ភ្នំពេញ ៖ កាបូបមួយដែលក្នុងកាបូបនោះ មានទាំងអាយផេត១គ្រឿង កុំព្យូទ័រ១គ្រឿង ទូរស័ព្ទដៃ១គ្រឿង អត្តសញ្ញាណប័ណ្ណ លុយកាក់និងឯកសារមួយចំនួន ត្រូវបានជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿង ធ្វើសកម្មភាពឆក់បានសម្រេច និង ជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព។
ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ស្ថិតនៅចំណុច ការ៉ាស់សាំងតូតាល់ តាមបណ្តោយផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។
ជនរងគ្រោះមានឈ្មោះ ខឿន វួចលី ភេទស្រី អាយុ២១ឆ្នាំ មុខរបរសិស្ស នៅសាលាភូមិន្ទវិចិត្រសិល្បៈ ស្នាក់នៅម្តុំ ផ្សារសំណង់(១២) ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។
ទ្រព្យសម្បត្តិដែលត្រូវបាត់បង់នៅក្នុងកាបូបរួមមានអាយផេត១គ្រឿង កុំព្យូទ័រ១គ្រឿង ទូរស័ព្ទដៃ១គ្រឿង អត្តសញ្ញាណប័ណ្ណ១សន្លឹក លុយខ្មែរជាង១០ម៉ឺនរៀល និងឯកសារមួយចំនួន។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា នៅមុនកើតហេតុ ក្រោយចេញពីសាលា មិត្តភក្តិបានហៅទៅញាំអីជាមួយគ្នានៅក្បែរវាំងដោយធ្វើដំណើរស្មើជើងជាមួយមិត្តភក្តិ។ ចំណែកម៉ូតូបានផ្ញើរនៅសាលាលុះដល់ម៉ោងជួបជុំនិងហូបចុករួចបានបែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួន រីឯរូបគាត់បានដើរមកសាលាវិញដើម្បីយកម៉ូតូមួយគ្រឿងម៉ាកស្តុបពីពណ៌សលាយផ្កាឈូក ពាក់ស្លាកលេខ កំពង់ចាម1O-4011 ជិះចេញពីសាលាបំណងត្រឡប់ទៅផ្ទះតាមបណ្តោយផ្លូវ១៨២ ទិសដៅពីកើតទៅលិច។
លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលិចមុខជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១៨ ពណ៌ខ្មៅ មិនចាំស្លាកលេខមកពីក្រោយរួចធ្វើសកម្មភាពឆក់កាបូបស្ពាយដែល រូបគាត់ដាក់ខាងមុខបានសម្រេចរួចគេចខ្លួនបាត់ស្រមោល។ភ្លាមៗនោះរូបគាត់បានស្រែកថាចោរៗតែគ្មានអ្នកជួយ។
ក្រោយកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ទឹកល្អក់២ដើម្បីឲ្យសមត្ថកិច្ចជួយស្វែងរកចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments