សណ្ឋាគារ ឋានសួគ៌ សុខាបានរៀបចំព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង និងប្រណាំងកង់លើកទី៥ លើភ្នំបូកគោ ក្នុងខេត្តកំពត។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងជាប្រចាំឆ្នាំ ដែលថវិកាទាំងអស់ដែលប្រមូលបានពីការរត់ប្រណាំងនឹងត្រូវបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា។
ការរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងចាប់ពី ២១គីឡូម៉ែត្រ រហូតដល់ការរត់ប្រណាំងបែបកម្សាន្តសប្បាយ ៣គីឡូម៉ែត្រ ឬការប្រណាំងកង់កុមារ សុទ្ធសឹងតែជាឱកាសដ៏ល្អឥតខ្ចោះសម្រាប់បង្កើតនូវអនុស្សាវរីយ៍ ដែលមិនអាចបំភ្លេចបានជាមួយក្រុមគ្រួសារ និងមិត្តភក្តិ។ ព្រឹត្តិការណ៍នេះ គឺជាឱកាសដ៏មានអត្ថន័យមួយក្នុងការលើកកម្ពស់សុខភាព ភាពសប្បាយរីករាយ និងសប្បុរសធម៌។ ភ្ញៀវអាចធ្វើការជ្រើសរើសស្នាក់នៅនៅសណ្ឋាគារដ៏ប្រណិតនៃសណ្ឋាគារឡឺ បូកគោ ផាឡេស ឬសណ្ឋាគារ ឋានសួគ៌ សុខា ឬបោះជំរំលក្ខណៈជាក្រុម ឬបុគ្គល ដែលមានការប្រគំតន្ត្រីពេលល្ងាចនៅមុខសណ្ឋាគារឋានសួគ៌ សុខា។
នៅក្នុងព្រឹត្តិការណ៍លើកទី៥នេះបានឃើញថាចំនួនអ្នកចូលរួមរត់ម៉ារ៉ាតុង ក៏ដូចជាចំនួនអ្នកប្រណាំងកង់មានការកើនឡើងគួរឲ្យកក់សម្គាល់។ ចំនួនអ្នកចូលរួមបានកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។
សណ្ឋាគារឋានសួគ៌ សុខា ក៏មានផ្តល់ជូននូវសេវាកម្មដឹកអ្នកដំណើរពីភ្នំពេញទៅសណ្ឋាគារឋានសួគ៌ សុខា ប្រកបដោយផាសុកភាព ដោយចេញដំណើរជារៀងរាល់ថ្ងៃ៖ពីភ្នំពេញទៅសណ្ឋាគារឋានសួគ៌ សុខានៅម៉ោង 7:00 ព្រឹក និងពីសណ្ឋាគារឋានសួគ៌ សុខាទៅកាន់ភ្នំពេញនៅម៉ោង 1:45 នាទីរសៀល។
ភ្នំបូកគោជាគោលដៅទេសចរណ៍ប្រវត្តិសាស្ត្រដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា ដែលមានទស្សនីយភាពដ៏ស្រស់ត្រកាលនៃតំបន់ទេសចរណ៍គួរឲ្យទាក់ទាញជាច្រើន ដូចជាទឹកជ្រោះពពកវិល វាលស្រែ១០០ វាលស្រែ៥០០ តំបន់ថ្មប្រាសាទ វាលផ្កាបំពង់ក្រឡោមដែលជាប្រភេទផ្កាដ៏កម្រមួយនៅក្នុងប្រទេសកម្ពុជា រូបសំណាកលោកយាយម៉ៅដ៏ធំនិងខ្ពស់ជាងគេបង្អស់នៅព្រះរាជាណាចក្រកម្ពុជា និងវត្តសំពៅប្រាំដែលមានអាយុកាលជិត១០០ឆ្នាំជាដើម។
ក្រៅពីតំបន់ទេសចរណ៍ទាំងនេះ ភ្នំបូកគោក៏មានសណ្ឋាគារដ៏ប្រណិតពីរ សណ្ឋាគារឡឺ បូកគោ ផាឡេស និងសណ្ឋាគារឋានសួគ៌ សុខាដែលស្ថិតនៅលើកំពូលភ្នំ អមជាមួយទេសភាពដ៏ស្រស់បំព្រងនិងអាកាសធាតុត្រជាក់គ្រប់រដូវកាលនៅលើភ្នំបូកគោនៃព្រះរាជាណាចក្រកម្ពុជា។ សណ្ឋាគារឡឺ បូកគោផាឡេសត្រូវបានបើកសម្ពោធជាផ្លូវការលើកដំបូងក្នុងឆ្នាំ១៩២៥ នាសម័យអាណានិគមបារាំង។ សព្វថ្ងៃនេះ សណ្ឋាគារឡឺ បូកគោ ផាឡេសត្រូវបានជួសជុលឡើងវិញ ដោយរក្សាទុកនូវលក្ខណៈពិសេសរបស់វា និងបង្កើតឡើងវិញនូវរចនាបថផ្ទៃខាងក្នុងបែបអាណានិគម ជាមួយគ្រឿងបំពាក់បន្ទប់ទឹកដែលនាំចូលមកពីប្រទេសអ៊ីតាលី និងឥដ្ឋការ៉ូដ៏ប្រណិតដែលនាំចូលពីប្រទេសអេស្ប៉ាញ។ សណ្ឋាគារឡឺ បូកគោ ផាឡេសមានបន្ទប់ស្នាក់នៅ និងបន្ទប់ស្វីតដ៏ប្រណិតចំនួន៣៦បន្ទប់ និងភោជនីយដ្ឋានចំនួនពីរ ដោយចុងភៅស្វីស និងខ្មែរ បានរៀបចំនូវមុខម្ហូបកាលពី១០០ឆ្នាំមុខនិងម្ហូបអាហារគ្រួសាររាជវង្សខ្មែរ ជាមួយបន្លែសរីរាង្គនិងគ្រឿងផ្សំស្រស់ៗ ដែលដាំនៅចំការបន្លែលើភ្នំបូកគោ៕
Source: Kampuchea Thmey Daily
0 Comments