ភ្នំពេញ ៖ តាមការគ្រោងទុក នៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៨ នេះសាលាដំបូង នៃសាលាក្ដីខ្មែរក្រហម បាន និងកំពុង បើកសវនាការប្រកាសសាលក្រមលើសំណុំរឿង០០២/០២ ពាក់ព័ន្ធនឹងជនជាប់ ចោទ នួន ជា និង ខៀវ សំផន ដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងជនជាតិចាម និងជនជាតិវៀតណាម។
តាមសាលាក្ដីខ្មែរក្រហមបានបញ្ជាក់ថា ពិធីប្រកាសសាលក្រមលើសំណុំរឿង០០២/០២ ដែលមានជនត្រូវចោទ នួនជា និង ខៀវ សំផន នេះ មានអ្នកចូលរួមប្រមាណ១.០០០នាក់ មកពីគ្រប់មជ្ឈដ្ឋានទាំងអស់រួមមាន ជនរងគ្រោះ សិស្ស យុវជន ឥស្សរជនជាន់ខ្ពស់ និងបណ្ដាអង្គទូតទាំងអស់ ហើយព្រឹត្តិការណ៍ជាតិប្រវត្តិសាស្ត្រនេះ នឹងមានការផ្សាយផ្ទាល់តាមទូរទស្សន៍ជាតិកម្ពុជា ទ.ទ.ក (TVK) និងទូរទស្សន៍ឯកជនដទៃទៀត ព្រមទាំងមានបណ្ដាញសារព័ត៌មានជាតិ និងអន្តរជាតិ ធ្វើការផ្សព្វផ្សាយផ្ទាល់ពី អ.វ.ត.ក ផងដែរ។
ជុំវិញព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកកាសែតកម្ពុជា ស.ស.ស.ក បានអំពាវនាវដល់សារព័ត៌មានទាំងអស់ ចូលរួមផ្សព្វផ្សាយឲ្យបានទូលំទូលាយលើការប្រកាសសាលក្រម លើសំណុំរឿង០០២ ដំណាក់កាលទី២ ជាប្រវត្តិសាស្ត្រនេះ។
សូមរម្លឹកថា សវនាការដេញដោល ពិនិត្យភស្តុតាងលើសំណុំរឿង០០២ ដំណាក់កាលទី២ បានចាប់ផ្តើម ដោយការធ្វើសេចក្ដីសន្និដ្ឋានចោទប្រកាន់ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤ និងបានបញ្ចប់នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧។ សរុបមក ការជំនុំជម្រះ រួមទាំងការស្តាប់សេចក្តីសន្និដ្ឋាន បិទបញ្ចប់កិច្ចពិភាក្សាដេញដោល លើសំណុំរឿង០០២/០២ មានរយៈពេលចំនួន២៨៣ថ្ងៃ។
ក្នុងអំឡុងពេលសវនាការនេះ អង្គជំនុំជម្រះសាលាដំបូង បានស្ដាប់សក្ខីកម្មពីបុគ្គលសរុបចំនួន១៨៥ នាក់ ក្នុងនោះ មានសាក្សីបញ្ជាក់អង្គហេតុចំនួន១១៤នាក់ ដើមបណ្ដឹងរដ្ឋប្បវេណីចំនួន៦៣នាក់ និងអ្នកជំនាញចំនួន៨នាក់។
ជនជាប់ចោទ ដែលត្រូវជំនុំជម្រះ ក្នុងសំណុំរឿង០០២ ដំណាក់កាលទី២ មាន ៖ នួន ជា ដែលជាអនុលេខាបក្សកុម្មុយនិស្តកម្ពុជា និង ខៀវ សំផន ជាប្រមុខរដ្ឋ នៃរបបកម្ពុជា ប្រជាធិបតេយ្យ។
បទចោទ នៅក្នុងសំណុំរឿង០០២ ដំណាក់កាលទី០២ គឺឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ អំពើប្រល័យ ពូជសាសន៍ និងការបំពារបំពានយ៉ាងធ្ងន់ធ្ងរ ទៅលើអនុសញ្ញាទីក្រុងហ្សឺណែវ ពាក់ព័ន្ធទៅនឹង ទីតាំងឧក្រិដ្ឋកម្ម និងការចោទប្រកាន់លើអង្គហេតុ ដូចជា ការដ្ឋានការងារ និងសហករណ៍ នៅត្រាំកក់ ខេត្តតាកែវ និងការដ្ឋានព្រលានយន្តហោះ នៅខេត្តកំពង់ឆ្នាំង ជាដើម។
អង្គជំនុំជម្រះ ក៏បានបើកសវនាការដេញដោលពិនិត្យភស្តុតាងលើការចោទប្រកាន់អំពីលក្ខណៈ នៃជម្លោះប្រដាប់អាវុធ រវាងកម្ពុជាប្រជាធិបតេយ្យ និងសាធារណរដ្ឋសង្គមនិយម វៀតណាម តួនាទីរបស់ជនជាប់ចោទ នៅក្នុងរដ្ឋាភិបាល រួមទាំងភស្តុតាង ស្ដីពី រចនាសម្ព័ន្ធ រដ្ឋបាល និងប្រព័ន្ធទំនាក់ទំនងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
លោក នួន ជា និងលោក ខៀវ សំផន ត្រូវបានតុលាការខ្មែរក្រហម សម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារមួយជីវិត នៅក្នុងសំណុំរឿង០០២ ដំណាក់កាលទី១ ( ០០២/០១ ) កាលពីឆ្នាំ២០១៤ ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលមានការជម្លៀសប្រជាជន និងសម្លាប់មនុស្សក្នុងរបបខ្មែរក្រហម ចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩៕
Source: Kampuchea Thmey Daily
0 Comments