ព្រឹត្តិការណ៍ប្រកួតប្រដាល់ជម្រុះដណ្ដើមប្រាក់១០លានរៀល របស់ក្រុមហ៊ុនស្រាបៀGanzberg ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ នៅយប់ថ្ងៃសៅរ៍ ទី១៧ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ជាការប្រកួតសប្ដាហ៍ទី៣ ជុំទី២ របស់ ជី ឆៃលី , ឡុង ខេត្ត , វ៉ន វុន និង ម៉ន វ៉ាន្នី។
សម្រាប់ការប្រកួតសប្ដាហ៍ទី៣នេះ ដែលមាន២គូ នោះ គឺជី ឆៃលី សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ត្រូវជួបប្រកួតជាមួយ ឡុង ខេត្ត ក្លិបខ្លារខិនមានរិទ្ធ ហើយ វ៉ន វ៉ុន ក្លិបអេភូថងកីឡា ត្រូវជួបប្រកួតជាមួយ ម៉ន វ៉ាន្នី ក្លិបការិយាល័យទី៥ កងទ័ពជើងគោក។
រវាងជី ឆៃលី និង ឡុង ខេត្ត មិនធ្លាប់ដែលប៉ះគ្នាទេកន្លងមក។ ពួកគេទាំងពីរ សុទ្ធតែមានសមត្ថភាពបច្ចេកទេសខ្ពស់ដូចគ្នា ដែលមិនមាននរណាហ៊ានមើលស្រាលគ្នានោះទេ ក្នុងការជួបគ្នាលើកដំបូងនេះ។ គេទាំងពីរនាក់នេះ ជាអ្នកឈ្នះក្នុងជុំទី១ ដែលបាន៣ពិន្ទុ ដូចគ្នា។
ចាំមើល តើក្នុងការប្រកួតជុំទី២ រវាង ជី ឆៃលី និង ឡុង ខេត្ត លើកនេះ តើអ្នកណារកបាន៣ពិន្ទុបន្ថែមនោះ?។ ជី ឆៃលី ប្រកួតជុំទី១(០៣វិច្ឆិកា២០១៨) គេវាយឈ្នះ ម៉ន វ៉ាន្នី ក្លិបការិយាល័យទី៥កងទ័ពជើងគោកដោយពិន្ទុ ឯការប្រកួតជុំទី១ របស់ ឡុង ខេត្ត គឺវាយឈ្នះ វ៉ន វ៉ុន ក្លិបអេភូថងកីឡា ក្នុងទឹកទី៣។
ចំពោះ ការជួបគ្នា រវាង វ៉ន វ៉ុន និង ម៉ន វ៉ាន្នី វិញនោះ គឺពួកគេទាំងពីរធ្លាប់ជួបគ្នាម្តងហើយ ពីមុនមក ដោយក្នុងការជួបគ្នាពេលនោះ វ៉ន វ៉ុន គេវាយឈ្នះ ម៉ន វ៉ាន្នី ដោយពិន្ទុ។ ពីរនាក់នេះ ឡើងប្រកួតជាជុំ ឬលើកទី២ សម្រាប់ការប្រកួតជម្រុះដណ្ដើមប្រាក់លាននេះ។
សម្រាប់ការប្រកួតជុំទី២នេះ ទោះជាគេមិនហ៊ានទស្សន៍ទាយមុនថា នរណាជាអ្នកឈ្នះនោះ ក៏គេរំពឹងទុកថា វ៉ន វ៉ុន ជាអ្នកដែលមានប្រៀបឈ្នះលើ ម៉ន វ៉ាន្នី ដែរ។ ដូច្នេះចាំមើលការប្រកួតជាក់ស្ដែង តើនរណាជាអ្នកឈ្នះនោះ?។
វ៉ន វ៉ុន ប្រកួតជុំទី១ គេវាយចាញ់ ឡុង ខេត្ត ក្លិបខ្លារខិនមានរិទ្ធក្នុងទឹកទី៣ ឯ ម៉ន វ៉ាន្នី ជុំទី១ គេវាយចាញ់ ជី ឆៃលី សមាគមកីឡាប្រដាល់ក្រសួងការពារជាតិដោយពិន្ទុ។ ដូច្នេះ ពួកគេទាំងពីរជាចាញ់ដូចគ្នាក្នុងជុំទី១ ដែលមាន១ពិន្ទុម្នាក់។
ព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរគូម៉ារ៉ាតុង ដណ្ដើមប្រាក់១០លានរៀលវគ្គ៣របស់ក្រុមហ៊ុនស្រាបៀGanzberg ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម មានអ្នកប្រដាល់ចំនួន០៨នាក់ មកពីសមាគម-ក្លិបចំនួន៨ បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ។
អ្នកប្រដាល់ទាំង០៨រូបនោះ ត្រូវបែងចែកជាពីរពូល មួយពូលមាន៤រូប ដែលក្នុងពូលA មានកីឡាករ ជី ឆៃលី សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ, វ៉ន វ៉ុន ក្លិបអេភូថងកីឡា , សៅ ប៊ុនធឿន ក្លិបតាព្រហ្មមានជ័យ និង គឿម សុវណ្ណឌឿត ក្លិបមោងឬស្សីមរតកគុនខ្មែរខេត្តបាត់ដំបង។
ចំណែកពូល B មាន ម៉ន វ៉ាន្នី ក្លិបការិយាល័យទី៥ កងទ័ពជើងគោក, ឡុង ខេត្ត ក្លិបខ្លារខិនមានរិទ្ធ, លីន វណ្ណៈ ក្លិបបូរីរាជសីហ៍មានរិទ្ធ និងកីឡាករ គួន សុវណ្ណ ក្លិបយុវវាលស្បូវខណ្ឌច្បារអំពៅ។
ចំពោះរូបមន្ត នៃការប្រកួត គឺជាការប្រកួតជម្រុះសន្សំពិន្ទុក្នុងពូល ដោយការប្រកួតមួយលើកៗមានតែ២គូ។ ការប្រកួតនេះ គឺធ្វើតាមរូបមន្តវិលជុំសន្សំពិន្ទុក្នុងពូល ដោយអ្នកទាំង៨ ត្រូវជួបគ្នាទាំងអស់ ។ ការប្រកួតជម្រុះទម្លាក់ចោល៦នាក់ចេញ ទុក២នាក់ ដែលមានពិន្ទុលើសគេក្នុងពូលនីមួយៗ ពោលគឺយកលេខ១ពូលA និងលេខ១ពូលB ដើម្បីឡើងទៅប្រកួតផ្ដាច់ព្រ័ត្រដណ្ដើមយកប្រាក់១០លានរៀលតែម្ដង។
សូមបញ្ជាក់ថា សម្រាប់វគ្គផ្ដាច់ព្រ័ត្រ អ្នកដែលឈ្នះ គឺទទួលបានប្រាក់រង្វាន់១០លានរៀល និង អ្នកចាញ់បាន២លានរៀល។
ព្រឹត្តិការណ៍នេះ មានរយៈពេល០៩ សប្ដាហ៍ ដោយចាប់ផ្ដើមពីថ្ងៃទី០៣ ខែវិច្ឆិកា នឹងគ្រោងបញ្ចប់នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩៕
Source: Kampuchea Thmey Daily
0 Comments