Ad Code

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា គ្រោង​រៀបចំ​ព្រឹត្តិការណ៍ “៤០​គីឡូម៉ែត្រ​ទៅកាន់​ប្រវត្តិសាស្ត្រ​” រយៈពេល​៣​ថ្ងៃ នៅ​ភាគ​ឦសាន​ប្រទេស



ភ្នំពេញ​ ៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា គ្រោង​រៀបចំ​ព្រឹត្តិការណ៍ “៤០​គីឡូម៉ែត្រ​ទៅកាន់​ប្រវត្តិសាស្ត្រ​” រយៈពេល​៣​ថ្ងៃ នៅក្នុង​បរិវេណ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ និង​ស្រុក​ស្នួល ខេត្តក្រចេះ ក្នុង​បំណង​ផ្ដល់​ឲ្យ​យុវជន​ចេះ​រួបរួម​គ្នា​ក្នុង​គ្រា​លំបាក គ្រា​សុខសាន្ត និង​ស្វែងយល់​ពី​កម្រិត​សមត្ថភាព​របស់ខ្លួន ក៏ដូចជា​កម្រិត​នៃ​ការ​តស៊ូ ភាព​អត់ធ្មត់ និង​សមត្ថភាព​ដោះស្រាយ​បញ្ហា​ជាក់ស្តែង រួម​ជា​មួយ​ការ​ស្វែង​យល់​បន្ថែម​ពី​ប្រវត្តិសាស្ត្រ តាមរយៈ​ការ​ធ្វើដំណើរ​ថ្មើរជើង​រួមគ្នា​។

គំរោង​នៃ​ការរៀបចំ​កម្មវិធី​ខាងលើនេះ ត្រូវបាន​ប្រកាស​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​រសៀល​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៨ នៅ​ទីស្នាក់ការ​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា នា​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។ ព្រឹត្តិការណ៍​នេះ មាន​គោលបំណង​ផ្ដល់​ជា​វេទិកា​ដល់​យុវជន​ឲ្យ​ចេះ​រួបរួម​គ្នា​ក្នុង​គ្រា​លំបាក និង​គ្រា​សុខសាន្ត ស្វែងយល់​ពី​កម្រិត​សមត្ថភាព​របស់​ខ្លួន ក៏ដូចជា​កម្រិត​នៃ​ការតស៊ូ ភាព​អត់ធ្មត់ និង​សមត្ថភាព​ដោះស្រាយ​បញ្ហា​ជាក់ស្តែង រួមជាមួយ​ការ​ស្វែងយល់​បន្ថែម​ពី​ប្រវត្តិសាស្ត្រ​តាមរយៈ​ការ​ធ្វើ​ដំណើរ​ថ្មើរជើង​រួមគ្នា នៅលើ​គន្លង​ផ្លូវ ដែល​មាន​ចម្ងាយ​៤០​គីឡូម៉ែត្រ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ព្រឹត្តិការណ៍​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​បង្កើត​បរិយាកាស​ស្និទ្ធស្នាល និង​ប្រកបដោយ​តម្លាភាព ដែល​ក្នុង​នោះ យុវជន​ទាំងអស់​ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​មាន​សកម្មភាព​កសាង​ក្រុម ការ​ដើរ​រួមគ្នា ច្រៀង​ចំរៀង​រួមគ្នា ការ​ចម្អិន​អាហារ​រួមគ្នា ការ​បោះជំរំ ការ​ដុត​ភ្លើង​គប់ ការនិទាន​រឿង ការ​បញ្ចេញ​សមត្ថភាព ទេពកោសល្យ​ផ្ទាល់ខ្លួន ក៏ដូចជា​ការ​ច្រៀង​រាំ​កំសាន្ត​ផ្សេងៗ​។

ព្រឹត្តិការណ៍​នេះ នឹង​ត្រូវ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ដល់​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០១៨ នៅក្នុង​បរិវេណ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ និង​ស្រុក​ស្នួល ខេត្តក្រចេះ ដែល​តាម​គ្រោងទុក សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រំពឹង​ថា នឹង​មាន​ការចូលរួម​ពី​សំណាក់​យុវជន និង​មហាជន​ប្រមាណ ៥០០នាក់​។ ដើម្បី​ធានា​ឲ្យ​ព្រឹត្តិការណ៍​នេះ ប្រព្រឹត្តិ​ទៅ​ដោយ​រលូន អ្នកចូលរួម​ទាំងអស់ នឹង​ត្រូវ​បាន​បែង​ចែក​ជា​ក្រុម ហើយ​ត្រូវ​ធ្វើដំណើរ​នៅ​លើ​ដងផ្លូវ​មួយ ដែល​មាន​ចម្ងាយ​៤០​គីឡូម៉ែត្រ សម្រាប់​បុរស និង​២០ គីឡូម៉ែត្រ​សម្រាប់​ស្ត្រី​។ តាម​ការ​កំណត់​ដំណើរការ​នេះ ត្រូវ​ចំណាយ​ពេលវេលា​ប្រមាណ​២​ថ្ងៃ​១​យប់ និង​មួយ​ផ្នែក​ទៀត សម្រាប់​ការ​បោះ​ជំរំ នៅ​ទីតាំង​វិមាន​អនុស្សាវរីយ៍​២​ធ្នូ​។



លោក ហ៊ុន ម៉ា​នី បាន​ថ្លែង​នៅក្នុង​សន្និសីទ​នោះ​ថា មួយ​ផ្នែក​នៃ​ព្រឹត្តិការណ៍​នេះ មិន​ត្រឹមតែ​ជា​ការ​ចងចាំ​នូវ​ប្រវត្តិសាស្ត្រ​នោះ​ទេ តែ​យើង​ចង់​ធ្វើ​អ្វីមួយ ដើម្បី​បង្ហាញ​នូវ​ការ​ចងចាំ​របស់​យើង ហើយ​អ្វី​ដែល​យើង​ចង់​មានបទពិសោធន៍​ទៀត​នោះ គឺ​ការតស៊ូ ការ​រួម​គ្នា ដើម្បី​សម្រេច​ផលប្រយោជន៍​ជាតិ តាមរយៈ​ការ​ធ្វើ​ដំណើរ​ចម្ងាយ​៤០​គីឡូម៉ែត្រ ហើយ​ការ​ធ្វើ​ដំណើរ​រយៈពេល ៤០​គីឡូម៉ែត្រ​នេះ យើង​រំពឹង​រំពឹង​ថា ពី​មួយ​ជំហាន​ទៅមួយ​ជំហាន យុវជន​អាច​ស្រមើស្រមៃ​ទៅលើ​អ្វីមួយ​ពី​អតីតកាល​របស់​យើង​។

តាម​លោក ហ៊ុន ម៉ា​នី ស្ថានភាព​ផ្លូវ​នៅពេល​បច្ចុប្បន្ន​មិន​ស្រួល​ប៉ុន្មាន ប៉ុន្តែ​ក៏​មិន​ដូច​ពី​អតីតកាល​ដែរ ពីព្រោះ​កាលពី​ជំនាន់​មុន ការ​ដើរ​ទៅ​តាមផ្លូវ មានការ​ព្រួយបារម្ភ​ទាក់ទង​ទៅ​នឹង​មីន ហើយ​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​តស៊ូ​រំដោះប្រទេស​នេះ មិនអាច​ដើរ​ពេល​ថ្ងៃ​បានទេ គឺ​ដើរ​បានតែ​ពេល​យប់ ព្រោះ​តំបន់​ព្រៃ​ភាគច្រើន​គ្រប់គ្រង​ដោយ​ពួក​ខ្មែរក្រហម ដូច្នេះ​យុវជន​សម័យ​នោះ ត្រូវ​ការ​ដើរ​ក្នុង​ភាព​លាក់លៀម ស្ងៀម​សម្ងាត់ គឺ​ពេលយប់​។

មួយទៀត ការ​ធ្វើដំណើរ​ឆ្ពោះទៅរក​ការតស៊ូ​រំដោះប្រទេស​របស់​យុវជន​នា​សម័យ​នោះ គឺ​បរិបូណ៌​ទៅ​ដោយ​ព្រៃ​ក្រាស់ៗ មិន​ស្រួល​ទេ ដូច្នេះ​ព្រឹត្តិការណ៍​នេះ យើង​ចង់​ឲ្យ​យុវជន​នឹកឃើញ​ចំណុច​ទាំងអស់​នា​សម័យ​នោះ​។ ទោះជា​យ៉ាងណា​ការ​ធ្វើដំណើរ​នា​ពេល​នេះ សុវត្ថិ​ភាពជា​ចម្បង ដែល​គ្មាន​មីន​ដូច​កាលពី​សម័យមុន​នោះ​ទេ ហើយ​អ្វី​ដែល​ជា​ភាពងាយស្រួល​របស់​យុវជន​នា​ពេល​នេះ​ទៀត​នោះ គឺ​ចម្ងាយ​៤០​គីឡូម៉ែត្រ ដែល​ត្រូវ​ធ្វើដំណើរ​នេះ គឺ​ត្រូវ​បាន​ក្រុមការងារ​រៀបចំ​រួចជាស្រេច​ទៅហើយ​។

លោក ហ៊ុន ម៉ា​នី លើកឡើង​ទៀត​ថា ការ​ធ្វើ​ដំណើរ​ចម្ងាយ​៤០​គីឡូម៉ែត្រ​នេះ ក្នុង​គោលបំណង​ចង់​ឲ្យ​យុវជន​ធ្វើតេស្ត​ខ្លួនឯង​ថា តើ​អាច​ដើរ​បាន​ដែរ ឬទេ ដូច្នេះ​រយៈ​ចម្ងាយ​៤០​គីឡូម៉ែត្រ​នេះ ពួកគាត់​អាច​ធ្វើ​តេស្ត​បាន​ថា តើ​ត្រូវ​អត់ធ្មត់ ត្រូវ​តស៊ូ យ៉ាងម៉េច​។

គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍​នេះ នឹង​បើក​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន ដែល​ក្នុង​នោះ យុវជន និង​មហាជន ដែល​មាន​បំណង​ចូលរួម ត្រូវ​មាន​អាយុ​ចន្លោះ​ពី​១៨ ឆ្នាំទៅ​៤៥ ឆ្នាំ មាន​កាយសម្បទា​រឹងមាំ មាន​សុខភាព​ផ្លូវចិត្ត​ប្រក្រតី គោរព​តាម​បទបញ្ជាផ្ទៃក្នុង​នៃ​ព្រឹត្តិការណ៍ ដោយ​ឆ្លងកាត់​ការវិនិច្ឆ័យ និង​ការ​សម្ភាសន៍​ផ្ទាល់មាត់​ពី​ក្រុមការងារ​រៀបចំ​។ បន្ទាប់ពី​ទទួល​បាន​ជោគជ័យ​នៃ​ការវិនិច្ឆ័យ និង​ការ​សម្ភាសន៍​រួចរាល់​ហើយ អ្នកចូលរួម​ត្រូវ​មាន​ឆន្ទៈ​ក្នុង​ការ​បង់​វិភាគទាន​ចូលរួម​ចំនួន​៤​ម៉ឺន​រៀល ដោយមាន​ប្រាក់​តម្កល់​ចំនួន​៣៦​ម៉ឺន​រៀល​បន្ថែម ហើយ​ប្រាក់​តម្កល់​៣៦​ម៉ឺន​រៀល​នេះ នឹង​ប្រគល់ជូន​អ្នកចូលរួម​វិញ​ក្រោយ​ចប់​កម្មវិធី និង​ដរាបណា​អ្នកចូលរួម​ទាំងអស់​បាន​អនុវត្ត​ពេញលេញ​នូវ​បទបញ្ជាផ្ទៃក្នុង និង​លក្ខន្តិកៈ​របស់​ព្រឹត្តិការណ៍​តាម​ការព្រមព្រៀង​ជាមុន​។

អ្នក​ដែល​មាន​បំណង​ក្នុងការ​ចូលរួម អាច​ទាញ​យក​ពាក្យសុំ​ចូលរួម និង​លក្ខន្តិកៈ​ផ្សេងៗ​តាមរយៈ www.bit.ly/20sgjHW ឬ​ទាក់ទង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ស្នាក់ការ​កណ្ដាល ដែលមាន​អាសយដ្ឋាន ផ្ទះ​លេខ​២៤ ផ្លូវ​២២៨ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ឬ​ទាក់ទង​តាម​ទូរស័ព្ទ ០១០ ៥៥៥ ៩៨៧៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu