ភ្នំពេញ ៖ ការត្អូញត្អែរពីផលលំបាកនេះ បានធ្វើឡើងនៅក្នុងទិវាអ្នកលក់ដូរតាមដងផ្លូវ នៅទូទាំងពិភពលោក ខួបលើកទី៦ ដែលរៀបចំដោយសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ កាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្នាក់ការរបស់សមាគម ដែលស្ថិតនៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានអ្នកលក់ដូរតាមដងផ្លូវ ចូលរួមប្រមាណជាង១០០នាក់។
ទិវានេះ រៀបចំឡើងក្នុងគោលបំណងរួបរួមគ្នា ដើម្បីអនុវត្តសកម្មភាពសាកល ដើម្បីបង្ហាញឲ្យឃើញនូវតម្រូវការ និងភាពចាំបាច់នានា ដែលធ្វើឲ្យមនុស្សគ្រប់រូបនៅក្នុងសង្គមផ្សេងៗ ទទួលស្គាល់គុណតម្លៃរបស់អ្នកលក់ដូរតាមដងផ្លូវ ហើយសម្រាប់កម្ពុជា រៀបចំឡើងក្រោមប្រធានបទ “ការទទួលខុសត្រូវរបស់អាជ្ញាធររដ្ឋចំពោះអ្នកលក់ដូរតាមដងផ្លូវ” ។
អ្នកស្រី ណុប សាវី ដែលអះអាងថា ជាលក់ដូរនៅមុខរោងចក្រមួយកន្លែងក្បែររោងចក្រ ម្ដុំផ្លូវណតប្រីត បានលើកឡើងថា ពួកគាត់មានការលំបាកយ៉ាងខ្លាំង ខណៈពេលលក់ដូរតាមចិញ្ចើមផ្លូវ ជាពិសេសការយកលុយពីសំណាក់អាជ្ញាធរមូលដ្ឋាន ដែលមិនដឹងជាយកថ្លៃអ្វីខ្លះ ហើយមិនបានរៀបចំឲ្យពួកគាត់បានលក់ដូរតាមត្រឹមត្រូវនោះឡើយ ហើយបើមិនឲ្យលុយទេ គេនឹងដេញមិនឲ្យលក់ឡើយ។
ចំណែកប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក វន់ ពៅ សង្ឃឹម និងជឿជាក់ថា រាជរដ្ឋាភិបាល ព្រមទាំងស្ថាប័នពាក់ព័ន្ធ នឹងឆ្លើយតបជាវិជ្ជមាន សម្រាប់អ្នកលក់ដូរតាមដងផ្លូវទាំងអស់ក្នុងប្រទេសកម្ពុជា ដើម្បីផ្ដល់ឱកាសឲ្យពួកគាត់ លក់ដូរឲ្យបានត្រឹមត្រូវ និងសមរម្យ។
លោកបន្តថា អ្នកលក់ដូរតាមដងផ្លូវនៅកម្ពុជា ជាពិសេសរាជធានីភ្នំពេញ បានជួបប្រទះបញ្ហាមួយចំនួនដូចជា គ្មានកន្លែងលក់ដូរសមរម្យ ,បញ្ហាអនាម័យ និងសុខភាព, បញ្ហាសុវត្ថិភាព , ការបៀតបៀនពីសំណាក់ម្ចាស់ផ្ទះ និងអាជ្ញាធរមួយចំនួន ,បញ្ហាប្រឈមនឹងសិទ្ធិ, ប្រឈមនឹងការដេញចេញ ពីកន្លែងលក់បច្ចុប្បន្ន ,ប្រឈមនឹងការវិនិយោគ ដើម្បីអភិវឌ្ឍន៍ ដែលប្រឈមនឹងការបាត់បង់ កន្លែងប្រកបមុខរបរអាជីវកម្ម ,មិនទទួលបានកិច្ចគាំពារសង្គមដូចជា មិនទទួលបានប័ណ្ណមូលនិធិសមធម៌ និងរបបសន្តិសុខសង្គម ,ប្រាក់ចំណូលមិនទៀងទាត់ ,ថ្លៃភាស៊ីមិនច្បាស់លាស់ , ការប្រើអំពើហិង្សា នៅពេលចុះរៀបចំសណ្ដាប់ធ្នាប់ ពីសំណាក់មន្ត្រី រៀបចំសណ្ដាប់ធ្នាប់មួយចំនួនជាដើម។
ពាក់ព័ន្ធបញ្ហាប្រឈមខាងលើ លោក វន់ ពៅ បានអំពាវនាវយ៉ាងទទូចដល់អាជ្ញាធររដ្ឋ ជួយទប់ស្កាត់ និងរកដំណោះស្រាយ ប្រកបដោយវិជ្ជមានដូចជា រៀបចំសណ្ដាប់ធ្នាប់ ដោយមានភាពទទួលខុសត្រូវចំពោះអ្នកលក់ដូរតាមដងផ្លូវ, រៀបចំកន្លែងលក់ដូរឲ្យបានសមរម្យ និងអនាម័យប្រកបដោយសុវត្ថិភាព, ដាក់គំនូសខណ្ឌចែកចិញ្ចើមផ្លូវ ឬដាក់របង សម្រាប់បែងចែក ចំណែកផ្លូវសម្រាប់អ្នកលក់ ដើម្បីផ្ដល់ភាពងាយស្រួលដល់មហាជនទាំងឡាយ ងាយស្រួលក្នុងការទិញដូរ និងដើម្បីសុវត្ថិភាព , ត្រូវអនុវត្តន៍ឡើងវិញ នូវសារាចររបស់រាជរដ្ឋាភិបាល ដោយការលុបការបង់ថ្លៃ ចំពោះពលរដ្ឋ លក់ដូរ តាមកញ្ច្រែង កញ្ជើ ល្អី), សុំបន្តធ្វើឡើងវិញ នូវប័ណ្ណមូលនិធិសមធម៌សម្រាប់អ្នកលក់ដូរតាមដងផ្លូវជាដើម។
សូមបញ្ជាក់ថា ទន្ទឹមនឹងការលើកឡើងពីផលលំបាក និងសំណូមពរខាងលើនេះ កន្លងមកមហាជន ក៏ដូចជាអាជ្ញាមូលដ្ឋាន តែងតែរអ៊ូទាំជាញឹកញាប់ទាក់ទងនឹងការយកចិញ្ចើមផ្លូវលក់ដូរ ធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើរ សណ្ដាប់ធ្នាប់សាធារណៈ និងគ្រោះថ្នាក់ចរាចរណ៍ ដែលធ្វើឲ្យអាជ្ញាធរមានការលំបាកក្នុងការដោះស្រាយ៕
Source: Kampuchea Thmey Daily
0 Comments