Ad Code

ទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​ រៀបចំ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ នៅ​ទីក្រុង​សេ​អ៊ូ​ល ដោយមាន​ភ្ញៀវកិត្តិយស​ជាតិ​-​អន្តរជាតិ​ ចូលរួម​ជាង​៣០០​នាក់​និង​រដ្ឋទូត​ជិត​១០០



ប្រទេស​កូរ៉េ ​៖ ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ កាលពី​ល្ងាច​ថ្ងៃ​ពុធ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ ២០១៨ បាន​រៀបចំ​ពិធីជប់លៀង​ជា​ផ្លូវការ​អបអរសាទរ​បុណ្យ​ឯករាជ្យ​ជាតិ និង​បុណ្យ​កំណើត​កង​យោធពល​ខេមរភូមិន្ទ នៅ​សណ្ឋាគារ ​Lotte Hotel នាទី​ក្រុង​សេអ៊ូល ដោយមាន​ការចូលរួម​ពី ភ្ញៀវកិត្តិយស​ជាតិ​-​អន្តរជាតិ ចូលរួម​ប្រមាណ​៣៦០​នាក់ រួមមាន​តំណាង​រដ្ឋាភិបាល​កូរ៉េ​ជា​អនុរដ្ឋមន្ត្រី​ការបរទេស លោក KANG Jeong-sik, និង​តំណាង​រដ្ឋសភា​ជាតិ លោក Byung Jae-ill, សមាជិក​រដ្ឋសភា​ជាតិ​កូរ៉េ និង​ជា​អនុប្រធាន​ក្រុម​សភា​មិត្តភាព​កម្ពុជា​-​កូរ៉េ រួមជាមួយ​នឹង​បណ្តា​អគ្គរាជទូត​-​រដ្ឋទូត និង​សេនានុព័ន្ធ​យោធា ព្រម​នឹង​មន្ត្រី​អាជ្ញាធរ​កូរ៉េ​ពាក់ព័ន្ធ រួមទាំង​បណ្តា​វិស័យ​ឯកជន​កូរ៉េ។

ថ្លែង​ទៅកាន់​បណ្ដា​​​អគ្គរាជទូត​-​រដ្ឋទូត​ជិត​១០០ និង​ភ្ញៀវ​អន្ដរជាតិ​ជាង​៣០០​នាក់ លោក ឡុង ឌី​ម៉​ង់ ឯកអគ្គរាជទូត​កម្ពុ​ជា បាន​រៀបរាប់​ពី​ឯករាជ្យ​ជាតិ សន្ដិភាព ស្ថិរភាព​នយោបាយ របស់​កម្ពុជា​នាពេល​បច្ចុប្បន្ន ដែល​បានមក​ដោយ​លំបាក គឺ​បាន​លះបង់​សាច់​ស្រស់​ឈាម​របស់​យុទ្ធជន​ពលី​រាប់សែន​នាក់ ហើយ​បានបង្ហាញ​ពី​សក្ដានុពល​ទេសចរណ៍ និង​សេដ្ឋកិច្ច​របស់​កម្ពុ​ជាដ​ល់​ភ្ញៀវ​ចូលរួម ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា។

គួរ​បញ្ជាក់​ដែរ​ថា ក្នុង​ពិធីជប់លៀង​ផ្លូវការ​អបអរសាទរ​បុណ្យ​ឯករាជ្យ​ជាតិ​នេះ ក៏បាន​រៀបចំ​បម្រើ​ភ្ញៀវ​នូវ​មុខម្ហូប នំ បង្អែម​ខ្មែរ ព្រមជាមួយ​ក្រមា​អនុស្សាវរីយ​ដល់​ភ្ញៀវ​ចូលរួម​ទាំងអស់​ផង​ដែរ៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu