Ad Code

ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ប្រកាស​បន្ត​កិច្ចសន្យា​ជាមួយ​កីឡាករ​ឆ្នើម​៣​នាក់​រហូតដល់​រដូវ​កាល​២០២១



ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង សមាជិក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) បាន​ប្រកាស​បន្ត​កិច្ចសន្យា​ឆ្នើម​ចំនួន​៣​នាក់ រហូតដល់​ឆ្នាំ​២០២១ ខាងមុខ ដោយ​ក្នុងនោះ​មាន​ខ្សែប្រយុទ្ធ ណុប តុលា ខ្សែបម្រើ​កណ្តាល ជា សំណាង និង​អ្នកចាំទី អាំ សុវណ្ណារ៉ា​ត់ ខណៈ​អ្នក​ទាំង​៣​ធ្លាប់ជា​តួរ​អង្គរ​សំខាន់​សម្រាប់​ក្រុម​នៅ​រដូវ​កាល​២០១៨​កន្លងទៅ​។

ចំពោះ​ខ្សែប្រយុទ្ធ ណុប តុលា បាន​ចូលរួម​ជាមួយ​ក្រុម​ក្រសួង​ការពារ​ជាតិ តាំងពី​ឆ្នាំ​២០១៣ មកម្ល៉េះ​ហើយ​រូបគេ​មិន​ធ្លាប់​ផ្លាស់ប្តូរ​ក្លិប​នៅឡើយ​នោះទេ ទោះ​ពេលខ្លះ​ត្រូវ​ប្តូរ​ទម្រង់​លេង​ពី​ខ្សែប្រយុទ្ធ​មកជា​ខ្សែការពារ ឬ​ពី​ខ្សែការពារ​មកជា​ខ្សែបម្រើ​ក៏ដោយ​។ រូបគេ​ត្រូវបាន​បណ្តុះ​ចេញពី​ក្រុមយុវជន​ថ្នាល​របស់​ក្រុម​មួយ​នេះ​។ មិនតែប៉ុណ្ណោះ តុលា ធ្លាប់មាន​ឈ្មោះ​ក្នុង​ក្រុម​ជម្រើសជាតិ​តាំងពី​ឈុត​យុវជន U16 រហូតដល់​ឈុត​ធំ​ផងដែរ​។



ចំណែក​ខ្សែបម្រើ​កណ្តាល ជា សំណាង វិញ​ត្រូវបាន​លោកគ្រូ​បង្វឹក​Conor Nestor ឲ្យ​កាន់តំណែង​ជា​ប្រធាន​ក្រុម​ពេញ​មួយ​រដូវ​កាល​ឆ្នាំ​២០១៨​។ ម្ចាស់​អាវ​លេខ​៨​ក្នុង​ក្រុម​នេះ​បាន​ចូលរួម​ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង តាំងពី​ឆ្នាំ​២០១០ មកម្ល៉េះ​ដោយ​កាលនោះ​លោក រិទ្ធី ឌី​កា ជា​គ្រូបង្វឹក​បាន​ជម្រើស​រើស​រូបគេ​ចេញពី​ក្រុមយុវជន​ថ្នាល​។ រូបគេ​ក៏ត្រូវ​បាន​កោះហៅ​ឱ្យចូល​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា ម្តងម្កាល​ផងដែរ​។

ដោយឡែក​អ្នកចាំទី អាំ សុវណ្ណារ៉ា​ត់ វិញ​ជា​អ្នកចាំទី​ម្នាក់​ក្នុងចំណោម​២​នាក់​ដែល​ឆ្នើម​នៅក្នុង​ក្រុម​ពោលគឺ​ជាមួយ​ដៃគូ អោម ឧ​ត្ត​ម បន្ទាប់ពី​អ្នកចាំទី​Dmitry Asnin ជនជាតិ​បេឡា​រ៉ុ​ស ចាកចេញ​ក្រោយ​ចប់​រដូវ​កាល​។ យ៉ាងណាក្តី​កាលពី​រដូវ​កាល​ឆ្នាំ​២០១៨ រូបគេ​ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ពិន័យ​មិន​ឲ្យ​ចូល​ប្រកួត​ចំនួន​៣​ខែក្រោយ​មាន​បញ្ហា​លើ​ទីលាន​ពេល​ប៉ះ​ក្រុម​ក្រសួងការពារជាតិ លើ​ទឹកដី​កីឡដ្ឋាន​ខេត្តស្វាយរៀង​។



ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ដែល​ដឹកនាំ​ដោយ​លោក Conor Nestor ទទួល​ចំណាត់ថ្នាក់​មិនសូវ​បាន​ល្អ​នោះ​ទេ​ប្រចាំ​រដូវ​កាល​២០១៨ កន្លងទៅ​ទាំង​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា និង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន បើ​ធៀប​នឹង​លទ្ធផល​តាម​ឆ្នាំ​កន្លង​មក​។ ចំពោះ​លី​គ​កំពូល​កម្ពុជា វិញ​ក្រោយ​ប្រកួត​បាន​២២​លើក ឈ្នះ​បាន​១០​លើក ហើយ​ស្មើគ្នា​បាន​៣​លើក និង​បរាជ័យ​រហូតដល់​៩​លើក ឈរ​ចំណាត់ថ្នាក់​លេខ​៦​បណ្តោះអាសន្ន​ក្នុងចំណោម​ក្លិប​ជា​សមាជិក​ទាំង​១២​។ ចំណែក​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន វិញ​ក្រុម​នេះ​បាន​ធ្លាក់​ត្រឹម​វគ្គ​៨​ក្រុម​ចុងក្រោយ​បន្ទាប់ពី​ចាញ់​អង្គ​រថា​យ​ហ្គឺ​រ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu