ភ្នំពេញ ៖ ប្រធានសភាពាណិជ្ជកម្មអន្តរជាតិសំខាន់ៗចំនួន ៥ ស្ថាប័ននៅទ្វីបអឺរ៉ុបដែលក្នុងនោះមានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា, សភាពាណិជ្ជកម្មនិងឧស្សាហកម្មបារាំងប្រចាំនៅកម្ពុជា(CCIFC) ,ក្រុមធុរកិច្ចអាល្លឺម៉ងប្រចាំនៅកម្ពុជា(ADW), សភាពាណិជ្ជកម្មអឺរ៉ុបខាងជើងប្រចាំនៅកម្ពុជា(NordCham),សមាគមធុរកិច្ចអ៊ីតាលីប្រចាំនៅកម្ពុជា ដែលជាតំណាងឲ្យប្រទេសធំៗចំនួន៩ប្រទេស នៅអឺរ៉ុប នៅថ្ងៃទី១៦ខែតុលាឆ្នាំ២០១៨ នេះ បានសរសេរលិខិតពិសេសមួយច្បាប់ផ្ញើជូនលោកស្រី Cecilia Malmstrom ស្នងការទទួលបន្ទុកពាណិជ្ជកម្មគណៈកម្មការអឺរ៉ុប ដោយប្រឆាំងចំពោះបំណងចង់ដកប្រព័ន្ធអនុគ្រោះពន្ធ (EBAs) ចេញពីប្រទេសកម្ពុជា។ ជាមួយនេះសភាពពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជាក៏បានស្នើសុំជួបជាមួយ លោកស្រី Cecilia Malmstrom នៅក្នុងសម័យប្រជុំកំពូលរវាង អាស៊ី -អឺរ៉ុប នៅទីក្រុងព្រុចសែល ដើម្បីធ្វើការពិភាក្សាពីស្ថានភាពនៅក្នុងប្រទេសកម្ពុជានិងក្តីកង្វល់នានារបស់ផ្នែកឯកជនអឺរ៉ុបនៅកម្ពុជា។
លិខិតនេះក៏បានចម្លងជូនលោក Antonio Tajani ប្រធានសភាអឺរ៉ុប,លោកJean-Claude Juncker ប្រធានគណៈកម្មការអឺរ៉ុប,លោកស្រី Federica Mogherini តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងអនុប្រធានគណៈកម្មការអឺរ៉ុប, លោក George Edgar ឯកអគ្គរដ្ឋ ទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ,លោក Francisco Fontan ឯកអគ្គរដ្ឋ ទូតសហភាពអឺរ៉ុបប្រចាំអាស៊ាន ,បណ្តាស្ថានទូតនៃប្រទេសរដ្ឋសមាជិកនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា និង ក្រុមប្រឹក្សានាយកនៃសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា។
នៅក្នុងលិខិតដែលមានរហូតជាងបីទំព័រជាភាសាខ្មែរនិងបីទំព័រជាភាសាអង់គ្លេសរបស់ស្ថាប័នធុរកិច្ចអឺរ៉ុបនៅកម្ពុជា ដែលតំណាងក្រុមហ៊ុនចំនួន ៣៣៥ ដែលមាននិយោជិតជាង ៥ ម៉ឺននាក់បានសម្តែងនូវក្តីកង្វល់យ៉ាងធ្ងន់ធ្ងរអំពីដំណើរការឆ្ពោះទៅរកការដកហូតភាពអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្មនៅក្រោមរបប «អ្វីៗទាំងអស់លើកលែងតែគ្រឿងសព្វាវុធ»(EBAs)ចេញពីប្រទេសកម្ពុជា និងបារម្ភពីផលវិបាកដែលការដកហូតនេះអាចបង្កឲ្យមានផលប៉ះពាល់ដល់ប្រយោជន៍ផ្នែកពាណិជ្ជកម្ម យូរអង្វែងរបស់សហភាពអឺរ៉ុបនៅក្នុងប្រទេសកម្ពុជា។
លិខិតបានសរសេរដោយធ្វើការពន្យល់និងបកស្រាយដោយភាពច្បាស់លាស់ថា «ក្រោយពីបានជ្រាបអំពីសេចក្តីប្រកាសដែលលោកស្រីបានធ្វើឡើងនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ សេចក្តីប្រកាសរួចមកសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា Eurocham សូមសម្ដែងក្តីកង្វល់ធ្ងន់ធ្ងរអំពីដំណើរការឆ្ពោះទៅការដកហូតភាពអនុគ្រោះផ្នែកពាណិជ្ជកម្មនៅក្រោមរបប “អ្វីទាំងអស់ លើកលែងតែគ្រឿងសព្វាវុធ” ចេញពីព្រះរាជាណាចក្រកម្ពុជា និងបារម្ភពីផលវិបាក ដែលការដកហូតនេះអាចបង្កឲ្យមានផលប៉ះពាល់ផ្នែកពាណិជ្ជកម្មយូរអង្វែងរបស់សហភាពអឺរ៉ុបនៅក្នុងប្រទេសកម្ពុជា។ យើងខ្ញុំទទួលស្គាល់ថា ពេលនេះមិនទាន់មានការសម្រេចណាមួយត្រូវបានធ្វើឡើងដើម្បីព្យួរឬ ដកហូតឋានៈអនុគ្រោះ EBA ពីប្រទេសកម្ពុជានៅឡើយទេ ហើយយើងនៅតែសង្ឃឹមថា នឹងមានការចរចាបន្តទៅទៀតដើម្បីស្វែងរកឲ្យឃើញនូវវិធីកាន់តែប្រសើរសម្រាប់ឆ្លើយតបទៅនឹងក្តីកង្វល់នានារបស់សហភាពអឺរ៉ុប។
លិខិតបានបន្តទៀតថា «ជាផ្នែកមួយនៃដំណើរការតាមដានភាពអនុគ្រោះ EBA យើងខ្ញុំសូមធ្វើការសង្កត់ធ្ងន់ថា ក្នុងនាមតំណាងរបស់ផ្នែកឯកជននិងជាផ្នែកមួយនៃសង្គមស៊ីវិលក្នុងប្រទេសកម្ពុជាយើងការពារគោលការណ៍និងគុណតម្លៃរបស់សហភាពអឺរ៉ុបនៅក្នុងប្រទេសនេះ ហើយមានការប្ដេជ្ញាយ៉ាងរឹងមាំដើម្បីអភិវឌ្ឍទំនាក់ទំនងជាមួយផ្នែកឯកជនរបស់កម្ពុជា និងជាមួយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈសកម្មភាពសហប្រតិបត្តិការដែលយើងខ្ញុំជឿជាក់ថា អាចធ្វើឲ្យការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជាកាន់តែទទួលបានភាពប្រសើរឡើងថា ខ្លាំងថែមទៀត។ ប៉ុន្តែសេចក្តីសង្ឃឹមនេះនឹងមិនអាចទៅរួចទេនៅក្នុងបរិបទមួយដែលអាចនឹងមានការព្យួរភាពអនុគ្រោះ ឬការដាក់ទណ្ឌកម្មពីសំណាក់សហភាពអឺរ៉ុប ហើយយើងខ្ញុំសូមទទូចឲ្យសហភាពអឺរ៉ុបធ្វើការវាយតម្លៃឲ្យបានស៊ីជម្រៅជាងមុនសិន អំពីផលវិបាកដែលអាចបង្កឡើងដោយការព្យួរឋានៈភាពអនុគ្រោះក្រោមរបប EBA នេះ»។
