ក្រុមមន្ដ្រីបានប្រកាសកាលពីថ្ងៃចន្ទថា មន្ទីរបញ្ចកោណកំពុងដាក់ពង្រាយកងកម្លាំងសកម្មចំនួន៥,២០០នាក់ដើម្បីបង្កើនសន្តិសុខនៅតាមបណ្តោយព្រំដែនអាមេរិក - ម៉ិកស៊ិកក្នុងគោលបំណងរារាំងក្បួនជនអន្តោប្រវេសន៍អាមេរិកកណ្តាលពីការឆ្លងដែនខុសច្បាប់។
ទង្វើនេះបានតំណាងឲ្យការបង្កើនយោធាដ៏ធំនៅតាមបណ្តោយព្រំដែនដែលនៅទីនោះ មានឆ្មាំជាតិប្រមាណ២,០០០នាក់កំពុងធ្វើការរួចទៅហើយដើម្បីជួយដល់អាជ្ញាធរ។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ លោក Trump បាននិយាយម្តងហើយម្តងទៀតថា កងទ័ពជាច្រើនបន្ថែមទៀតគឺត្រូវការជាចាំបាច់ដើម្បីរឹតបន្តឹងសន្តិសុខនៅតាមព្រំដែនហើយលោកបានលើកយកបញ្ហាក្បួនជនអន្តោប្រវេសន៍នេះជាការឃោសនាមុនការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិដ៏សំខាន់ដែលបក្សប្រជាធិបតេយ្យអាចទទួលបានអំណាចមកវិញខ្លះ។
យោងតាមលោក Kevin McAleenan ស្នងការគយនិងការពារព្រំដែនសហរដ្ឋអាមេរិកបានឲ្យដឹងថា អាជ្ញាធរអាមេរិកកំពុងតាមដានមនុស្សមួយក្រុមមានគ្នាប្រហែល៣,៥០០នាក់ដែលកំពុងធ្វើដំណើរទៅទិសខាងជើងតាមតំបន់ Chiapas-Oaxaca នៅភាគខាងត្បូងប្រទេសម៉ិកស៊ិក។
លើសពីនេះទៀត ក្រុមមន្ត្រីកំពុងតាមដានមនុស្សប្រហែល៣,០០០នាក់ដែលបានប្រមូលផ្តុំគ្នានៅច្រកព្រំដែនរវាងប្រទេសហ្គាតេម៉ាឡានិងប្រទេសម៉ិកស៊ិក។
បើទោះបីជាមន្ត្រីអាមេរិកបានបង្ហាញព័ត៌មានលម្អិតអំពីការដាក់ពង្រាយយោធាក៏ដោយ ក៏ជនអន្តោប្រវេសន៍នៅតែព្យាយាមឆ្លងកាត់ទន្លេ Suchiate ពីប្រទេសហ្គាតេម៉ាឡាចូលទៅប្រទេសម៉ិកស៊ិកដោយជិះលើក្បូនធ្វើពីកង់ឡានឬចាប់ដៃគ្នាជាខ្សែដើម្បីទប់ទល់នឹងទឹកហូរ។
អ្នកផ្សេងទៀតបានហែលទឹកឆ្លងកាត់បន្ទាប់ពីអាជ្ញាធរម៉ិកស៊ិកបដិសេធបើកស្ពានព្រំដែន។
ការដាក់ពង្រាយដ៏ធំនេះបានកត់សម្គាល់ពីការកើនឡើងយ៉ាងខ្លាំងលើសពីការប៉ាន់ប្រមាណដំបូងកាលពីសប្តាហ៍មុននៅពេលមន្ត្រីអាមេរិកបាននិយាយថា កងទ័ពបំពេញកាតព្វកិច្ចសកម្មប្រហែល៨០០នាក់នឹងធ្វើដំណើរទៅភាគខាងត្បូង។
វាមានន័យថា ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ យោធាសហរដ្ឋអាមេរិកនឹងមានទាហានច្រើនជាងបីដងនៅតាមបណ្តោយព្រំដែនភាគខាងត្បូងបើប្រៀបធៀបទៅនឹងចំនួនដែលខ្លួនកំពុងប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋឥស្លាមនៅប្រទេសស៊ីរី៕ AFP
Source: Kampuchea Thmey Daily
0 Comments