ប្រទេសម៉ិកស៊ិកកាលពីថ្ងៃសុក្រ បានផ្តល់ឯកសារអត្តសញ្ញាណបណ្ដោះអាសន្ន និងការងារដល់ជនអន្តោប្រវេសន៍ដែលបានចុះឈ្មោះសុំសិទ្ធិជ្រកកោននៅក្នុងប្រទេស ដែលនេះជាការបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់ការធ្វើដំណើរជាក្បួនរបស់ជនជាតិអាមេរិកកណ្តាលឆ្ពោះទៅកាន់សហរដ្ឋអាមេរិក។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានគំរាមបិទព្រំដែនអាមេរិក-ម៉ិកស៊ិកនិងកាត់ជំនួយទៅប្រទេសនៅតំបន់អាមេរិកកណ្តាលដើម្បីព្យាយាមបញ្ឈប់ក្បួនមនុស្សរាប់ពាន់នាក់។ ក្រុមមន្ត្រីអាមេរិកបាននិយាយថា ទាហានរហូតដល់ទៅ១,០០០នាក់អាចត្រូវបានបញ្ជូនទៅព្រំដែនភាគខាងត្បូងរបស់សហរដ្ឋអាមេរិកដើម្បីរារាំងជនចំណាកស្រុកមិនឲ្យឆ្លងកាត់។
ដោយសំដៅដល់ក្បួននេះ ប្រធានាធិបតីម៉ិកស៊ិកលោក Enrique Pena Nieto បាននិយាយថា ជនអន្តោប្រវេសន៍ដែលចង់បានឯកសារអត្តសញ្ញាណបណ្ដោះអាសន្ន ការងារឬការអប់រំសម្រាប់កូនៗរបស់ពួកគេអាចធ្វើបានដោយការចុះឈ្មោះសុំសិទ្ធិជ្រកកោននៅភាគខាងត្បូងប្រទេសម៉ិកស៊ិក។
លោក Pena Nieto បាននិយាយកាលពីរសៀលថ្ងៃសុក្រថា “ផែនការនេះគឺសម្រាប់តែអ្នកដែលគោរពតាមច្បាប់ម៉ិកស៊ិកប៉ុណ្ណោះហើយវាជាជំហានដំបូងឆ្ពោះទៅរកដំណោះស្រាយអចិន្ត្រៃយ៍សម្រាប់អ្នកដែលទទួលបានឋានៈជាជនភៀសខ្លួននៅក្នុងប្រទេសម៉ិកស៊ិក”។
លោក Pena Nieto បាននិយាយថា ដើម្បីមានលក្ខណៈគ្រប់គ្រាន់សម្រាប់គម្រោងដែលគាត់ហៅថា “Estas en Tu Casa” នេះ ជនអន្តោប្រវេសន៍ត្រូវតែស្ថិតនៅក្នុងរដ្ឋភាគខាងត្បូងនៃ Chiapas និង Oaxaca។
លោក Pena Nieto ដែលនឹងត្រូវចាកចេញពីតំណែងនៅថ្ងៃទី៣០ខែវិច្ឆិកាបានឲ្យដឹងទៀតថា ការងារបណ្តោះអាសន្ននៅតាមបណ្តារដ្ឋនានានឹងត្រូវបានពង្រីកបន្ថែមទៀតដើម្បីផ្តល់អត្ថប្រយោជន៍ដល់ជនជាតិម៉ិកស៊ិក។
មន្ត្រីម៉ិកស៊ិកបាននិយាយថា ជនអន្តោប្រវេសន៍ទាំងឡាយណាដែលមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ឋានៈជនភៀសខ្លួនគឺអាចប្រឈមនឹងការនិរទេស។
រដ្ឋាភិបាលម៉ិកស៊ិកបាននិយាយថា មនុស្សជាង១,៧០០នាក់នៅក្នុងក្បួនចំណាកស្រុកបានចុះឈ្មោះសុំសិទ្ធិជ្រកកោនខណៈដែលអ្នកផ្សេងទៀតបានត្រឡប់ទៅផ្ទះវិញ៕ REUTERS
Source: Kampuchea Thmey Daily
0 Comments