Ad Code

រដ្ឋាភិបាល​ស្វីស​ ប្រកាស​បន្ត​ផ្ដល់​ថវិកា​១២​លាន​ដុល្លារ ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​



ភ្នំពេញ ៖ រាជរដ្ឋាភិបាល​ស្វី​ស​បានប្រកាស​ផ្ដល់ជំនួយ​ចំនួន​១២​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ដ​ល់​កម្ពុជា ដើម្បី​ជួយ​ទ្រទ្រង់​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​រយៈពេល​៣​ឆ្នាំ​ គឺ​ចាប់ពី​ឆ្នាំ​២០១៩​ ដល់​ឆ្នាំ​២០២១​ខាងមុខនេះ​។​

ការប្រកាស​ផ្តល់ជំនួយ​របស់​រដ្ឋាភិបាល​ស្វី​ស​នេះ​បាន​ធ្វើឡើង​ខណៈ​ដែល​លោក Ivo Siebber ឯកអគ្គ​រដ្ឋទូត​ស្វី​ស​ប្រចាំ​កម្ពុជា​ចូល​ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នៅ​ទីស្ដីការ​ក្រសួង​។​

លោក Ivo Siebber បាន​ថ្លែង​ឲ្យ​ដឹងថា «​នៅ​រយៈពេល​៣​ឆ្នាំ​ខាងមុខនេះ ពោល​ចាប់ពី​ឆ្នាំ​២០១៩-២០២១ រដ្ឋាភិបាល​នៃ​ប្រទេស​ស្វី​ស នឹង​បន្ត​ផ្ដល់​ថវិកា​ប្រមាណ​១២​លាន​ដុល្លារ សម្រាប់​បន្ដ​ដំណើរ​ការ​មន្ទីរពេទ្យ​គន្ធបុប្ផា​។​

លោក Ivo Siebber ក៏បាន​កោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួងសុខាភិបាល ដែល​បាន​ខិតខំ​ពង្រឹង​គុណភាព​ នៃ​មន្ទីរ​ឲ្យ​ដំណើរការ​ដោយ​រលូន និង​មិន​មាន​បញ្ហា​ណាមួយ​កើតឡើង​។​

លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​គាំទ្រ​របស់​រដ្ឋាភិបាល​ស្វី​ស ព្រម​ទាំង​ថ្លែងអំណរគុណ ចំពោះ​កិច្ច​សហ​ប្រតិបត្តិការ ដែល​ភាគី​ទាំង​២​រួមដៃគ្នា​ធ្វើឡើង រហូត​សម្រេច​ជោគជ័យ​ជា​បន្តបន្ទាប់​។​

លោក​រដ្ឋមន្ត្រី បាន​ប្ដេជ្ញា​ចិត្ត​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់ និង​ថែរក្សា​សុខភាព​របស់​កុមារ​កម្ពុជា​ទូទៅ​ឲ្យ​បាន​ល្អ​បំផុត និង​បាន​បង្ហាញ​ពី​អារម្មណ៍​ក្ដុកក្ដួល និង​សោកស្ដាយ ចំពោះ​ការបាត់បង់​វីរបុរស​កុមារ​កម្ពុជា​លោក Beat Richner ស្ថាបនិក ​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​លោក​បាន​ធ្វើ​មរណភាព​កាល​ពី​ពេល​កន្លងទៅ​។​

លោក​បន្ដថា ក្រសួងសុខាភិបាល និង​មន្ទីរពេទ្យ​គន្ធបុប្ផា បាន​កាន់​មរណទុក្ខ​របស់​លោក Beat Richner ដើម្បី​សំដែង​ការ​ដឹងគុណ​ចំពោះ​ការ​លះបង់​ដ៏​ធំធេង​របស់​លោក​ចំពោះ​កុមារ​កម្ពុជា​នាកាល​កន្លង​មក​។​

ក្នុង​នោះ​ លោក Ivo Siebber បាន​ស្នើ​សូម​ឲ្យ​ក្រសួងសុខាភិបាល រៀបចំ​ឯកសារ ឬ​ប្រតិបត្តិការ​នានា​ដែល​មន្ទីរពេទ្យ​បាន​កកើត​ឡើង​ក្នុង​ប្រទេស​កម្ពុជា ក្រោម​ការ​ខិតខំ​ប្រឹងប្រែង​របស់​លោក Beat Richner ដើម្បី​ទុកជា​ឯកសារយោង នៃ​ការ​បើក​ដំណើរការ​មន្ទីរពេទ្យ​គន្ធបុប្ផា​។​

ជាការ​ឆ្លើយតប​លោក​រដ្ឋមន្ត្រី​ជម្រាប​ជូន​លោក​ឯកអគ្គរដ្ឋទូត​ស្វី​ស​ថា រាជរដ្ឋាភិបាល​កម្ពុជា​កន្លងមក បាន​បង្កើត​គណៈកម្មការ ​ដែល​ដឹកនាំ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រមទាំង​មានការ​ចូលរួម ពី​ភាគី​មន្ទីរពេទ្យ​គន្ធបុប្ផា ធ្លាប់បាន​ពិភាក្សាគ្នា​លើ​កិច្ចការ​នេះ​ម្ដងមកហើយ​។

ចំពោះ​កិច្ចការ​នេះ​ក្រសួងសុខាភិបាល និង​ជម្រាបជូន​ដល់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​សូម​ឲ្យ​ភាគី​ស្វី​ស​អញ្ជើញ​ចូលរួម​ពិភាក្សា ដើម្បី​ស្វែងរក​ចំណុច​រួមគ្នា ក្នុងការ​ដាក់ចេញ​គោលការណ៍​នេះ​។​

ក្នុងនោះ​ភាគី​ស្វី​ស បាន​សន្យា​ផ្ដល់ជំនួយ​ខាង​បច្ចេកទេស ដល់​ក្រសួងសុខាភិបាល និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា ប្រសិនបើ​មាន​តម្រូវការ​។​

លោក​វេជ្ជបណ្ឌិត ហេង សុ​ទ្ធី​ អនុប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា​បាន មានប្រសាសន៍ថា រដ្ឋាភិបាល​ស្វី​ស​បាន​ផ្ដល់​ថវិកា​ចំនួន​១២​លាន​ដុល្លារ រយៈពេល​៣​ឆ្នាំ ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​បន្ត​ដំណើរ​ការ​ទៀត​។

លោក​បន្តថា ទោះបីជា​បច្ចុប្បន្ននេះ មន្ទីរពេទ្យ​នៅតែ​ដំណើរការ​ធម្មតា​ដោយ​មានការ​ឧបត្ថម្ភ​ពី​គ្រប់​មជ្ឈដ្ឋាន​ក៏ដោយ ប៉ុន្តែ​លោក​នៅតែ​បារម្ភ ខណៈ​រាល់ថ្ងៃ​ឪពុកម្ដាយ កុមារ​កម្ពុជា​ជាច្រើន​បាន​មក​រក​សេវា​ការព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​នេះ​កាន់តែ​កើន​ឡើង​ជាង​មុន​។​

លោក​បាន​បន្ថែម​ទៀត​ថា ​«​មន្ទីរពេទ្យ​គន្ធបុប្ផា​ជួយ​ព្យាបាល​កុមារ​ដែល​ឈឺ​ប្រហែលជា​៨០​% នៃ​កុមារ​ដែល​ឈឺ​នៅ​ទូទាំង​ប្រទេស​។ ដូច្នេះ ទំហំ​ នៃ​ការព្យាបាល​ធំ​ណាស់ ហើយ​មន្ទីរពេទ្យ យើង​ជា​មន្ទីរពេទ្យ​ដែល​អត់​បង់ប្រាក់​ហើយ​ប្រកបដោយ​គុណភាព ហើយ​សាធារណជន ក៏ដូចជា​រដ្ឋាភិបាល​លោក​ទទួលស្គាល់​នៅ​ចំណុច​ទាំងអស់នេះ​។ ដូច្នេះ ដើម្បី​ឲ្យ​ដំណើរ​បាន មន្ទីរពេទ្យ​នៅតែ​ត្រូវការ​ការ​គាំទ្រ​ទាំង​ចិត្តគំនិត ស្មារតី ក៏ដូចជា ថវិកា​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ ដូច្នេះ​រាល់​ថវិកា ក៏​ដូច​អំណោយ​សប្បុរសជន​ទាំងអស់ ​គឺ​មាន​អត្ថន័យ​ណាស់​សម្រាប់​ជួយ​កុមារ​កម្ពុជា​»​

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា កុមារ​ដែល​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរ​គន្ធបុប្ផា​ទាំង​នៅ​ភ្នំពេញ និង​សៀមរាប​មាន​ជាង​២៥០០​នាក់ ហើយ​សម្រាប់​ជំងឺ​ដែល​មក​បើក​ថ្នាំ​ប្រហែល​៣០០០ ទៅ​៣៥០០ នាក់​ក្នុង​មួយថ្ងៃ​។​

គួរ​បញ្ជាក់​ថា​ ចាប់តាំងពី​ឆ្នាំ​១៩៩២​មក ទឹកប្រាក់​ជាង​៧០០​លាន​ដុល្លារ​បាន​ចំណាយ​លើ​មន្ទីរពេទ្យ​គន្ធបុប្ផា ជាមួយនឹង​ការព្យាបាល​កុមារ ១,៧​លាន​នាក់ និង​ការពិគ្រោះ​យោបល់​ចំនួន​១៣,៥​លាន​ករណី​។​

មន្ទីរពេទ្យ​គន្ធបុប្ផា​ត្រូវ​បាន​សាងសង់​ឡើង​ដោយ​លោក​វេជ្ជបណ្ឌិត Beat Richner ដែលជា​ជនជាតិ​ស្វី​ស​។ ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា​លោក​វេជ្ជបណ្ឌិត បេ​អាត រី​ច្នឺ (Beat Richner) បាន​លាលែង​តំណែង​របស់​លោក​ពី​ប្រធាន​គ្រប់គ្រង​មន្ទីរពេទ្យ កាលពី​ឆ្នាំ​២០១៧ បន្ទាប់ពី​លោក​មាន​ជំងឺ​ធ្ងន់ធ្ងរ​។

លោក​វេជ្ជបណ្ឌិត បេ​អាត រី​ច្នឺ (Beat Richner) បានទទួល​មរណភាព កាលពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា នៅ​ប្រទេស​ស្វី​ស​ដោយ​ជំងឺ ក្នុង​ជន្មាយុ​៧១​ឆ្នាំ​៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu