ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងឲ្យដឹងថា ការងារនៅក្រៅប្រទេសលើកនេះពិតជាមមាញឹករកតែពេលហូបបាយស្ទើរតែគ្មានផង តែទោះបីយ៉ាងណាសម្តេចពេញចិត្តនឹងធ្វើកិច្ចការនេះព្រោះជាប្រយោជន៍ជាតិ។
សម្តេចតេជោបានបន្តថា នេះប្រហែលជាព្រហ្មលិខិតតម្រូវឲ្យសម្តេចត្រូវធ្វើនៅក្នុងជាតិនេះ បើទោះជាដោយមូលហេតុណាក៏ដោយសម្តេចត្រូវតែធ្វើដើម្បីសេចក្តីសុខនិងការរីកចម្រើនរបស់ជាតិយើង។
ប្រមុខរាជរដ្ឋាភិបាលបានថ្លែងបែបនេះនៅក្នុងសារនយោបាយខ្លីមួយកាលពីព្រឹកថ្ងៃទី១៦ខែ តុលា នេះនៅក្នុងផេកហ្វេសប៊ុកផ្ទាល់របស់សម្តេចមុនពេលសម្តេចត្រូវឃ្លាតពីមាតុប្រទេសរយៈពេលជិត ១០ ថ្ងៃក្នុងបេសកកម្មនៅក្រៅប្រទេសដែលត្រូវចេញដំណើរទៅចូលរួមកិច្ចប្រជុំអាស៊ីអឺរ៉ុបលើកទី ១២ នៅយប់ថ្ងៃទី ១៦ ខែ តុលា នាម៉ោង១២និង២០នាទី ឈានចូលថ្ងៃទី ១៧ តុលា ២០១៨។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានសរសេរថា «បងប្អូនជនរួមជាតិជាទីគោរព !យប់ថ្ងៃទី១៦តុលា នាម៉ោង ១២និង២០នាទី ឈានចូលថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៨ ខ្ញុំនឹងចាកចេញពីកម្ពុជាឆ្ពោះទៅកាន់ប្រទេសបែលហ្សិកដែលជាទីកន្លែងត្រូវប្រជុំអាស៊ីអឺរ៉ុបលើកទី១២។ បន្ទាប់ពីប្រជុំអាស៊ីអឺរ៉ុបខ្ញុំនឹងធ្វើទស្សនកិច្ចនៅប្រទេសតួកគីចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី ២២តុលា។ក្នុងថ្ងៃទី ២២តុលា ដដែលខ្ញុំ នឹងត្រូវចេញពីប្រទេសទួរគីមកទីក្រុងហ្សឺណែ ប្រទេសស្វីសដើម្បីចូលរួមសន្និសីទស្តីពីពាណិជ្ជកម្ម នឹងមានគំរោងចាកចេញពីប្រទេសស្វីសនៅយប់ថ្ងៃទី ២៤ តុលាដែលនឹងវិលត្រឡប់មកដល់កម្ពុជាវិញនៅថ្ងៃទី២៥តុលាដើម្បីដឹកនាំការប្រជុំសេចក្តីពីការព្រាងច្បាប់ថវិកាសម្រាប់ការគ្រប់ គ្រងឆ្នាំ២០១៩ នៅព្រឹកថ្ងៃទី ២៦ តុលា ២០១៨។
ក្រឡេកមើលកម្មវិធីការងារនៅក្រៅប្រទេសលើកនេះពិតជាមមាញឹកស្ទើរតែរកពេលបាយមិនឃើញប្រជុំផងជំនួបទ្វេភាគីផងតែខ្ញុំពេញចិត្តនឹងធ្វើកិច្ចការនេះព្រោះជាប្រយោជន៍ជាតិយើង។ការងារមួយដែលខ្ញុំមិនអាចបោះបង់ចោលបានគឺជួបបងប្អូនប្រជាជននិងនិស្សិតខ្មែរដែលកំពុងរស់នៅនិងរៀនសូត្រនៅអឺរ៉ុបដែលបងប្អូនកូនក្មួយ កំពុងរង់ចាំខ្ញុំនៅទីនោះ។
ការងារយោធាកូនទាហានដើរមុខមេទាហានដើរក្រោយឯការងារនយោបាយវិញគឺមេដឹកនាំដើរមុខអ្នកជំនួយការដើរក្រោយវិញហើយនេះប៉ះលើរូបខ្ញុំតែម្តងគឺដើរមុខជានិច្ច។ តើនេះជាព្រហ្មលិខិតដែលតម្រូវឲ្យខ្ញុំធ្វើក្នុងជាតិនេះមែនទេ?តែបើទោះជាដោយមូលហេតុណាក៏ដោយខ្ញុំត្រូវតែធ្វើដើម្បីសេចក្តីសុខនិងការរីកចម្រើនរបស់ជាតិយើង ជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ»។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិអញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្ត្រីមាន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ,លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។
កិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប (ASEM) លើកទី ១២ នឹងប្រព្រឹត្តទៅក្រោមមូលបទ “អឺរ៉ុបនិងអាស៊ី៖ដៃគូសកលសម្រាប់បញ្ហាប្រឈមសកល” មានគោលបំណងពង្រឹងកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការរវាងតំបន់អាស៊ីនិងអឺរ៉ុបខណៈពេលដែលតំបន់ទាំងពីរជំរុញកសាងកម្លាំងរួមគ្នា ដើម្បីដោះស្រាយបញ្ហាជាច្រើនចាប់ពីការបង្កើនពាណិជ្ជកម្ម និង វិនិយោគការតភ្ជាប់ ការអភិវឌ្ឍប្រកបដោយចីរភាព និងបម្រែបម្រួលអាកាសធាតុ ជាដើម។
ក្នុងសម័យប្រជុំពេញអង្គដែលមានមូលបទរង “ពង្រឹងប្រព័ន្ធពហុនិយម ជំរុញភាពជាដៃគូអាស៊ី-អឺរ៉ុបអំពីការប្រឈមសកល” សម្តេចតេជោនាយករដ្ឋមន្ត្រីនឹងថ្លែងបទអន្តរាគមន៍ដោយផ្តោតទៅលើប្រធានបទ «របៀបវារៈឆ្នាំ២០៣០សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនិងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនិងបរិយាប័ន្ន»។
ក្នុងអំឡុងពេលស្នាក់នៅប្រទេសបែលហ្ស៊ិកសម្តេចតេជោនាយករដ្ឋមន្ត្រីនឹងមានជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយសមភាគីរបស់សម្តេច តេជោដូចជា លោក Dmitry Medvedev នាយករដ្ឋមន្ត្រីនៃសហព័ន្ធរុស្ស៊ី ,លោក Viktor Orbánនាយករដ្ឋមន្ត្រីនៃប្រទេសហុងហ្គ្រី , លោកជំទាវ Erna Solberg នាយករដ្ឋមន្ត្រីនៃប្រទេសន័រវេស, លោក Andrej BabiŠនាយករដ្ឋមន្ត្រី នៃប្រទេសឆែក និងថ្នាក់ដឹកនាំគណៈប្រតិភូដទៃទៀត។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏នឹងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍ខ្មែរនិងសិស្ស និស្សិតខ្មែរដែលកំពុងរស់នៅនិងសិក្សានៅប្រទេសបែលហ្ស៊ិកផងដែរ៕
Source: Kampuchea Thmey Daily
0 Comments