ប្រដាល់ ៖ អ្នកប្រដាល់ជើងខ្លាំង ឡៅ ចិត្រា ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ នឹងត្រូវជួបជាមួយអ្នកប្រដាល់ថៃឈ្មោះ នុត ករ កេសានុន (Nuth Kor. Kesanon) ហើយ អ៊ូច ធារិទ្ធ អ្នកប្រដាល់ក្លិបអាណាចក្រគុនខ្មែរ ត្រូវជួបជាមួយអ្នកប្រដាល់ថៃឃុមពីជិត ប៉ាយ៉ាកណុងហ៊ីន (Khumpichit Payaknonghin) នាយប់ថ្ងៃអាទិត្យ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅលើសង្វៀនខារ៉ាបាវបាយ័នស្ទឹងមានជ័យ។ ពួកគេទាំង៤នេះ ជួបគ្នាសម្រាប់ការប្រកួតជម្រុះជុំចុងក្រោយ នៃការប្រកួតជម្រុះដណ្ដើមខ្សែក្រវាត់ខារ៉ាបាវ រដូវកាលទី៥ ទម្ងន់៦០គីឡូក្រាម។
ចាន់ ប៊ុនហឿន និង នុត ករ. ពួកគេពីរនាក់នេះ មិនធ្លាប់ជួបគ្នាទេកន្លងមក គឺទើបតែជួបក្នុងពេលចូលរួមប្រកួតជម្រុះដណ្ដើមខ្សែក្រវាត់ខារ៉ាបាវនេះប៉ុណ្ណោះ។ ឆ្លងកាត់៣ជុំកន្លងមកនេះ ចាន់ ប៊ុនហឿន គេបាន៩ពិន្ទុ ដោយវាយឈ្នះទាំង៣ប្រកួត ហើយចំណែកនុត ករ.វិញ គេមាន៥ពិន្ទុ ដោយវាយឈ្នះ១ ចាញ់២ប្រកួត ក្នុងការប្រកួត៣ជុំដូចគ្នា។
ចាន់ ប៊ុនហឿន កាលពីប្រកួតក្នុងជុំទី៣ គេបានផ្ដួលអ្នកប្រដាល់ថៃ ឃុម ពីជិត ក្នុងទឹកទី៣ ហើយចំណែកអ្នកប្រដាល់ថៃ នុត ករ វិញ គេក៏វាយឈ្នះដែរ គឺឈ្នះអ្នកប្រដាល់កម្ពុជា ព្រឿង សុជាតិ សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ក្នុងទឹកទី១។
នុត ករ ដែលជាគូរបស់ ចាន់ ប៊ុនហឿន នេះ គេធ្លាប់មកប្រកួតនៅកម្ពុជាប៉ុន្មានដងដែរ ហើយពីមុនមក។ អ្នកប្រដាល់ថៃរូបនេះ ជាជើងខ្លាំងទម្ងន់៦០គីឡូក្រាម ប្រចាំនៅស្រុកថៃ។ រវាង ចាន់ ប៊ុនហឿន និង នុត ករ នេះ នុត ករ គេត្រូវការឈ្នះជាចាំបាច់ សម្រាប់ការប្រកួតលើកនេះ ប៉ុន្តែមិនដឹងថា នុត ករ អាចជួបសំណាងល្អឈ្នះ ចាន់ ប៊ុនហឿន ទទួលបាន៣ពិន្ទុ នោះឡើយ។ ចំពោះ ចាន់ ប៊ុនហឿន វិញ គេឈ្នះក៏ឡើង ចាញ់ក៏ឡើង ព្រោះគេមានពិន្ទុច្រើន ដែលអាចកក់កៅអីសម្រាប់វគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្របានរួចទៅហើយ។
ចាន់ ប៊ុនហឿន គេមានថ្វីកែង និងជង្គង់ល្អណាស់ តែយ៉ាងណាការឈ្នះចាញ់រវាង ចាន់ ប៊ុនហឿន និង នុត ករ នេះ ពុំមាននរណាហ៊ានទាយមុនថាអ្នកណាឈ្នះនោះទេ?។
