កំពង់ចាម ៖ បុរសម្នាក់ បានក្លាយជាសពក្នុងមួយប៉ប្រិចភ្នែក បន្ទាប់ពីបានទៅអូសស្បៃមុងនេសាទត្រី ជាមួយឪពុករបស់ខ្លួន ដល់ពេលរួចហើយ ស្រាប់តែលិចបាត់ក្នុងទឹកដោយមិនដឹងមូលហេតុ នៅពេលឪពុករកឃើញហួសពេលទៅហើយ។
ប៉ូលិសបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៥និង០០នាទី ចំណុចស្រះទឹកវត្តព្រះលាន ថ្មពូនស្ថិត នៅភូមិត្រាំង ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ប្រភពព័ត៌មានពីអាណាព្យាបាលរបស់ជនរងគ្រោះបានឲ្យដឹងថា នៅរសៀលថ្ងៃកើតហេតុ ឈ្មោះហ៊ុន ឌីណា( ជនរងគ្រោះ) ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ នៅភូមិអណ្ដូងតាពេជ្រ ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានយកស្បៃមុងទៅអូសយកត្រីនៅចំណុចកើតហេតុខាងលើ ជាមួយ ឪពុក ឈ្មោះ ហ៊ុន សំណាង អាយុ៤៤ឆ្នាំ។
ក្រោយពីអូសត្រីបានហើយ អ្នកទាំ២ ក៏ឈប់សម្រាក នៅពេលនោះ ឪពុកយកស្បៃមុងលាងសំអាត រីឯកូនបានងូតទឹកលាងខ្លួន ក៏ដួលផ្កាប់មុខចូលទៅក្នុងទឹកដោយឪពុកមិនបានឃើញ។ បន្តិចក្រោយមក ឪពុកក្រឡេករកមើលកូនមិនឃើញ ក៏ស្ទុះមុជទៅរាវរកកូន ហើយបានឃើញក្នុងទឹក រួចនាំមកជួយសង្គ្រោះ ដឹកមកមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ ហើយក៏បានដាច់ខ្យល់ស្លាប់។
ប៉ូលិសបានឲ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានខាងលើហើយ ជំនាញក៏បានចុះដល់កន្លែងកើតហេតុបង្កើតគណៈកម្មការចម្រុះពិនិត្យសពឃើញថា មិនមានស្លាកស្នាមអ្វីគួរកត់សម្គាល់ឡើយ។
ឆ្លងតាមការពិនិត្យលើសព និងក្រុមគ្រួសាររបស់ជនរងគ្រោះ គឺមានការបំភ្លឺគ្រប់គ្រាន់ លោកគ្រូពេទ្យ និងជំនាញសន្និដ្ឋានបានថា ការស្លាប់នេះមិនពាក់ព័ន្ធទៅនឹងបទល្មើសព្រហ្មទណ្ឌឡើយ គឺឈ្មោះ ហ៊ុន ឌីណា ស្លាប់ដោយសារសម្ពាធឈាមឡើងខ្ពស់បណ្ដាលឲ្យគាំងបេះដូងដួលផ្កាប់មុខចូលទឹកខ្លួនឯងប្រាកដមែន។
ប៉ូលិស បានបញ្ជាក់ថា ក្រោយពិនិត្យចប់ សមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារសពយកធ្វើបុណ្យតាមប្រពៃណីខ្មែរ៕
Source: Kampuchea Thmey Daily
0 Comments