Ad Code

ក្រុម​ក្រសួងការពារជាតិ យកឈ្នះ​ក្រុម​ថៃ ដណ្តើម​បាន​កៅអី​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​អន្តរជាតិ​មួយ​នៅ​ប្រទេស​ចិន



ក្រុមបាល់ទាត់​ម្ចាស់​ជើងឯក​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន រដូវ​កាល​ឆ្នាំ ២០១៨ គឺ​ក្រុម​ក្រសួងការពារជាតិ (​ទ័ព​) ទទួល​បាន​កៅអី​ឡើង​ទៅ​លេង​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ រួចរាល់​ហើយ​បន្ទាប់ពី​យកឈ្នះ​ក្រុម​មួយ​មកពី​ប្រទេស​ថៃ ក្នុង​ពានរង្វាន់​អន្តរជាតិ 2018 China-ASEAN Cities Football Tournament នៅ​ខេត្ត Nanning ប្រទេស​ចិន​។

​នៅក្នុង​វគ្គ​ជម្រុះ​បឋម​ក្រុម​ក្រសួងការពារជាតិ បាន​ប្រកួត​ឈ្នះ​ក្រុម BTU FC របស់​ប្រទេស​ថៃ ដោយ​លទ្ធផល ២​ទល់​០ នៅ​ល្ងាច​ថ្ងៃ​ពុធ ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ សប្ដាហ៍​នេះ​។ កីឡាករ​ដែល​រក​គ្រាប់​បាល់​ជ័យជម្នះ​ឲ្យ​ក្រុម​ទៅ​ពី​កម្ពុជា នេះ​គឺ ភួង សុខ​សា​ណា និង ណា​រ៉ុង កក្កដា​។ ចំណែក​១​គូ​ទៀត​ក្រុម​Than Quảng Ninh FC របស់​ប្រទេស​វៀតណាម បាន​យកឈ្នះ​ក្រុម​Tero Police របស់​ថៃ ២​ទល់​០ ផងដែរ​។



ពានរង្វាន់​នេះ​ មាន​ក្រុម​ចំនួន​៤​ចូលរួម​ដោយ​ក្នុង​នោះ​មាន​ក្រុម​២​មកពី​ថៃ​គឺ Police Tero Sasana និង​ក្រុម​សាកលវិទ្យាល័យ BTU FC បូករួម​ទាំង​ក្លិប Than Quang Ninh របស់​វៀតណាម​និង​ក្រុម​ក្រសួងការពារជាតិ របស់​កម្ពុជា​។ ការប្រកួត​ធ្វើឡើង​ពី​ថ្ងៃ​ទី​១៤ ដល់​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ ដូច្នេះ​ក្រុម​ដែល​ទទួល​បាន​ជ័យជម្នះ​ដូចគ្នា​គឺ Than Quảng Ninh FC និង​ក្រុម​ក្រសួងការពារជាតិ នឹង​ត្រូវ​ឡើង​ទៅ​លេង​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ នៅ​វេលា​ម៉ោង​៦និង៣០​នាទី​ល្ងាច​ ថ្ងៃ​សៅរ៍ ទី​១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ចុង​សប្ដាហ៍​នេះ។

ក្រុម​ក្រសួងការពារជាតិ របស់​កម្ពុជា ដឹកនាំ​ដោយ​លោក ខូវ ឆាយ ជា​អគ្គលេខាធិការ​ក្លិប លោក ទេព ឡុង​រចនា ជា​អ្នកចាត់ការ​ទូទៅ​ក្លិប​លោក ភា សុភ​ត្រា ជា​គ្រូបង្វឹក​លោក អ៊ុំ សាវង្ស​, ហោ សុខ​ហេង​,​ឡុង សុធា​រ៉ា និង លេង ណា​វីន ជា​ជំនួយការ​គ្រូបង្វឹក​។ ចំណែក​កីឡាករ​មាន សំរឹទ្ធ សីហា​, គឹម ស៊ី​ម៉េង​, ខែ​ក ខេមរិន្ទ​, រឿ​ម ចាន់​រឿន​, ម៉ាត់ សាត់​យ៉ា​,​អ៊ែ​ល ធី​ហឿ​ត​, អ៊ុ​ព កា​ម៉ុ​ល​, ង៉ែត លី​ទី​,​សុខ ហៀ​ង​,​ភួង សុខ​សា​ណា​, ជា ណា​វីន​, កាន់ ពិសាល​, ទូច រ៉ូ​ម៉ា​,​ណា​រ៉ុង កក្កដា​។ ក្រៅពីនោះ​កីឡាករ​បរទេស​មាន Yoo Jae Ho ជនជាតិ​កូរ៉េខាងត្បូង​, Yudai Ogawa ជនជាតិ​ជប៉ុន​,MOHAMED HAMZA ជនជាតិ​អេ​ហ្ស៊ី​ប​, Na Hyosung ជនជាតិ​កូរ៉េខាងត្បូង​។



ដំណើរ​ទៅកាន់​ប្រទេស​ចិន នេះ​ត្រូវ​បាន​ក្លិប​ក្រសួងការពារជាតិ គិតថា​គឺជា​ឱកាស​ក្នុង​ការ​ធ្វើតេស្ត​សមត្ថភាព​ដល់​កីឡាករ​ថ្មីៗ​មួយចំនួន​មុន​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៩ មកដល់​ខណៈ​លោក​ក៏បាន​ចុះបញ្ជី​កីឡាករ​យុវជន​៤​នាក់​ នៅក្នុង​ក្រុម​ដើម្បី​ជំនួស​កីឡាករ​សំខាន់ៗ​ដែល​កំពុង​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា ប្រកួត​ក្នុង​ពានរង្វាន់ AFF Suzuki Cup 2018​។ កីឡាករ​ទាំងអស់​នោះ​មាន​ឈិន ឈឿន​,​រ៉ឹ​ម ប៊ុន​ហៀ​ង​, ស ពិសិដ្ឋ និង អ៊ុំ វិចិត្រ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu