Ad Code

អប់រំ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ ដល់​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍ មុន​ពេល​ព្រះរាជ​ពិធីបុណ្យ​អុំ​ទូក​



កំពង់ឆ្នាំង ៖ ក្រសួង​អភិវឌ្ឍន៍​ជនបទ បាន​រៀបចំ​ធ្វើ​ពិធី​អប់រំ​ផ្សព្វផ្សាយ ​អំពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ​ដល់​ប្រជាពលរដ្ឋ នៅ​ក្នុង​សាលាបឋមសិក្សា​ក្រាំង​លាវ ឃុំ​ក្រាំង​លាវ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង​ កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្រោម​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ លោក​បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ លោក ឈួ ច័ន្ទ​ឌឿ​ន អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង តំណាង​ដៃគូ​អភិវឌ្ឍន៍ អាជ្ញាធរ​មូលដ្ឋាន ស្រុក ឃុំ លោក​មេភូមិ លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ និង​សិស្ស​សរុប​ចំនួន​៦៤០​នាក់​។​

ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ គឺ​សុទ្ធសឹងតែ​ជា​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ផ្លូវ​ ដែល​បាន​កែលំអ​ដោយ​គម្រោង​កែលំអ​ផ្លូវ​ជនបទ​ជំហាន​២​។ ការ​ចុះ​ផ្សព្វផ្សាយ​លើក​នេះ​ បាន​ផ្សារភ្ជាប់​ជាមួយនឹង​ការ​ខិតជិត​មកដល់ ​នៃ​ពិធីបុណ្យ​អុំទូក បណ្តែត​ប្រទីប ​និង​សំពះ​ព្រះ​ខែ ​អកអំបុក​ ជា​បុណ្យ​ប្រពៃណីជាតិ​ដ៏​ធំ​។

សូម​បញ្ជាក់​ថា នៅក្នុង​គម្រោង​កែលំអ​ផ្លូវ​ជនបទ​ជំហាន​២​នេះ មាន​ផ្លូវ​ចំនួន​៧០​ខ្សែ និង​មាន​ប្រវែង​សរុប​ចំនួន​១.២០០​គីឡូម៉ែត្រ ស្ថិតនៅក្នុង​ខេត្ត​ចំនួន​១០​មានដូចជា ខេត្ត​កំពង់ចាម ត្បូងឃ្មុំ តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង​ខេត្ត​កំពង់ធំ​។

ដោយឡែក ការចុះ​អប់រំ​ផ្សព្វផ្សាយ​ខាងលើនេះ ក្រសួង ​រៀបចំ​ធ្វើ​នៅក្នុង​ខេត្តកំពង់ឆ្នាំង ដែលជា​ខេត្ត​មួយ​មាន​ផ្លូវ​គម្រោង​ចំនួន​៩​ខ្សែ និង​មាន​ប្រវែង​សរុប​ចំនួន​១២៥​គីឡូម៉ែត្រ​។​

មានប្រសាសន៍​នៅក្នុង​ឱកាស​ដ៏​វិសេសវិសាល​នោះ លោក អ៊ុក រ៉ាប៊ុន​ បាន​សម្ដែង​នូវ​សេចក្ដី​រីករាយ​ដោយ​បាន​ចូលរួម​ជួប​សំណេះសំណាល​ដោយ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ ព្រមទាំង​បាន​បញ្ជាក់​ជូន​ប្រជាពលរដ្ឋ​ទាំងអស់​ថា រាជរដ្ឋាភិបាល​ រមែង​គិតគូរ​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​គ្រប់​ពេល ​និង​គ្រប់កន្លែង​។

ជាក់ស្ដែង​សមិទ្ធផល​ក្នុងការ​សាងសង់​ផ្លូវ ស្ពាន សាលារៀន ប្រឡាយទឹក ។- ​ល-​។ គឺ​សុទ្ធតែ​បាន​មក​ដោយ​ការខិតខំ​ប្រឹងប្រែង​គ្មាន​សំចៃ​របស់​ថ្នាក់ដឹកនាំ​រដ្ឋ​ ដែលមាន​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន​ ជា​នាយករដ្ឋមន្ត្រី​ នៃ​ប្រទេស​កម្ពុជា​។
ស្របតាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​ ដែល​តែង​រំលឹក​ថា មាន​ផ្លូវ មាន​សង្ឃឹម​នោះ រាជរដ្ឋា​ភិបាល​កម្ពុជា​បាន​ខិតខំ​កសាង​ផ្លូវ​ថ្មី និង​កែលំអ​ផ្លូវ​ដែល​មាន​ស្រាប់​ឲ្យ​បាន​ច្រើនជាង​មុន ធំ​ជាង​មុន វែង​ជាង​មុន ជាប់​ជាង​មុន ដើម្បី​ជូន​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់ សម្រួលការ​ធ្វើដំណើរ​ឲ្យ​បាន​ឆាប់​ជាង​មុន ស្រួល​ជាង​មុន សំដៅ​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ឲ្យ​បាន​ប្រសើរ​ជាង​មុន​។

