ភ្នំពេញ ៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) សហការជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លមន្ទីរសុខាភិបាលរាជធានីភ្នំពេញនិងអាជ្ញាធរមូលដ្ឋានបានរៀបចំពិធីអបអរសាទរសមិទ្ធផលជាសកលដែលបានជួយគាំពារដល់អ្នករស់នៅជាមួយមេរោគអេដស៍បានចំនួន ១លាននាក់ នៅតាមបណ្តាប្រទេសចំនួន៤១ នៅលើពិភពលោកក្នុងនោះរួមទាំងប្រទេសកម្ពុជាផងដែរ។
ពិធីនេះ បានធ្វើឡើងកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាលាសង្កាត់ពងទឹករាជធានីភ្នំពេញក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិតតែង គន្ធី អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លោកវេជ្ជបណ្ឌិតស្រី វណ្ណ ធួន នាយកប្រតិបត្តិអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ប្រចាំនៅប្រទេសកម្ពុជាតំណាងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ មន្ត្រីសង្កាត់និងអ្នករស់នៅជាមួយមេរោគអេដស៍ជាច្រើនទៀត។
លោកវេជ្ជបណ្ឌិតស្រី វណ្ណធួន បានមានប្រសាសន៍ថា ក្នុងចំណោមអ្នករស់នៅជាមួយមេរោគអេដស៍បានចំនួន១លាននាក់ ក្នុងនោះប្រទេសកម្ពុជាមានប្រមាណ៣៦០០០នាក់បានទទួលបាននូវការថែទាំនិងព្យាបាលពីអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍។
លោកវេជ្ជបណ្ឌិតបានបន្តថា ការយកចិត្តទុកដាក់ក្នុងការថែទាំក៏ដូចជាទៅទទួលការព្យាបាលបានទៀងទាត់នេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការចម្លងមេរោគអេដស៍ទៅតាមគោលដៅរបស់រាជរដ្ឋាភិបាល ដែលបានកំណត់បញ្ឈប់ការចម្លងនៅឆ្នាំ២០២៥ខាងមុខនេះ។
លោកវេជ្ជបណ្ឌិតបានបន្ថែមថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍នឹងបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការបន្តជួយគាំពារសុខភាពដល់អ្នករស់នៅជាមួយមេរោគអេដស៍ជាបន្តទៀតដើម្បីឲ្យគាត់ទទួលបាននូវសុខភាពល្អអាចប្រកបការងារផ្សេងៗបានក្នុងការចិញ្ចឹមជីវិតប្រចាំថ្ងៃ។
ចំណែកលោកវេជ្ជបណ្ឌិតតែង គន្ធី អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានណែនាំដល់អ្នករស់នៅជាមួយមេរោគអេដស៍ទាំងអស់សូមកុំអស់សង្ឃឹមនៅក្នុងជីវិតព្រោះថា បងប្អូនមានអ្នកជួយគាំទ្រនិងលើកទឹកចិត្តពីគ្រប់មជ្ឈដ្ឋានទាំងរាជរដ្ឋាភិបាលអង្គការដៃគូ អាជ្ញាធរមូលដ្ឋាននិងសហគមន៍ទាំងមូល។ ដូចជាបងប្អូនត្រូវខិតខំអនុវត្តទៅតាមការណែនាំរបស់គ្រូពេទ្យនិងត្រូវទៅទទួលសេវាឲ្យបានទៀងទាត់ពោលគឺធ្វើយ៉ាងណាកុំឲ្យបោះបង់ការព្យាបាល កុំចម្លងទៅអ្នកដទៃ និង ចូលរួមផ្សព្វផ្សាយអប់រំស្តីពីបញ្ហាអេដស៍ដល់សហគមន៍ដើម្បីការពារកុំឲ្យមានអ្នកឆ្លងថ្មីជាបន្តទៀត។
ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិតតែង គន្ធី បានទទូចដល់អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍សូមបន្តជួយគាំពារនិងថែទាំដល់អ្នករស់នៅជាមួយមេរោគអេដស៍ជាបន្តទៀតដើម្បីឲ្យពួកគាត់ទទួលបានសុខភាពល្អនិងរស់នៅក្នុងសង្គមបានពេញលេញ។
គួរបញ្ជាក់ថា នៅក្នុងឱកាសនោះផងដែរអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍បានចែកអំណោយដល់ក្រុមគ្រួសារដែលរស់នៅជាមួយមេរោគអេដស៍ចំនួន៣០គ្រួសារ ដែលបង្ហាញពីការយកចិត្តទុកដាក់ជានិច្ចដល់អ្នករស់នៅជាមួយមេរោគអេដស៍៕
Source: Kampuchea Thmey Daily
0 Comments