ក្នុងលិខិតបានបញ្ជាក់ទៀតថា ខណៈដែលយើងខ្ញុំយល់នឹងចូលរួមចំណែករំលែកក្តីបារម្ភរបស់សហភាពអឺរ៉ុបអំពីការវិវត្តន៍នៃសភាពការណ៍ថ្មីៗ ក្នុងប្រទេសកម្ពុជា យើងខ្ញុំសូមស្នើឲ្យរកផ្លូវធ្វើចំណាត់ការផ្សេងវិញដើម្បីលើកស្ទួយគុណតម្លៃរបស់សហភាពអឺរ៉ុបគឺតាមរយៈសកម្មភាពសហប្រតិបត្តិការជាជាងការអនុវត្តវិធានការព្យួរ ឬ វិធានការដាក់ទណ្ឌកម្មពាក់ព័ន្ធនឹងរបបអនុគ្រោះ EBA ។ គុណតម្លៃជាសកលដែលត្រូវយើងលើកនៅក្នុងសេចក្តីប្រកាសរបស់លោកស្រីគឺពិតជាមានសារសំខាន់ដូចគ្នាដែរសម្រាប់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា។ គុណតម្លៃទាំងនេះជាកត្តាជំរុញដល់ធុរកិច្ចរបស់យើងឲ្យកំណត់នូវសំណុំគុណតម្លៃដែលជានិច្ចកាលធ្វើជាមគ្គុទ្ទេសក៍នៅក្នុងបេសកកម្មតស៊ូមតិរបស់យើង។ ការពាក់ព័ន្ធរបស់យើងជាមួយរាជរដ្ឋាភិបាលកម្ពុជានៅក្នុងផ្នែកគោលនយោបាយពាណិជ្ជកម្ម ជាលទ្ធផលបាននាំឲ្យមានការបង្កើតនិងការអនុវត្តកំណែទម្រង់ដោយផ្អែកលើសៀវភៅសចំនួនពីរក្បាល ដែលកន្លងមកនេះទទួលបានការសរសើរយ៉ាងទូលំទូលាយថា ជាសក្ខីភាពនៃកិច្ចសន្ទនាប្រកបដោយជោគជ័យនិងបែបស្ថាបនារវាងផ្នែកឯកជននិងរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចខិតខំដែលផ្តោតទៅលើការធ្វើឲ្យមានកំណើនសេដ្ឋកិច្ចយូរអង្វែងនិងការចូលរួមពាក់ព័ន្ធតាមបែបស្ថាបនាដែលអាចនាំប្រទេសឆ្ពោះទៅរកប្រជាធិបតេយ្យភាវូបនីយកម្ម។
ការអនុម័តយល់ព្រមដល់ការបើកនីតិវិធីព្យួរភាពអនុគ្រោះនេះ នឹងបំផ្លាញចោលអស់ទៅវិញនូវកិច្ចការតស៊ូមតិដែលមានប្រសិទ្ធភាពខ្លាំងដែលត្រូវបានធ្វើរួចមកហើយអស់ជាច្រើនឆ្នាំដែលកន្លងមកនេះបានធ្វើឲ្យបរិស្ថានធុរកិច្ចទទួលបានភាពល្អប្រសើរប្រកបដោយអត្ថន័យច្រើន។
នីតិវិធីនេះក៏បានដើរផ្ទុយទៅនឹងកម្មវិធី ICI+ Programme របស់សហភាពអឺរ៉ុបដែរ ដែលស្វែងរកការពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយដៃគូពាណិជ្ជកម្ម ពីព្រោះថា វានឹងធ្វើឲ្យយើងជួបការលំបាកកាន់តែខ្លាំងឡើងដល់ការតស៊ូមតិឲ្យមានការពាក់ព័ន្ធកាន់តែធំធេងថែមទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជា ប្រសិនបើសហភាពអឺរ៉ុបត្រូវបានគេមើលឃើញថា កំពុងតែងាកចេញពីកិច្ចសន្ទនាដោយចំហដែលកំពុងតែត្រូវបានធ្វើ។
ជាមួយនឹងការពិចារណាអំពីតួនាទីរបស់យើងថា ជាតំណាងឲ្យសហគមន៍ធុរកិច្ចរបស់អឺរ៉ុបនិងការទទួលខុសត្រូវរបស់យើងក្នុងការព្យាយាមពង្រីកការវិនិយោគរបស់អឺរ៉ុបនៅក្នុងប្រទេសកម្ពុជា យើងខ្ញុំអាចធ្វើការសង្កត់ធ្ងន់ជាមួយភាពប្រាកដប្រជាបានថា ការព្យួរភាពអនុគ្រោះ EBA គឺជាការប្រថុយប្រថានមួយនាំមកនូវផលប៉ះពាល់អវិជ្ជមានជាយូរអង្វែង។ ការព្យូរឬដាក់ទណ្ឌកម្មបន្ថែមពិតជានឹងគំរាមដោយផ្ទាល់ដល់សមត្ថភាពប្រកួតប្រជែងផ្នែកធុរកិច្ចរបស់សហភាពអឺរ៉ុបនៅក្នុងប្រទេសកម្ពុជានិងដល់ជំហររបស់សហភាពអឺរ៉ុបនៅក្នុងការលើកកម្ពស់របៀបវារៈពាណិជ្ជកម្ម និង ឧត្តមានុវត្តភាពរបស់ខ្លួនដោយធ្វើអោយភាពមានប្រៀបផ្នែកប្រកួតប្រជែងនៃធុរកិច្ចអឺរ៉ុបធ្លាក់ចុះនៅក្នុងបរិបទមួយដែលប្រទេសចិនកំពុងតែបង្កើនវត្តមានរបស់ខ្លួននៅក្នុងប្រទេសនេះនិងនៅក្រៅតំបន់ ។ បន្ថែមលើនេះ ការព្យួរភាពអនុគ្រោះក៏នឹងបន្ថយផងដែរនូវសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់និងបន្ទាបឋនៈរបស់ប្រទេសនេះក្នុងនាមជាប្រទេសមានការអភិវឌ្ឍន៍តិចតួច។
យើងខ្ញុំយល់ឃើញថា ការចាប់ផ្ដើមដំណើរការព្យូរភាពអនុគ្រោះ EBA ឬ ដាក់ទណ្ឌកម្មជាឯកតោភាគីរយៈពេលខ្លីណាមួយ អាចនាំមកនូវផលប៉ះពាល់អវិជ្ជមានយូរអង្វែងដែលវាមិនមែនជាឧបករណ៍មួយមានប្រសិទ្ធភាពសម្រាប់កែលម្អដំណើរការប្រជាធិបតេយ្យឲ្យល្អប្រសើរដូចកិច្ចសហប្រតិបត្តិការទេ ។ នៅក្នុងករណីប្រទេសកម្ពុជា ការព្យួរភាពអនុគ្រោះ EBA នឹងដើរផ្ទុយពីរបៀបវារៈពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប និងការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះការបញ្ចូលប្រទេសកំពុងអភិវឌ្ឍន៍ទៅក្នុងសេដ្ឋកិច្ចពាណិជ្ជកម្មពិភពលោក និងផ្ទុយពីគោលការណ៍អឺរ៉ុបក្នុងការប្រើប្រាស់ពាណិជ្ជកម្មជាវ៉ិចទ័រសំខាន់សម្រាប់សាយភាយគុណតម្លៃប្រជាធិបតេយ្យ។ នេះជាទស្សនៈមួយ ដែលអ្នកតំណាងអន្តរជាតិជាច្រើននាក់ដែលធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំជាមួយប្រទេសកម្ពុជា យល់ឃើញដូចៗគ្នា។
សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា ក៏បានធ្វើការរិះគន់ចំពោះការភ្ជាប់ស្ថានភាពប្រទេសកម្ពុជាទៅជាមួយប្រទេសមីយ៉ាន់ម៉ាថា ជាភាពអយុត្តិធម៌សម្រាប់កម្ពុជា។ ដោយក្នុងលិខិតបានលើកឡើងថា ជាងនេះទៅទៀតនៅក្នុងសេចក្តីប្រកាសនេះ ការយល់ឃើញណាមួយអំពីការតភ្ជាប់រវាងស្ថានភាពនៅក្នុងប្រទេសកម្ពុជានិងស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា អាចធ្វើឲ្យសាធារណជនមានការភាន់ច្រឡំ។ ស្ថានភាពប្រកបដោយភាពហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា បង្កើតឡើងនូវសំណុំបញ្ហាប្រឈម និង លក្ខខណ្ឌនានាដែលមានលក្ខណៈដោយឡែកសម្រាប់សហភាពអឺរ៉ុបយកទៅធ្វើការវាយតម្លៃ។ ការនិយាយយោងដល់ស្ថានភាពទាំងនេះនៅក្នុងសេចក្តីប្រកាសតែមួយជាមួយគ្នាបែបនេះជាអយុត្តិធម៌មួយចំពោះវឌ្ឍនភាពដែលកម្ពុជាសម្រេចបាននៅក្នុងការកសាងសេដ្ឋកិច្ច និង សង្គម នៅក្នុងការពង្រឹងសន្តិភាពឲ្យបានរឹងមាំក្រោយពីប្រទេសនេះបានរងការបំផ្លិចបំផ្លាញខ្ទេចខ្ទីអស់នៅក្នុងដំណាក់កាលនៃរបបខ្មែរក្រហម និង នៅក្នុងដំណាក់កាលសង្គ្រាមស៊ីវិលក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ និង១៩៩០ ហើយជាងនេះទៅទៀត វាអាចជំរុញរាជរដ្ឋាភិបាលកម្ពុជាឲ្យលែងចង់មានការពាក់ព័ន្ធជាមួយនឹងសហភាពអឺរ៉ុបទៅថ្ងៃមុខទៀតដែលមិនមែនជារឿងចាំបាច់នោះឡើយ ។
នៅក្នុងលិខិតបានគូសបញ្ជាក់ផងដែរអំពីចំនួនក្រុមហ៊ុននិងនិយោជិត ដែលកំពុងរកស៊ីនៅកម្ពុជាដោយបានគូសបញ្ជាក់ថា នៅកម្ពុជាសភាពាណិជ្ជកម្មអឺរ៉ុបជាតំណាងឱ្យប្រយោជន៍ផ្នែកឯកជនរបស់អឺរ៉ុប ក្នុងនោះមានសហគមន៍ធុរកិច្ចមកពីប្រទេសបារាំង អាល្លឺម៉ង់ ចក្រភពអង់គ្លេស អ៊ីតាលី ដាណឺម៉ាក ស៊ុយអែត ន័រវែស ហ្វាំងឡង់ អ៊ីស្លង់ ហើយបន្តិចទៀតនឹងមានការចូលរួមរបស់សាខាធុរកិច្ចនៃប្រទេសបែលហ្ស៊ិក ហូឡង់ និង លុចសំបូរ ទៀតផង។ សរុបមក យើងតំណាងឲ្យក្រុមហ៊ុនចំនួន ៣៣៥ ដែលមាននិយោជិតជាង ៥ ម៉ឺននាក់។
សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា បានផ្តល់នូវអនុសាសន៍មួយចំនួនដល់លោកស្រី Cecilia Malmstrom ស្នងការទទួលបន្ទុកពាណិជ្ជកម្មគណៈកម្មការអឺរ៉ុបថា យើងខ្ញុំសូមជូនអនុសាសន៍ឲ្យបន្តការតាមដានមានការពង្រឹងបន្ថែមទៅលើភាពអនុគ្រោះក្រោមរបប EBA នេះតទៅទៀតតាមរយៈការពិគ្រោះយោបល់ជាមួយផ្នែកឯកជន ហើយយើងសូមស្នើឲ្យមានការពាក់ព័ន្ធជាមួយសភាពាណិជ្ជកម្មអឺរ៉ុបក្នុងការវាយតម្លៃ ហើយប្រសិនបើអាចនៅក្នុងដំណើរការឆ្ពោះទៅធ្វើការដកហូតបណ្ដោះអាសន្នរបស់ EBA ស្របតាមស្មារតីនៃកត្តាខណ្ឌ ទី១៥ នៃបុព្ធកថារបស់បទប្បញ្ញត្តិលេខ 978/ 2012 របស់សហភាពអឺរ៉ុបនិងក្រុមប្រឹក្សាអឺរ៉ុបដែលចែងថា របាយការណ៍ពីអង្គភាពតាមដាននានាអាចបំពេញបន្ថែមដល់ប្រភពព័ត៌មានផ្សេងទៀត រួមទាំងព័ត៌មានមកពីសង្គមស៊ីវិលផងដែរ។ សមាជិករបស់សភាពាណិជ្ជកម្មអឺរ៉ុបពិតជាមានបទពិសោធន៍ជាដុំកំភួននៅក្នុងប្រទេសកម្ពុជា ហើយស្ថិតក្នុងស្ថានភាពមួយដ៏ប្រសើរបំផុតក្នុងការផ្តល់ព័ត៌មានផ្អែកលើអង្គហេតុជាក់លាក់ស្ដីពីស្ថានភាពនៅក្នុងប្រទេសកម្ពុជា ហើយដូច្នេះពួកយើងគួរតែទទួលបានឱកាសចូលរួមនៅក្នុងការពិភាក្សាវាយតម្លៃអំពីដំណើរការព្យួរ ឬ ដកហូតភាពអនុ គ្រោះ EBA ។ អភិក្រមនេះនឹងធានាឲ្យសហភាពអឺរ៉ុបប្រមូលបាននូវការវាយតម្លៃត្រឹមត្រូវនិងពេញលេញអំពីបរិស្ថានសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា ។
យើងខ្ញុំសូមទទូចផងដែរ ឲ្យគណៈកម្មការអឺរ៉ុបថ្លែងឲ្យបានច្បាស់ឆាប់ៗតាមតែអាចធ្វើទៅបានអំពីគោលបំណងរបស់ខ្លួនក៏ដូចជាវិធានការគួរឱ្យទុកចិត្តបាន និងគួរឱ្យពេញចិត្តរបស់ខ្លួនដែរ ដែលគណៈកម្មការចង់ឃើញមានការអនុវត្តនៅក្នុងប្រទេសកម្ពុជា ពីព្រោះពេលនេះ យើងខ្ញុំយល់ឃើញថាបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជាហាក់ដូចជានៅមានភាពមិនច្បាស់លាស់និងការយល់ច្រឡំច្រើននៅឡើយជុំវិញសេចក្តីប្រកាសនេះ។
នៅទីបញ្ចប់ សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា សូមឆ្លៀតឱកាសសូមជួបជាមួយលោកស្រីនៅក្នុងសម័យប្រជុំកំពូលរវាងអាស៊ី អឺរ៉ុប នៅទីក្រុងព្រុចសែលតាមពេលវេលាដែលលោកស្រីអាចអនុញ្ញាតឲ្យជួបបានដើម្បីធ្វើការពិភាក្សាពីស្ថានភាពនៅក្នុងប្រទេសកម្ពុជានិងក្តីកង្វល់នានារបស់ផ្នែកឯកជនអឺរ៉ុប។
គួរបញ្ជាក់ថា ថ្មីកន្លងទៅនេះសហភាពអឺរ៉ុបបានជូនដំណឹងជាផ្លូវការដល់រាជរដ្ឋាភិបាលកម្ពុជា អំពីការអនុវត្តនីតិវិធីនៃការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលត្រូវប្រើពេលយ៉ាងតិចពី ៦ ខែ ទៅ ១ឆ្នាំ គិតចាប់ពីដើមខែតុលានេះ មុននឹងធ្វើការសម្រេចចិត្តដកប្រព័ន្ធអនុគ្រោះពន្ធនេះ ជាផ្លូវការពីកម្ពុជាតែម្តង។
គួរបញ្ជាក់ថា កម្ពុជានាំចេញផលិតផលសរុបទៅទីផ្សារ EU ក្នុងឆ្នាំ ២០១៧ មានទំហំជាង៥ពាន់លានដុល្លារ។នេះបើតាមរបាយការណ៍គណៈកម្មការពាណិជ្ជកម្មអឺរ៉ុប ។ ចំណែកការនាំចេញនៅឆ្នាំ២០១៦វិញមានទឹកប្រាក់ចំនួន ៦២៥៩ លានដុល្លារអាមេរិក។ កម្ពុជាទទួលបានការអនុគ្រោះពន្ធទាំងស្រុងពីទីផ្សារនេះ ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មធ្លាប់បានបញ្ជាក់ថា បើគ្មានការអនុគ្រោះពន្ធទេនោះ កម្ពុជាត្រូវបង់ពន្ធចំនួន ៦៧៦ លានដុល្លារអាមេរិក សម្រាប់ទំនិញសរុបទាំងនោះ។ ទំនិញដែលកម្ពុជានាំទៅទីផ្សារមួយនេះ រួមមាន សំលៀកបំពាក់ ស្រោមជើង ស្បែកជើង អង្ករ គ្រាប់ធញ្ញជាតិ វត្ថុធ្វើពីស្បែក កៅស៊ូ និងទោចក្រយានជាដើម៕
Source: Kampuchea Thmey Daily
0 Comments