Ad Code

ក្រុមហ៊ុន​ស៊ីន​ទ្រី ត្រៀម​រថយន្ត​ដឹក​សំរាម​ជិត​៥០​គ្រឿង និង​កម្មករ​ជិត​៥០០​នាក់ ដើម្បី​ប្រមូល និង​ដឹកជញ្ជូន​សំរាម ក្នុង​ព្រះរាជ​ពិធីបុណ្យ អុំទូក



ភ្នំពេញ​ ៖ ក្នុង​ព្រះរាជ ពិធីបុណ្យ​អុំទូក អកអំបុក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ រយៈពេល​៣​ថ្ងៃ ខាងមុខនេះ​ក្រុមហ៊ុន​ស៊ីន​ទ្រី បាន​ត្រៀម​រថយន្ត​ដឹក​សំរាម​ចំនួន​៤៩​គ្រឿង និង​កម្មករ​ចំនួន ៤៨៩​នាក់ និង​សម្ភារ​មួយចំនួន សម្រាប់ ដឹកជញ្ជូន​សំរាម ក្នុង​ព្រះរាជ​ពិធីបុណ្យ អុំ​ទូក​អកអំបុក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ នៅ​ថ្ងៃទី​២១ ២២ និង​ថ្ងៃទី ២៣ ខែ​វិឆ្ឆិកា​ ឆ្នាំ​២០១៨ ខាង​មុននេះ ដើម្បី ចូលរួម​ធ្វើការ​សំអាត​ឲ្យ​បាន​ទាន់ពេល។​

ប្រធាន​ប្រតិបត្តិ ផ្នែក​ប្រមូល និង​ដឹកជញ្ជូន​សំរាម​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី លោក ខៀវ វុទ្ធី បាន​លើកឡើងថា រយៈពេល​៣​ថ្ងៃ នៃ​ពិធី​បុណ្យអុំទូក​នេះ ស៊ីន​ទ្រី​មាន​គោលការណ៍​ច្បាស់​លាស់ បែងចែក​កម្មករ​ជា​ពីរ​ក្រុម មាន​វេន​ថ្ងៃ និង​វេន​យប់ ក្នុងនោះ​សម្រាប់​វេន​ថ្ងៃ​ចាប់ពី​ម៉ោង​៥​ភ្លឺ ដល់​ម៉ោង​៣​រសៀល​។ វេន​យប់​ចាប់ពី​ម៉ោង​១១​យប់ ដល់​ម៉ោង​៧​ព្រឹក ដោយមាន​កម្មករ​បោសសំអាត​ជាង ៤៨៩​នាក់ និង​រថយន្ត​ប្រមូល និង​ដឹកជញ្ជូន​សំរាម​ចំនួន ៤៩​គ្រឿង។ ក្រៅពី កម្លាំង​បោសសំអាត និង​រថយន្ត​ដឹកជញ្ជូន នៅមាន​រទេះអូស​សំរាម​ចំនួន​១៨​គ្រឿង ធុង​Damster ឬ​ដេប៉ូ​ទុកដាក់​សំរាម​ចំនួន ៧​ធំៗ និង​មា​ន​កញ្ឆេរ សម្រាប់​ពង្រាយ​ដាក់​តាម​សួនច្បារ ដងផ្លូវ និង​កន្លែង​ប្រគំ​តន្ត្រី​ចំនួន​១២០២​បន្ថែមទៀត​។

លោក ប្រធាន​ប្រតិបត្តិ ផ្នែក​ប្រមូល បាន​បញ្ជាក់ថា កម្មវិធី​ប្រមូល​សំអាត​ក្នុង​ព្រះរាជ​ពិធី​នេះ បាន​ចែកចេញជា​៦ ក្រុម និង​បែង​ចែកជា ២​វេន គឺ​វេន​ទី​១-​វេន​ថ្ងៃ​ចាប់​អនុវត្ដ ពី​ម៉ោង​៥​ព្រឹក រហូតដល់​ម៉ោង​៤​ល្ងាច​។ ចំណែក​វេន​ទី​២- វេន​យប់​ចាប់​អនុវត្ដ​ពី​ម៉ោង​១​យប់ រហូតដល់​ម៉ោង​៥​ព្រឹក​។ ដែល​ទាំងនេះ គឺជា​ផែនការ​រៀបចំ​កម្លាំង តាម​គោលដៅ​ដែល​ត្រូវអនុវត្ត ដើម្បី ចុះ​ប្រមូល​សំរាម​ឲ្យ​បាន​ទាន់ពេល ក្នុង​ព្រះ​រាជ្យ​ពិធីបុណ្យ​អុំទូក​។​

