Ad Code

៤​នាក់​ កាប់​ប្លន់​៦​នាក់ ​យក​ម៉ូតូ​មួយ​គ្រឿង ​បានសម្រេច​



ភ្នំពេញ​ ៖ ​ជនរងគ្រោះ​ចំនួន​៦​នាក់​ ត្រូវ​បាន​ជនសង្ស័យ មួយ​ក្រុម​មាន​គ្នា​៤​នាក់ ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ប្រដាប់​ដោយ​ដាវ​សាមូ​រ៉ៃ​៤​ដើម ​មក​ធ្វើ​សកម្មភាព​កាប់​ប្លន់​ ខណៈ​ជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូ​២​គ្រឿង មក​អង្គុយលេង​នៅ​មាត់ទន្លេ​ បណ្ដាល​ឲ្យ​យុវជន​ម្នាក់​ ត្រូវ​១​ដាវ ​រួច​ប្លន់​យក​ម៉ូតូ​១​គ្រឿង​ បានសម្រេច​ហើយ​ជិះ​គេចខ្លួនបាត់​ដោយ​សុវត្ថិភាព​ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​យប់​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃទី​១៦ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨​ ស្ថិតនៅ​តាម​បណ្ដោយ​ផ្លូវ​ទន្លេសាប ខាងជើង​អូ​តែ​សុខខា ប្រមាណ​ជាង​២០០​ម៉ែត្រ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា។​

​ជនរងគ្រោះ​មានឈ្មោះ ហេង ហម ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​ធ្វើការ​នៅ​ឃ្លាំង​មួយ​កន្លែង​ ស្នាក់​នៅ​ផ្ទះជួល សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

តាម​ប្រភពពី​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា​ មុន​កើតហេតុ​ គេ​មាន​គ្នា​៦​នាក់​ មាន​ប្រុស​ មាន​ស្រី ​ជិះ​ម៉ូតូ​២​គ្រឿង ដោយ​មួយ​គ្រឿង​ដែល​ត្រូវ​ជនសង្ស័យ​យក​ទៅ​បាត់​ម៉ាក​ឌ្រី​ម​សង់​ ស៊េរី​០១៧​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1GC-2306​ និង​មួយគ្រឿង​ទៀត​ម៉ាក​និច​ មិន​ចាំ​ស្លាក​លេខ​ បាននាំគ្នា​មក​អង្គុយ​លំហែ​កាយ​លេង​នៅ​ចំណុច​កើតហេតុ​ខាងលើ ​លុះ​មកដល់​ម៉ោង​កើតហេតុ ​រៀប​នឹង​នាំគ្នា​ជិះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​៤​នាក់ ​ជិះ​ម៉ូតូ​និច​មួយ​គ្រឿង​ មិន​ចាំ​ស្លាក​លេខ​ ប្រដាប់​ដោយ​ដាវ​សាម​រ៉ៃ​ចំនួន​៤​ដើម ​រួច​ជិះ​មក​អែប​ ហើយ​បានធ្វើ​សកម្មភាព​ដក​ដាវ​មក​កាប់​ទៅលើ​រូបគេ​ជា​ជនរងគ្រោះ​ត្រូវ​១​ដាវ​ បន្ទាប់មក​ រូបគេ​ និង​មិត្តភ័ក្ដិ​ ភ័យ​ស្លន់ស្លោ ក៏​នាំគ្នា​រត់គេច​ចេញពី​កន្លែង​កើត​ហេតុ ​ដោយ​មិន​ដក​សោ​ចេញពី​ម៉ូតូ​ ធ្វើ​ឲ្យ​ជនសង្ស័យ​មាន​ឱកាស​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព​។​

​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​ដល់​ បាន​ដឹក​ជនរងគ្រោះ​ទៅ​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជ្រោយចង្វា​ ហើយក៏​បាននាំគ្នា​ទៅផ្ទះ​វិញ​ដោយ​ក្ដី​អស់សង្ឃឹម​បំផុត៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu