោកស្រី ងួន រ៉ានី ដែលមាទីតាំងស្ថិតនៅលើសួនសម្តេច ស ខេង នៅត្រើយខាងកើតស្ទឹង កណ្តាលក្រុងបាត់ដំបង និងមានរយៈពេលប្រមាណជា ៨ ឆ្នាំ មកហើយ។
ការកសាងរូបសំណាកនានា តាមសួនសាធារណៈ គឺគេចង់បង្ហាញអោយភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានឃើញអំពីបុព្វបុរស សម័យបុរាណ ដែលខ្មែរគ្រប់រូបតែងតែនាំគ្នាគោរពបូជា និងទុកជាទីសក្ការៈ ផងដែរ ពិសេសគឺចង់អោយក្មេងជំនាន់ក្រោយបានស្គាល់។
ផ្ទុយទៅវិញរូបសំណាកនេះ ត្រូវបានជនអគតិ ឬក៏ជនអនាមិក ធ្វើការគូសវាសផាត់ពណ៌ ពេញលើផ្ទៃមុខ ធ្វើអោយរូបសំណាក មានសភាព កខ្វក់ និងអាក្រក់មើលជាទីបំផុត ដែលមើលទៅមិនសមជារូបសំណាកដែលត្រូវបានជនគ្រប់រូបគោរពបូជាសោះឡើយ។
ទន្ទឹមនឹងការគូសវាសបែបនេះដែរ គេមិនបានឃើញខាងអាជ្ញាធរ ឬក៏សមត្ថកិច្ចចុះពិនិត្យ និងទប់ស្កាត់អោយបាន នូវការគូសវាសយ៉ាងអនាធិបតេយ្យនេះឡើយ ដែលធ្វើអោយរូបសំណាកទាំងនេះ ស្ថិតនៅក្រោមក្រសែភ្នែកភ្ញៀវទេសចរទូទៅ ដែលបានធ្វើដំណើរឆ្លងកាត់ទីនេះ។
បច្ចុប្បន្នទាំងប្រភពមួយចំនួន ក៏ដូចជាមនុស្សម្នាដែលបានធ្វើដំណើរទៅហាត់ប្រាណ នៅលើសួនសម្តេច ស ខេង បាន និង កំពុងរង់ចាំមើលថាតើអាជ្ញាធរក្រុង និងសមត្ថកិច្ចក្រុង បានវិធានការបែបណា ហើយពេលណាទើបគេចាត់កម្លាំងទៅលុបលាងភាពកខ្វក់ទាំងនេះចេញ ?
Source: Kampuchea Thmey Daily
0 Comments