ចំពោះ អ៊ូច ធារិទ្ធ អ្នកប្រដាល់ក្លិបអាណាចក្រគុនខ្មែរ ដែលត្រូវជួបជាមួយអ្នកប្រដាល់ថៃ ឃុមពីជិត ប៉ា យ៉ាកណុងហ៊ីន នោះ គេគ្រាន់តែឡើងប្រកួតជំនួស រិទ្ធ ភូលូ មិត្តរួមក្លិបរបស់គេប៉ុណ្ណោះ ដោយសាររិទ្ធ ភូលូ បានបោះបង់ការប្រកួតតាំងពីជុំទី៣មកម្ល៉េះ។ ដូច្នេះ ឃុមពីជិត គេបានឈ្នះដោយស្វ័យប្រវត្តិហើយ។
អ៊ូច ធារិទ្ធ និង ឃុមពីជិត ធ្លាប់ប៉ះគ្នាម្តងរួចមកហើយ កាលពីពេលកន្លងមក ដែលក្នុងការជួបគ្នាពេលនោះ លទ្ធផលគឺស្មើគ្នា។
ឃុមពីជិត អ្នកប្រដាល់ថៃរូបនេះ គេធ្លាប់មកប្រកួតនៅស្រុកខ្មែរប៉ុន្មានដងហើយកន្លងមក ក្នុងនោះជួបអ៊ូច ធារិទ្ធ ម្តង។ ដូច្នេះ ក្នុងការប្រកួតនេះ ជាលើកទី២ សម្រាប់អ្នកប្រដាល់ទាំងពីរជួបគ្នា ដែលការជួបនេះ មិនដឹងថាអ្នកណាឈ្នះ អ្នកណាចាញ់នោះទេ?។
យ៉ាងណា អ៊ូច ធារិទ្ធ មិនអាចមើលស្រាល ឃុមពីជិត នោះឡើយ ព្រោះអ្នកប្រដាល់ថៃរូបនេះ មិនធម្មតានោះទេ។ ចាំមើល រវាង អ៊ូច ធារិទ្ធ និង ឃុមពីជិត ជួបគ្នាលើកនេះ តើអ្នកណាឈ្នះ?។
ចំពោះការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ ម៉ឺន មេឃា អ្នកប្រដាល់វ័យក្មេងសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ត្រូវគេផ្គូឲ្យជួបប្រកួតជាមួយ ណាម ម៉ូរ៉ាក់ អ្នកប្រដាល់ក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបង។
ម៉ឺន មេឃា ជាអ្នកប្រដាល់ជើងខ្លាំងស្រករក្រោយ ដែលធ្លាប់យកឈ្នះអ្នកប្រដាល់ជើងចាស់ៗជាច្រើននាក់មកហើយនាពេលកន្លងមក។ និយាយជារួម មេឃា ថ្វីត្បិតតែបទពិសោធន៍បច្ចេកទេសនៅខ្ចី ប៉ុន្តែស្នៀតប្រដាល់ ល្បិចកល និងកាយសម្បទារបស់ មេឃា សុទ្ធតែល្អ និងខ្លាំង ដែលអាចទុកចិត្តបានថា អាចយកឈ្នះលើអ្នកប្រដាល់ ណាម ម៉ូរ៉ាក់ បាន។
ណាម ម៉ូរ៉ាក់ ជាអ្នកប្រដាល់ជើងចាស់ ដែលខ្លាំងគួរសមដែរ។ គេមានប្រវត្តិប្រកួតលើរេញច្រើនក្រាស់ក្រែលហើយ។ ការប្រកួតលើកចុងក្រោយរបស់គេ គឺឈ្នះ រ៉ែម រាជ ក្លិប អង្គរមានជ័យខេត្តសៀមរាបដោយពិន្ទុ។
តែយ៉ាងណាការឈ្នះចាញ់រវាង ម៉ឺន មេឃា និង ណាម ម៉ូរ៉ាក់ នេះ ពុំមាននរណាហ៊ានទាយមុនថាអ្នកណាឈ្នះនោះទេ?៕
Source: Kampuchea Thmey Daily
0 Comments