លោក​បាន​បន្តថា ក្នុងនាម​លោក​តំណាងអោយ​ក្រុមហ៊ុន​ស៊ីន​ទ្រី ចំពោះ ផែនការ​រៀបចំ​កម្លាំង​និង សម្ភារៈ ដើម្បី សំអាត ប្រមូល​និង​ដឹកជញ្ជូន សំរាម​នៅក្នុង​ព្រះរាជ​ពិធីបុណ្យ អកអំបុក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ នា​ថ្ងៃទី ២១ ២២ និង​ថ្ងៃទី ២៣ ខែ វិឆ្ឆិកា ឆ្នាំ​២០១៨ លោក​ធានាថា​នឹងធ្វើ​ឲ្យ​បាន​ស្អាត​ទៅតាម​ស្មារតី​អង្ក​ប្រជុំ របស់​សាលា​រាជធានី ដែល​បានដាក់​ផែនការ កុំ​ឲ្យ​មាន​សំរាម កកស្ទះ​ក្នុង​ព្រះរាជ​ពិធី​៣​ថ្ងៃនេះ។ ការសំអាត​នេះ ធ្វើយ៉ាងណា​ឲ្យ​បាន​ទាន់ពេលវេលា ដើម្បី ឆ្លើយតប​ក្នុង​ព្រះរាជ​ពិធី​៣​ថ្ងៃនេះ ធ្វើយ៉ាងណា​ឲ្យ​មាន​សោភ័ណភាព​ស្អាត ទៅតាម​គោលការណ៍​របស់​សាលា​រាជធានី ជាពិសេស ការងារ​ប្រមូល​សំរាម​នៅក្នុង​ព្រះ​រាជពិធី​តែម្តង​។ លោក ក៏បាន​ធ្វើការ​សំណូមពរ​ផងដែរ ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​ក្រុមអាជីវករ ក៏​ដូច​អ្នក​មក​ចូល​ទស្សនា​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូករ​យៈ​ពេល​៣​ថ្ងៃនេះ មេ​ត្តា​ចូលរួម​ជួយ​សហការ ក្នុងការ​វេច​ខ្ចប់ ទុកដាក់​កាកសំណល់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​ទៅតាម​ការកំណត់ ជៀសវាង​យក​សំណល់​ទៅ​បោះចោល​ពាសវាល​ពាសកាល ដែល​ធ្វើ​ឲ្យ​បាត់បង់​សោភ័ណភាព​ក្នុង​ព្រះរាជ​ពិធីបុណ្យ​នេះ​។​

​លោក​បាន​បញ្ជាក់ថា ការ​បោសសំអាត​សំរាម​បានល្អ​មិនមែន​ពឹងផ្អែក​ទៅលើ​ខាង​ស៊ីន​ទ្រី តែមួយ មុខ​ទេ គឺ​តម្រូវ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ និង​ភាគី​ពាក់ព័ន្ធ ដើម្បី ធ្វើយ៉ាងណា​ឲ្យ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​យើង​នេះ ប្រព្រឹត្តទៅបាន​លូន​និង​ល្អ​ស្អាត ដើម្បី​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចូលរួម​ទស្សនា​បាន​ច្រើន​កាន់តែ​ប្រសើរឡើង​។​

សូមបញ្ជាក់ថា បន្ទាប់ពី​បញ្ចប់​ព្រះរាជ បុណ្យ​អុំទូក អកអំបុក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ រយៈពេល​៣​ថ្ងៃនេះ ក្រុមហ៊ុន​ស៊ីន​ទ្រី និង​ចូល​បម្រើ​ការងារ​ជាធម្មតា​ឡើងវិញ នៅ​ថ្ងៃទី​២៤។ ដោយ ថ្ងៃទី​២៤​នោះ ខាង​ស៊ីន​ទ្រី នឹង​បើក​យុទ្ធនាការ​មួយ ដើម្បី​សំអាត​ក្រោយពី​បញ្ចប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu