Ad Code

អាជីវករ​សត្តឃាត​ លក់​សាច់​ជ្រូក​ទីផ្សារ​រាជធានី​ភ្នំពេញ ​ផ្ទុះ​ការ​តវ៉ា​ស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន​ស៊ី​ភី​កម្ពុជា​(CP)​ បញ្ឈប់​ការ​កាប់​ជ្រូក​លក់​សាច់​



ភ្នំពេញ ​៖ ​ដោយ​បាន​ជោគជ័យ​ទៅលើ​ប្រជាកសិករ​នៅ​តាម​បណ្ដា​ខេត្ត​ មិនអាច​ប្រកួតប្រជែង​ទីផ្សារ​បានជា​មួយ​ ក្រុមហ៊ុន​ស៊ី​ភី​កម្ពុជា​(CP)​ ក្នុង​ការ​កាប់​ជ្រូក​លក់​, ក្រុមហ៊ុន​CP​ កាន់តែ​មាន​មហិច្ឆតា​គ្របដណ្ដប់ ​មកលើ​អាជីវករ​ដែល​ជា​ដៃគូ​រកស៊ី​ជាមួយគ្នា​ឲ្យ​ដួល​រលំ ​ក្នុង​គោលបំណង​ផ្ដាច់មុខ ​ងាយស្រួល​ដំឡើង​តម្លៃ​ទីផ្សារ​ស្រេច​អំពើ​ចិត្ត​ ទើប​ធ្វើ​ឲ្យ​អាជីវករ​សត្តឃាត​នៅ​ទូទាំង​រាជធានី​ភ្នំពេញ ​ផ្ទុះ​ការ​តវ៉ា​ ឡើង​ស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន​CP ​បញ្ឈប់​ការ​កាប់​ជ្រូក​លក់​នៅ​លើ​ទីផ្សារ​ ព្រោះថា​ក្រុមហ៊ុន​ជា​អ្នកផ្គត់ផ្គង់​លក់​ជ្រូក​រស់​ឲ្យ​អាជីវករ​សត្តឃាត​កាប់​ជ្រូក​លក់​សាច់​បែរជា​ខ្លួន​ឯង​(​ក្រុមហ៊ុន​CP)​ កាប់​ជ្រូក​លក់​សាច់​ដែរ​ ហើយ​ក្នុង​តម្លៃ​ថោក​ជាង​ទៀត​។​

នេះ​ជា​ការ​លើកឡើង​របស់​ លោក​ស្រី ហាវ ឈួន​វង តំណាង​ឲ្យ​អាជីវករ​សត្តឃាត​ជ្រូក​នៅ​រាជធានី​ភ្នំពេញ ​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​រក​ដំណោះស្រាយ ​រវាង​ក្រម​ហ៊ុន​ស៊ី​ភី​កម្ពុជា​(CP)​ ជាមួយ​អាជីវករ​សត្តឃាត​ និង​បាន​ការ​ចូលរួម​ពី​មន្ត្រី​ជំនាញ​របស់​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​ រាជ​ធានី​ភ្នំពេញ ​កាលពី​រសៀល​ថ្ងៃ​ទី​១៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​។​

លោកស្រី ហាវ ឈួន​វង បាន​លើកឡើងថា នៅ​ក្នុង​រាជធានី​ភ្នំពេញ មាន​អាជីវករ​សត្តឃាត​ជ្រូក​ប្រមាណ​ជាង៩០​ភាគរយ ​ដែល​ទិញ​ជ្រូក​រស់​ពី​ក្រុមហ៊ុន​ស៊ី​ភី​កម្ពុជា យក​មក​កាប់​សាច់​លក់​បន្ត ចែក​ចាយ​​ទៅ​អាជីវករ​ផ្សេងទៀត​នៅ​តាម​បណ្ដា​ផ្សារ​ក្នុង​រាជធានី​ភ្នំពេញ ប៉ុន្តែ​ជាង​មួយឆ្នាំ​ចុងក្រោយ​នេះ ក្រុមហ៊ុន​ស៊ី​ភី​ បាន​ក្រឡុក​ទីផ្សារ ដោយសារតែ ក្រុមហ៊ុន​ បាន​លក់​ជ្រូក​ឲ្យ​អាជីវករ​កាប់​សាច់​ហើយ បែរជា​កាប់សាច់​លក់ខ្លួន​ឯង​ ដោយ​ប្រកួតប្រជែង​តម្លៃ​ជាមួយ​អ្នក​កាប់​ជ្រូក​ដែល​ទិញ​បន្ត​ពី​ខ្លួន​ទៅវិញ ដែល​អ្នកស្រី​បាន​បញ្ជាក់​ថា ក្រុមហ៊ុន​លក់​ជ្រូក​ឲ្យ​តំណាង​ចែកចាយ​ជ្រូក​រស់​ថ្លៃ​ជាង​ការ​កាប់​លក់ខ្លួន​ឯង ក្នុង​មួយ​ក្បាល​ខុសគ្នា រហូតដល់​៧​ម៉ឺន​រៀល។

អាជីវករ​ទិញ​ជ្រូក​របស់​ក្រុមហ៊ុន​១០០​គីឡូក្រាម តម្លៃ​៨៧​ម៉ឺន​រៀល​ បូក​តម្លៃ​សេវាកម្ម ​ស្មើ​៨៩​ម៉ឺន​រៀល​។ ប៉ុន្តែ​ពេល​ដែល​ក្រុមហ៊ុន​កាប់​លក់​ខ្លួនឯង​១០០​គីឡូក្រាម ត្រឹមតែ​៧៨៧.០០០​រៀល​តែ​ប៉ុណ្ណោះ​ ដូច្នេះ​ក្នុង​មួយ​ក្បាល​អាជីវករ​កាប់​ជ្រូក​ត្រូវ​ខាតបង់​អស់​៦២.០០០​រៀល​។

ក្រៅពីនោះ​ អាជីវករ​ក៏បាន​លើកឡើង​ពី​បញ្ហា​ដែល​ជញ្ជីង​ថ្លឹង​របស់​ក្រុមហ៊ុន​ស៊ី​ភី ​មិន​ត្រឹមត្រូវ​ថែម​ទៀត​ផង។ ​អ្វីដែល​អាជីវករ​កាប់​ជ្រូក​ទាំងអស់ ​សំណូមពរ​ទៅ​ក្រុមហ៊ុន​ស៊ី​ភី​នោះ​ គឺ​សូម​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​សកម្មភាព​កាប់​ជ្រូក​លក់​ដោយ​ខ្លួនឯង បើ​ត្រឹម​កាប់​សាច់​ដើម្បី​ធ្វើ​ប្រហិត ឬ ហ​ត​ដក មិន​ជា​បញ្ហា​នោះ​ទេ។​

បើ​ក្រុមហ៊ុន​នៅតែ​បន្ត​បែបនេះ អាជីវករ​ទាំងអស់ នឹង​ដាក់​ញត្តិ​ស្នើ​សុំ​ការ​អន្តរាគមន៍​ពី​សម្ដេច​តេ​ជោ​ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​។​

ជា​ការ​ឆ្លើយតប លោក សុផាត ចាន់​វង្ស តំណាង​ក្រុមហ៊ុន​ស៊ី​ភី​កម្ពុជា​បាន​ឲ្យដឹង​ថា ​លោក​នឹង​យក​សំណើ​នេះ​ ទៅ​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន ដោយសារតែ​លោក​មិន​មាន​សិទ្ធិ​សម្រេច​បែប​ណា​នោះ​ឡើយ ហើយ​បាន​សន្យាថា យ៉ាង​យូរ​នៅ​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​ក្រោយ​ នឹង​ជូន​លទ្ធផល​មកកាន់​អាជីវករ​កាប់​ជ្រូក​វិញ។​

ដោយឡែក លោក យ៉ាន់​ពៅ ប្រធាន​ការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាល​រាជធានី​ភ្នំពេញ​មិន​បាន​ឆ្លើយតប​អ្វី​ទាំងអស់ បើទោះបីជា​អ្នកសារព័ត៌មាន ព្យាយាម​ចង់បាន​ការ​បង្ហាញ​ទស្សនៈ​របស់​គាត់ ក្នុងនាម​ជា​មន្ត្រី​ជំនាញ​ដែល​បាន​ចូលរួម​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​នេះ​។​

អាជីវក​ភាគច្រើន​បាន​បង្ហើប​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​ស៊ី​ភី​កម្ពុជា ធ្វើបែបនេះ​ គឺមាន​បំណង​ចង់​ចែកចាយ​ផ្ដាច់មុខ​នូវ​សាច់​ជ្រូក​ទូទាំង​ប្រទេស ធ្វើ​ឲ្យ​កសិករ និង​អាជីវករ​ខ្មែរ លែង​មាន​មុខរបរ ដើម្បីឲ្យ​ក្រុម​ហ៊ុន​ខ្លួន មាន​ឱកាស​ចែកចាយ​សត្វ​ជ្រូក ក្នុង​តម្លៃ​បែប​ណា​ក៏បាន នៅពេលដែល​អាជីវករ​សត្តឃាត​ទ្រាំ​នឹង​ការខាតបង់​លែង​បាន។​

សូម​បញ្ជាក់​ថា​ កិច្ចពិភាក្សា​ស្វែង​ដំណោះស្រាយ​ខាងលើនេះ មានការ​ចូលរួម​ពី​ លោក ភោគ យី ប្រធាន​សម្របសម្រួល​, លោក យ៉ាន់ ពៅ ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល រាជធានី​ភ្នំពេញ​, តំណាង​ក្រុមហ៊ុន CP កម្ពុជា​ លោក សុផាត ចាន់​វង្ស (Sophat Chanwong) ជា​ជនជាតិ​ថៃ ព្រម​ទាំង​អាជីវករ​ចែកចាយ អាជីវករ​សត្តឃាត​ជិត​១០០​នាក់​។​

​នៅក្នុង​កិច្ចប្រជុំ​ខាងលើនេះ ក្រុម​អាជីវករ​ដែល​កំពុង​ជួប​ផល​លំបាក បាន​ស្នើ​សុំ​៣​ចំណុច​ធំៗ​ដាក់​ជូន​ក្រុមហ៊ុន​ គឺ​ឲ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​ការ​កាប់​ជ្រូក​ដោយ​ខ្លួនឯង ដែល​ធ្វើ​ឲ្យ​ខាតបង់​ដល់​អាជីវករ​រក​មិន​ចំណេញ​ហើយ ការ​បោះប៉ាយ​ឲ្យ​មាន​ភាព​សមស្រប ព្រមទាំង​សំណូមពរ​ឲ្យ​មានការ​ថ្លឹង​ជ្រូក​ឲ្យ​បាន​ត្រឹមត្រូវ ពីព្រោះ​កន្លងមក​បាត់​គីឡូ​ច្រើន​ណាស់៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu