ភ្នំពេញ៖ លោក Joseph J. Ndanema រដ្ឋមន្ត្រីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ នៃប្រទេស Sierra Leone បានថ្លែងថា គណៈប្រតិភូប្រទេស Sierra Leone មកកាន់កម្ពុជានៅពេលនេះ គឺដើម្បីធ្វើការសិក្សាលើការចុះកិច្ចព្រមព្រៀង នៃការយោគយល់គ្នាក្នុងការនាំចេញអង្ករកម្ពុជា (MOU) ទៅកាន់ប្រទេស ប្រទេស Sierra Leone នាពេលអនាគត។
លោក Joseph J. Ndanema បានថ្លែងបែបនេះបានធ្វើឡើងនារសៀលថ្ងៃច័ន្ទ៥រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ ក្នុងជំនួបជា លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិភាក្សាការងារ ទី១-ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងទី២-ពិនិត្យលទ្ធភាពក្នុងការនាំចេញអង្ករទៅកាន់ទីផ្សារ Sierra Leone នាពេលអនាគតដ៏ខ្លី។
នាឱកាសនេះ លោក Joseph J. Ndanema បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ពិសេសវិស័យកសិកម្មដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននាពេលកន្លងមក ការរីកចម្រើននេះបានចូលរួមចំណែកលើកកម្ពស់កម្រិតជីវភាព កាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាបានយ៉ាងល្អប្រសើរ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា វាជាឱកាសដ៏ល្អសម្រាប់ប្រទេសយើងទាំងពីរ ក្នុងការចាប់ផ្ដើមភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជារួម និងដោយឡែក គឺវិស័យកសិកម្មដែលវិស័យនេះកម្ពុជាកំពុងបោះជំហានទៅមុខយ៉ាងល្អប្រសើរ និងគួរឲ្យចាប់អារម្មណ៍ដែលប្រទេសរបស់លោកអាចរៀនសូត្រ និងដកស្រង់បទពិសោធន៍តាមពីអ្វីដែលកម្ពុជាបានហែលឆ្លងកាត់ ពុះពារគ្រប់ឧបសគ្គរហូតសម្រេចបានជោគជ័យ ដែលប្រជាពលរដ្ឋកម្ពុជាទទួលបានដូចថ្ងៃនេះ ពិសេសនោះគឺផលិតកម្មស្រូវអង្ករដែលពិភពលោកទទួលស្គាល់យ៉ាងទូលំទូលាយថាជាអង្ករមានគុណភាព រសជាតិឈ្ងុយឆ្ងាញ់ និងក្លិនក្រអូបប្រហើរទៀតផង ហើយត្រូវបាននាំចេញទៅកាន់ទីផ្សារនៅទូទាំងពិភពលោក និងពិសេសជាងនេះ ឆ្នាំ២០១៨ អង្ករកម្ពុជាត្រូវបានជាប់លំដាប់ថ្នាក់លេខ១។
លោក Joseph J. Ndanema បានបញ្ជាក់ថា ប្រទេសរបស់លោកមានស្ថានភាព និងដំណើរការ នៃការកសាង និងអភិវឌ្ឍប្រទេសប្រហាក់ប្រហែលនឹងប្រទេសកម្ពុជា គឺងើបចេញពីសង្គ្រាមរ៉ាំរ៉ៃ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ត្រូវបានបំផ្លាញស្ទើរទាំងស្រុក សន្តិសុខស្បៀង ត្រូវបានប្រឈម។ល។
បច្ចុប្បន្នប្រទេសមួយនេះបាននិងកំពុងកសាង និងអភិវឌ្ឍជាបណ្ដើរ តែទោះជាយ៉ាងណាផលិតកម្មស្រូវអង្ករនៅជួបបញ្ហាដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខស្បៀង។
ហេតុផលនេះ គឺជាកត្តាចម្បងដែលលោក និងប្រតិភូសម្រេចចិត្តមកធ្វើទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ ដើម្បីធ្វើការសិក្សាលើការចុះកិច្ចព្រមព្រៀង នៃការយោគយល់គ្នាក្នុងការនាំចេញអង្ករកម្ពុជា (MOU) ទៅកាន់ប្រទេសរបស់លោកនាពេលអនាគត។
មានមតិស្វាគមន៍ លោករដ្ឋមន្ត្រី វេង សាខុន ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមក្រសួង លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក Joseph J. Ndanema និងប្រតិភូ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ ស្របពេលដែលកម្ពុជាកំពុងតែមានការរីកចម្រើនលើគ្រប់វិស័យ ពិសេសវិស័យកសិកម្ម ក្នុងនោះអនុវិស័យនាំមុខគេ គឺផលិតកម្មស្រូវអង្ករ ក្រោមការដឹកនាំដ៏ត្រឹមត្រូវនិងមានទស្សនវិស័យវែងឆ្ងាយរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសចេញផុតពីសង្គ្រាមរ៉ាំរ៉ៃ ហើយបានធ្វើប្រទេសមានអសន្តិសុខស្បៀង មកជាប្រទេសមានសុខសន្តិភាព និងសល់ស្បៀងចំនួន៥,៥លានតោន សម្រាប់ធ្វើការនាំចេញ។ ក្រៅពីធ្វើស្រូវ កម្ពុជានៅមានផលិតផលកសិកម្មជាច្រើនទៀតដូចជា ដំឡូងមី ស្វាយ ស្វាយចន្ទី ដែលផលិតកម្មទាំងនោះកំពុងតែមានសក្ដានុពលធ្វើការវិនិយោគ កែច្នៃ និងនាំចេញ។
លោករដ្ឋមន្ត្រី វេង សាខុន ក៏បានបញ្ជាក់ជូនភ្ញៀវផងដែរថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ និងគោលនយោបាយអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗជាអាទិ៍ ៖ ផ្លូវគមនាគមន៍ កំពង់ផែទឹងជ្រៅ ព្រលានយន្តហោះ ការផ្គត់ផ្គង់អគ្គិសនី។ល។ ដោយឡែកក្រសួងបាននិងកំពុងជំរុញការអភិវឌ្ឍធនធានមនុស្ស ការធ្វើពិពិធកម្មកសិកម្ម ពាណិជ្ជូបនីយកម្ម ជាមួយនឹងធ្វើទំនើបកម្មកសិកម្ម និងជំរុញការកែច្នៃ វេចខ្ចប់ដើម្បីបង្កើនការនាំចេញកសិផលកម្ពុជានាពេលអនាគត។
នាឱកាសនេះផងដែរ ភាគីទាំងពីរ បានផ្លាស់ប្ដូរបទពិសោធន៍ និងមេរៀនល្អទៅវិញទៅមកទាក់ទង ៖ -ការបណ្ដុះបណ្ដាល និងអភិវឌ្ឍធនធានមនុស្ស -ការរៀបចំចងក្រង និងគ្រប់គ្រងសហគមន៍កសិករ -ការងារផ្សព្វផ្សាយកសិកម្ម -ព័ត៌មានទីផ្សារ និងតម្លៃកសិផល ពិសេសបន្លែ -គម្រោងនានាដែលទទួលបានពីដៃគូអភិវឌ្ឍ អង្គការជាតិ អន្តរជាតិ និងវិស័យឯកជនទាក់ទងនឹងស្តង់ដារអនាម័យ និងភូតភាមអនាម័យសម្រាប់ទីផ្សារក្នុងស្រុកនិងទីផ្សារអន្តរជាតិ -ការលើកកម្ពស់សហគ្រាសខ្នាតតូច និងមធ្យម -វិស័យកែច្នៃ និងហេដ្ឋារចនាសម្ព័ន្ធដែលជួយទ្រទ្រង់វិស័យនេះ -ការអនុវត្តកសិកម្មតាមកិច្ចសន្យា និង-ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិកម្មនាពេលអនាគត៕
Source: Kampuchea Thmey Daily
0 Comments