ភ្នំពេញ ៖ ក្រុមហ៊ុន អភិវឌ្ឍន៍បច្ចេកវិទ្យាកសិកម្មអូស្ត្រាលី បេឡាអភិវឌ្ឍន៍កសិកម្មស្វីស និង បេឡាពាណិជ្ជកម្មអាស៊ី កាលពីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨នេះ បានបើកជំនួបពាណិជ្ជកម្មមួយនៅសណ្ឋាគារណាហ្គាវើលដ៍រាជធានីភ្នំពេញ ដើម្បីពិភាក្សាគ្នា ស្តីពីការបង្កើតរូបិយប័ណ្ណឌីជីថលសម្រាប់យកទៅប្រើប្រាស់នៅវិស័យនានា។
ការបង្កើតរូបិយប័ណ្ណឌីជីថលនេះក៏មានក្រុមហ៊ុនឧបត្ថម្ភផ្នែកទីផ្សារមួយចំនួនផងដែរក្នុងនោះរួមមានក្រុមហ៊ុនអុបប៉ូ ក្រុមហ៊ុនអាកាសចរណ៍ Shenzhen និងក្រុមហ៊ុន Expedia។
លោក Edward Miller ប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន One Financial Corporation បានឲ្យដឹងថាជំនួបពាណិជ្ជកម្មនៅកម្ពុជានេះ ជាជំហានឆ្ពោះទៅរករូបិយប័ណ្ណឌីជីថល One Agriculture Coin ដែលផ្តល់ជូននូវមុខងារជាច្រើនដើម្បីបង្កើនតម្លៃរបស់ខ្លួននៅក្នុងទីផ្សារ។
លោកបានបន្តថា One Agriculture Coin នឹងក្លាយជារូបិយប័ណ្ណ រួមមួយនិងជាទ្រព្យសកម្មមួយ នៃ វិស័យហិរញ្ញវត្ថុទៅពេលអនាគត។
លោកបានឲ្យដឹងទៀតថា One Financial Corporation បានបង្កើតតម្លៃសាជីវកម្មរបស់ខ្លួនតាមរយៈការផ្តល់មូលនិធិនានា ពីវិនិយោគិនជាច្រើន និង វិនិយោគឡើងវិញទៅលើការអភិវឌ្ឍន៍កសិកម្ម ដែលមានការទិញដីធ្លី ការបង្កើនម៉ាកផលិតផល បច្ចេកវិជ្ជាកសិកម្មថ្មីៗ និងផ្នែកផ្សេងៗទៀតជាច្រើន។
នៅឆ្នាំ២០១៦ វិនិយោគិនដែលជាដៃគូ បាននាំយកម្រេចកំពតនៃប្រទេសកម្ពុជាទៅលើទីផ្សារ ហើយក៏បានចាប់ឱកាសដ៏ពិសេសនេះ ដើម្បីក្លាយជាតួអង្គដ៏ធំបំផុត និង មានសក្ដានុពលខ្ពស់។
បន្ទាប់មក ពួកគាត់បានណែនាំបច្ចេកវិទ្យាកសិកម្មរបស់ខ្លួន ទៅក្នុងកសិដ្ឋាន ដាំម្រេចជាច្រើន និងបន្តដំណើរទៅមុខទៀត ដើម្បីរួមបញ្ចូលដំណើរការនៃការដាំដុះ ការកែច្នៃ ការវេចខ្ចប់ ការចែកចាយនិងការនាំចេញជាដើម។
គួរបញ្ជាក់ថា រូបិយប័ណ្ណ One Agriculture Coinនេះ នឹងអាចប្រើប្រាស់នៅក្នុងវិស័យកាស៊ីណូដែលបង្កើតភាពជាដៃគូជាមួយកាស៊ីណូជាច្រើននៅអាស៊ី និង បង្កើតការផ្លាស់ប្ដូរសាច់ប្រាក់។
ចំណែកវិស័យទេសចរណ៍ អាចប្រើប្រាស់វាជាថ្នូរនឹងសំបុត្រយន្តហោះ ថ្លៃសណ្ឋាគារ និង ដៃគូបដិសណ្ឋាកិច្ចផ្សេងទៀតជាច្រើន និងប្រើប្រាស់ក្នុងវិស័យIPO-ICO Exchange៕
Source: Kampuchea Thmey Daily
0 Comments