ប៉ៃលិន ៖ កាលពីវេលាម៉ោង១២និង០០នាទីរសៀល ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការនគរបាលខេត្តប៉ៃលិន បានធ្វើការចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់មួយកន្លែង ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយឃាត់ខ្លួនជនសង្ស័យ០៤នាក់ រួមនឹងវត្ថុតាងតាមថ្នាំញៀនមួយចំនួនធំ បញ្ជូនមកកាន់ស្នងការនគរបាលខេត្ត ដើម្បីចាត់ការបន្ត។
បើតាម លោកវរសេនីយ៍ទោ ផង់ ជឿម នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការនគរបាលខេត្តប៉ៃលិនបានឲ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ គឺដោយមានការចង្អុលបង្ហាញពីជនសង្ស័យម្នាក់ ដែលសមត្ថកិច្ចយើងចាប់បានកាលពីថ្ងៃមុន លុះដល់ឃើញមុខសញ្ញាជនសង្ស័យធ្វើសកម្មភាព កម្លាំងជំនាញ ក៏ហ៊ុមព័ទ្ធចាប់បានតែម្ដង។
លោកនាយបន្តថា ជនសង្ស័យដែលសមត្ថកិច្ចការិយាល័យឃាត់ខ្លួន ទី១/ឈ្មោះ តឿ ទី ហៅអាទី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបររត់ម៉ូតូឌុប,ទី២/ឈ្មោះ ផាន់ ឌីន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កម្មករ,ទី៣/ឈ្មោះ ជិន ប្រុស ហៅអាម៉ាប់ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរសន្តិសុខខារ៉ាអូខេ SENSE អ្នកទាំងបីរស់នៅភូមិ/ឃុំកើតហេតុខាងលើ និងទី៤/ឈ្មោះ ឡុក ភីលាភ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ក្នុងនោះ សមត្ថកិច្ចដកហូតបានវត្ថុតាង និងសម្ភារៈមួយចំនួនរួមមាន ម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកកICE) ចំនួន១២កញ្ចប់តូច ទម្ងន់ស្មើនឹង២,៨១ក្រាម ថ្លឹងទាំងសំបកថង់ប្លាស្ទិក និងឧបករណ៍សម្រាប់ជក់ អំពូលទែរម៉ូមែត្រ០២ ដែកកេះ០២ ទុយយោ០១ ព្រមទាំងកញ្ចប់បារី០២កញ្ចប់ផងដែរ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញនាំខ្លួនមកកាន់ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ផងដែរ៕
Source: Kampuchea Thmey Daily
0 Comments