Ad Code

ចិន​ត្រៀម​បណ្តេញ​អតីត​ប្រធាន​ប៉ូលិស Interpol ពី​ស្ថាប័ន​ពិគ្រោះ​យោបល់



ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ បាន​រាយការណ៍​ថា ប្រទេស​ចិន​ នឹង​បណ្តេញ​អតីត​ប្រធាន​ប៉ូលិស Interpol លោក Meng Hongwei ចេញពី​មុខតំណែង​ខ្ពស់​មួយ​ បន្ទាប់ពី​រដ្ឋាភិបាល​ចិន​បាន​ដាក់​ឲ្យ​គាត់​ស្ថិតក្រោម​ការស៊ើបអង្កេត​ពាក់ព័ន្ធ​ការស៊ីសំណូក​និង​ការរំលោភបំពាន​ផ្សេងទៀត។

ក្រោម​ការដឹកនាំ​របស់​លោក​ប្រធានាធិបតី Xi Jinping, ប្រទេស​ចិន​បានចាប់ផ្តើម​ធ្វើការ​បង្ក្រាប​យ៉ាង​ពេញទំហឹង​ទៅលើ​អំពើពុករលួយ​។​

កាលពី​ដើមខែ​នេះ ប៉ូលិស Interpol ដែលជា​ស្ថាប័ន​ប៉ូលិស​ពិភពលោក​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង​បាន​និយាយថា លោក Meng បាន​លាលែង​ពី​តំណែង​ជា​ប្រធាន​របស់ខ្លួន​បន្ទាប់ពី​អាជ្ញាធរ​បារាំង​និយាយថា មន្ត្រី​ចិន​រូបនេះ​ត្រូវបាន​ភរិយា​របស់គាត់​រាយការណ៍​ថា បាន​បាត់​ខ្លួន​ក្រោយពេល​គាត់​ធ្វើដំណើរ​ទៅ​ប្រទេស​កំណើត​របស់គាត់​។​

ទោះបីជា​យ៉ាងណាក៏ដោយ វា​មិន​ច្បាស់​ទេ​អំពី​កន្លែង​ដែល​លោក Meng ត្រូវបាន​ឃុំខ្លួន​ហើយ​គេ​មិនអាច​ទាក់ទង​ទៅ​គាត់​ដើម្បី​សុំ​ការបំភ្លឺ​បានទេ​។ វា​ក៏​មិន​ច្បាស់​ផងដែរ​ថា​តើ​គាត់​ត្រូវបាន​គេ​អនុញ្ញាត​ឲ្យ​រក្សា​តំណាង​ផ្នែក​ច្បាប់​ដែរឬទេ​។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​និយាយ​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ថា នៅក្នុង​ទង្វើ​ចុងក្រោយ​បំផុត​ដោយ​រដ្ឋាភិបាល​ចិន​ប្រឆាំងនឹង​លោក Meng, ស្ថាប័ន​នយោបាយ Chinese People's Political Consultative Conference ដែល​ផ្តល់​ដំបូន្មាន​ដល់​សភា​បើទោះបីជា​មិនមាន​អំណាចនីតិប្បញ្ញត្តិ​ក៏ដោយ​នោះ​គឺ​បាន​សម្រេចចិត្ត​បណ្តេញ​លោក​ចេញពី​ស្ថាប័ន​នេះ​។​

ទីភ្នាក់ងារសារព័ត៌មាន​ស៊ីន​ហួ​បាន​រាយការណ៍​ថា ការសម្រេច​នេះ​នៅតែ​ត្រូវការ​ការយល់ព្រម​ជា​ផ្លូវការ​ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​ស្ថាប័ន​នេះ​។​

លោក Meng ធ្លាប់ជា​សមាជិក​នៃ​គណៈកម្មាធិការ​កិច្ចការបរទេស​របស់​ស្ថាប័ន​នេះ​។​
​គួរ​បញ្ជាក់ថា លោក Meng អាយុ​៦៤​ឆ្នាំ​និង​ជា​អនុ​រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​សាធារណៈ​គឺ​បាន​ក្លាយជា​ប្រធាន​ភ្នាក់ងារ​សហប្រតិបត្តិកា​រ​ប៉ូលិស​ពិភពលោក​នៅ​ចុងឆ្នាំ​២០១៦​ចំពេល​មាន​កិច្ចខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្លា​របស់​ប្រទេស​ចិន​ដើម្បី​ទទួលបាន​តំណែង​ដឹកនាំ​នៅក្នុង​អង្គការ​អន្តរជាតិ​៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu