ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤វិច្ឆិកា ប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលក្រៅផ្លូវការ អាស៊ាន- អូស្ត្រាលី ក្នុងពិធីពិសាអាហារការងារពេលព្រឹក។
ប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ានបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក ស្កុត ម៉ូសីស សុន (Scott Morrison) ដែលទទួលបានការជ្រើសតាំងជានាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសអូស្ត្រាលី និងដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលក្រៅ ផ្លូវការអាស៊ាន-អូស្ត្រាលីនាពេលនេះ។
មេដឹកនាំ នៃប្រទេសអាស៊ាន ក៏បានធ្វើការកត់សម្គាល់នូវលទ្ធផលជាផ្លែផ្កា នៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី កាលពីខែមិនា ឆ្នាំ២០១៨ នៅទីក្រុងស៊ីនី ដែលយើងទាំងអស់គ្នាត្រូវបន្តជំរុញការអនុវត្តដោយពេញលេញ និងប្រកបដោយប្រសិទ្ធភាពបំផុត ។ មេដឹកនាំនៃប្រទេសអាស៊ាន និង អូស្ត្រាលី មានសេចក្ដីរំភើបចំពោះកំណើន នៃទំហំពាណិជ្ជកម្មរវាងតំបន់ទាំងពីរដោយគិតត្រឹមឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មអាស៊ាន និងអូស្ត្រាលី មានទំហំ៥៩ប៊ីលានដុល្លារអាមេរិក កើនជាង ១១,៧% ប្រៀបធៀបនឹងឆ្នាំ ២០១៦ ហើយការវិនិយោគដោយផ្ទាល់របស់អូស្ត្រាលីមកកាន់តំបន់អាស៊ាន កើនឡើងប្រមាណ៣៣,៤%។
នេះគឺជាសញ្ញាវិជ្ជមានមួយដែលអាស៊ាន និងអូស្ត្រាលី បន្តជំរុញ និងគាំទ្របន្ថែមទៀត តាមរយៈការលើកកម្ពស់សកម្មភាព នៃការផ្សព្វផ្សាយធុរកិច្ច និងការពង្រឹងការ ត.ភ្ជាប់ រវាងវិស័យឯកជន និងឯកជន ក៏ដូចជាវិស័យសាធារណៈ និងឯកជន ដោយផ្ដោតជាពិសេសលើសហគ្រាសធុនតូច និងមធ្យម។
នៅក្នុងកិច្ចប្រជុំកំពូលក្រៅផ្លូវការនោះដែរ បណ្ដាមេដឹកនាំអាស៊ាន ក៏បានស្វាគមន៍ចំពោះការពង្រីកផែនការកូឡំបូថ្មីរបស់អូស្ត្រាលី ដល់បណ្ដាប្រទេសសមាជិកអាស៊ានទាំងអស់ ដើម្បីលើកកម្ពស់ថែមទៀត នូវការ ត.ភ្ជាប់រវាងប្រជាជន និងប្រជាជនឲ្យកាន់តែទូលំទូលាយ ដោយជួយគាំទ្រដល់សិស្ស និស្សិតអូស្ត្រាលី មកសិក្សា និងអនុវត្តការងារនៅក្នុងបណ្ដាប្រទេសសមាជិកអាស៊ាន។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានធ្វើបទអន្តរាគមន៍ក្នុងកិច្ចប្រជុំកំពូលក្រៅផ្លូវការអាស៊ាន-អូស្ត្រាលី ដោយបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងតំបន់ទាំងពីរអាស៊ាន-អូស្ត្រាលី ពិសេសការជំរុញកំណើនសេដ្ឋកិច្ចពាណិជ្ជកម្ម និងការ ត.ភ្ជាប់ ពីគ្រប់ផ្នែកទាំងអស់ រវាងអាស៊ាន និងអូស្ត្រាលី។
នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការនោះដែរ កិច្ចប្រជុំបានឯកភាពគ្នាក្នុងការឈានទៅចេញសេចក្ដីប្រកាសព័ត៌មានរបស់ប្រធាន កិច្ចប្រជុំក្រៅផ្លូវការ និងពិធីទទួលទានអាហារការងារពេលព្រឹក នៃមេដឹកនាំអាស៊ាន-អូស្ត្រាលី៕
Source: Kampuchea Thmey Daily
0 Comments