លោក​រដ្ឋមន្ត្រី ក៏បាន​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​ ចូលរួម​ខិតខំ​ថែរក្សា​ផ្លូវ​ដែល​មាន​នេះ​ឲ្យ​ប្រើប្រាស់​បាន​យូរ​អង្វែង ដើម្បី​ជួយ​សន្សំសំចៃ​ថវិកា​ក្នុង​ការ​ជួសជុល និង​ជា​ឧត្ដម​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​យើងទាំងអស់គ្នា ហើយ​ក៏បាន​ផ្ដាំផ្ញើ​ប្រជាពលរដ្ឋ ឲ្យ​ប្រកាន់​ឥរិយាបថ​ធ្វើដំណើរ​ដោយ​សុវត្ថិភាព​មាន​ដូចជា ​ការមិន​បើកបរ​ហួស​ល្បឿន​កំណត់ មិន​បើកបរ​ក្រោយពេល​ទទួលទាន​គ្រឿង​ស្រវឹង ត្រូវ​គោរព​ស្លាក​សញ្ញា​ចរាចរណ៍ និង​ត្រូវ​ពាក់មួក​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ​រៀងរាល់​ពេល មិន​ថា​ធ្វើដំ​ណើរ​ជិត ឬ​ឆ្ងាយ​។

ភ្ជាប់​នឹង​ការពាក់​មួកសុវត្ថិភាព​នេះដែរ លោក​រដ្ឋមន្ត្រី ​ក៏បាន​ណែនាំ​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ឲ្យ​បាន​ដឹង​ពី​វិធី​ជ្រើសរើស​មួយ​ចំនួន​ដែល​ជួយ​ឲ្យ​អាច​ទិញ​មួក​ដែល​មានគុណ​ភាព​ល្អ ​ត្រូវ​តាម​ស្តង់ដារ​បាន​។

ការ​ពាក់មួក​ដែល​ប្រកបដោយ​គុណភាព​ល្អ នឹង​អាច​ជួយ​ការពារ​ក្បាល​បាន​ប្រសើរ​ជាង​មួក​ដែល​មិន​មាន​គុណភាព​ត្រឹមត្រូវ​។​

នៅក្នុង​ពិធី​អប់រំ​ផ្សព្វផ្សាយ​នេះ លោក អ៊ុក រ៉ាប៊ុន​ ក៏បានផ្ដល់​មួក​សុវត្ថិភាព​ចំនួន​១២៥​មួក ជូន​ដល់​សិស្ស និង​លោក​មេឃុំ និង​មេ​ប៉ុស្តិ៍ មកពី​១៣​ឃុំ​ នៅក្នុង​ស្រុក​រលាប្អៀរ និង​សិស្សានុសិស្ស​ដែល​ជា​សិស្ស​ពូកែ​នៅក្នុង​ថ្នាក់រៀន​។

ក្រៅពី​មួកសុវត្ថិភាព ក៏មាន​ការផ្ដល់ជូន​នូវ​សម្ភារៈ​សិក្សា​ដល់​សិស្ស​ដែល​បាន​ចូលរួម ចំនួន​៣០០​នាក់ ក្នុងនោះ​សិស្ស​ពូកែ​ប្រចាំ​ថ្នាក់​ចំនួន​៥៣​នាក់ បាន​ទទួល​សៀវភៅសរសេរ​ចំនួន​ប្រាំ​ក្បាល និង​ប៊ិច​ចំនួន​មួយ​ដើម រីឯ​សិស្ស​ផ្សេងទៀត​ទទួល​បាន​សៀវភៅសរសេរ​ចំនួន​មួយ​ក្បាល និង​ប៊ិច​ចំនួន​មួយ​ដើម​ផង​ដែរ​។

សូម​បញ្ជាក់​ថា តាម​របាយការណ៍ ​នៃ​ប្រព័ន្ធ​ព័ត៌មាន​ជនរងគ្រោះ និង​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​នៅ​ប្រទេស​កម្ពុជា បង្ហាញ​ថា​រៀងរាល់​ពេល​បុណ្យជាតិ​ធំៗ ​រមែង​មាន​ចំនួន​គ្រោះថ្នាក់​កើតឡើង​ច្រើនជាង​ពេល​ធម្មតា​។

ក្នុងនោះ​ពិធីបុណ្យ​អុំទូក​ គឺជា​ពេល​ដែលមាន​គ្រោះថ្នាក់​ចរាចរណ៍​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់​មួយ​។ ជាក់​ស្ដែង កំឡុង​រយៈពេល​៧​ថ្ងៃ ​ក្នុងពេល​អុំទូក​កាលពី​ឆ្នាំ​២០១៧​កន្លងមក មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ​និង​បណ្ដាល​ឲ្យ​មាន​អ្នករងគ្រោះ​ដល់​ជីវិត​ចំនួន​៥៥​នាក់ របួសធ្ងន់​១០១​នាក់ របួសស្រាល​១៣៣​នាក់​។

សរុប​មក​ ក្នុង​ឱកាស​នោះ មាន​មនុស្ស​បាត់បង់​ជីវិត​ជា​មធ្យម​ចំនួន​៨​នាក់ ​ក្នុង​មួយថ្ងៃ ដែល​ធម្មតា​មាន​អ្នក​ស្លាប់​ត្រឹមតែ​៥​នាក់​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ​៕



 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu