Ad Code

សម្តេច​តេ​ជោ ហ៊ុន សែន ចែករំលែក​ទស្សន​ចំនួន ៧​ចំណុច​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​លើក​ទី​១៣



ភ្នំពេញ ​៖ ប្រមុខរដ្ឋ​/​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​អាស៊ាន បាន​យាង​និង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​លើក​ទី​១៣ (​កិច្ចប្រជុំពេញអង្គ​) កាលពី​រសៀល​ថ្ងៃទី​១៥ ខែវិច្ឆិកា នៅ​ប្រទេស​សិង្ហ​បុរី ។ កិច្ចប្រជុំ​កំពូល​ដ៏​មាន​សារសំខាន់​នេះ មេដឹកនាំ​ទាំងអស់​បានធ្វើ​ការពិភាក្សា​គ្នា​យ៉ាង​យកចិត្តទុកដាក់ ទៅលើ​សកម្មភាព​នានា​បន្ទាប់ពី​កិច្ចប្រជុំ​មួយ​ទៅកាន់​កិច្ចប្រជុំ​មួយ​។

នៅ​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​លើក​ទី ១៣ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ចូលរួម​ចែករំលែក​នូវ​ទស្សនៈ​មួយចំនួន​ទាក់ទង​នឹង​ការ​ពិនិត្យ​ឡើង​វិញ​ក៏ដូចជា​ទិសដៅ​នៃ​កិច្ចសហប្រតិបត្តិការ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា ក្នុង​បរិបទ​នៃ​ភាព​មិន​ប្រាកដ​ប្រជា​ខ្ពស់​ក្នុង​តំបន់ និង​សកលលោក មាន​ដូចខាងក្រោម​៖

​ ​ទី​១ កម្ពុជា​សូម​ចូលរួម​ជាមួយ​បណ្ដា​ប្រទេស​នៃ​កិច្ចប្រជុំ​អាស៊ី​បូព៌ា ស្វាគមន៍ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​វឌ្ឍន​ភាពជា​វិជ្ជមាន​នៃ​កិច្ចសហប្រតិបត្តិការ​រ​បស់​យើង ជាពិសេស​ការ​អនុម័ត​នូវ ផែនការ​សកម្មភាព​ទីក្រុង​ម៉ានីល ដោយ​ពង្រីក​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​អាទិភាព​ថ្មី​ចំនួន​៣ បន្ថែមទៀត ដើម្បី​បន្ដ​ជំរុញ​ការអនុវត្ត សេចក្តីថ្លែងការណ៍​ទីក្រុង​ភ្នំពេញ​ ស្ដីពី​គំនិត​ផ្ដួចផ្ដើម​អភិវឌ្ឍ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា ២០១៨-២០២២​។ នេះ​បាន​ឆ្លុះ​បញ្ចាំង​យ៉ាង​ប្រត្យក្ស​នូវ​ភាពរឹងមាំ នៃ​ដំណើរការ​និង​គុណ​តម្លៃ​នៃ​វេទិកា​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា ក្នុង​ការធានា​ឲ្យ​បាន​នូវ​យន្តការ​មួយ​ដែលមាន​ប្រសិទ្ធភាព​ខ្ពស់​ដើម្បី​វិបុលភាព​សម្រាប់​តំបន់​របស់​យើង​។

ទី​២ សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កំពុង​កើតឡើង បាន​បង្ក​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​បរិយាកាស​វិនិយោគ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សាកល ជាពិសេស​បង្កើត​ជា​ហានិភ័យ​ខ្ពស់​រារាំង​នូវ​ការសម្រេច​ឲ្យ​បាន​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្នាំ​២០៣០ របស់​ប្រទេស​កំពុង​អភិវឌ្ឍ​។ ក្នុង​បរិការណ៍​នេះ ប្រទេស​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា គួរ​លើកកម្ពស់​ការ​ទទួល​ខុសត្រូវ របស់ខ្លួន​តាមរយៈ​ការ​ពង្រឹង​នូវ​យន្ដការ​កិច្ចសហប្រតិបត្តិការ​មួយ​ប្រកបដោយ​ស្មារតី​បើក​ចំហ សុ​ឆន្ទៈ និង​ការប្ដេជ្ញា​ខ្ពស់ ក្នុង​ការ​ឆ្លើយតប​ដោះស្រាយ​បញ្ហា​ប្រឈម​សកល​នេះ ដើម្បី​រក្សា​បរិយាកាស​វិនិយោគ ក៏ដូចជា​បង្កើន​ការ​ទុកចិត្ត ក្នុង​វិស័យ​ពាណិជ្ជកម្ម ហិរញ្ញវត្ថុ និង​ឧស្សាហកម្ម​ផងដែរ​។ ក្នុង​ន័យ​នេះ កម្ពុជា​គាំទ្រ​យ៉ាង​ពេញទំហឹង​នូវ​គោលនយោបាយ​សាកលភាវូបនីយកម្ម និង​ការគាំទ្រ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​។

ទី​៣ បច្ចុប្បន្ន​បណ្ដា​ប្រទេស​ទាំង​ក្នុង​តំបន់​អាស៊ី​បូព៌ា និង​សកលលោក នៅ​តែ​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​អំពើ​ភេរវកម្ម និង​អំពើ​ហិង្សា​ជ្រុលនិយម​។ កម្ពុជា​សូម​ស្វាគមន៍​និង​ជំរុញ​អនុវត្ត​វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព ប្រឆាំង​នឹង​អំពើ​ហិង្សា​ជ្រុលនិយម​។ កម្ពុជា​សូម​ស្វាគមន៍ និង​ជំរុញ​អនុវត្ត​វិធានការ​ប្រកបដោយ​ប្រសិទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម ស្របតាម​សេចក្ដីថ្លែងការណ៍​ស្ដីពី​ការ​ប្រយុទ្ធប្រឆាំង នឹង​ការ​គំរាមកំហែង​នៃ​ការ​ត្រឡប់មកវិញ នៃ​ពួក​ភេរវករ​យុទ្ធជន​បរទេស តាមរយៈ​ការ​បង្កើន​សមត្ថភាព​ម​ន្ត្រី​ដែល​អនុវត្ត​ច្បាប់​ប្រយុទ្ធ​ប្រឆាំងនឹង​ភេរវកម្ម កិច្ច​សហប្រតិបត្តិការ​ជាមួយ​អង្គការ​ពាក់ព័ន្ធ​ក្នុង​តំបន់ និង​អន្តរជាតិ ក៏ដូចជា​ការ​ផ្លាស់ប្តូរ​ព័ត៌មាន និង​ការចែករំលែក​ព័ត៌មាន​ចារកម្ម​។

ទី​៤. ជា​រួម​តំបន់​អាស៊ី​បូព៌ា​បន្ត​ជា​ចំណុច​ស្នូល​ នៃ​និម្មាបនកម្ម​តំបន់ ក្នុង​ការ​លើកស្ទួយ​សន្តិភាព ស្ថិរភាព និង​វិបុលភាព​សេដ្ឋកិច្ច របស់​អាស៊ី ក៏ដូចជា​សកលលោក​ទាំ​ង​មូល​។ ក្នុង​ន័យ​នេះ ក្រោម​ខណ្ឌ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា យើង​ត្រូវតែ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​គ្នា​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ក្នុង​ស្មារតី​បើកចំហ និង​ភាតរភាព ប្រកបដោយ​តម្លាភាព និង​ភាព​ទទួលខុសត្រូវ​ខ្ពស់​ដើម្បី​ពង្រឹង​ទំនុក​ចិត្តជា​យុទ្ធសាស្ត្រ​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​រួម​សម្រាប់​កសាង​សហគមន៍​អាស៊ី​បូព៌ា​។

​ ​៥.​កម្ពុជា​តែងតែ​ស្វាគមន៍​គំនិត​ផ្តួចផ្តើម​ទាំងឡាយណា ដែល​ផ្តល់នូវ​ផលប្រយោជន៍​ដល់​ការតភ្ជាប់​តំបន់ និង​ពង្រឹង​សាមគ្គីភាព ព្រមទាំង​មាន​លក្ខណៈ​បើកចំហ បរិ​យា​ប័ន្ន និង​បំពេញបន្ថែម​ឲ្យ​គ្នា​ទៅវិញទៅមក​។ ក្នុងន័យនេះ កម្ពុជា​សូម​ស្វាគមន៍​គំនិត​ផ្តួចផ្តើម ឥណ្ឌូ​-​ប៉ា​ស៊ី​ហ្វី​ក ដោយ​យល់ថា គំនិត​ផ្តួចផ្តើម​នេះ អាច​នឹង​ចូលរួមចំណែក​យ៉ាងសំខាន់ ក្នុងការ​លើកកម្ពស់​ស​ន្តិ​ភាព ស្ថិរភាព និង​ការអភិវឌ្ឍ ក្នុង​តំបន់​និង​ពិភពលោក​។

ទី​៦ ចំពោះ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង កម្ពុជា​សូម​គាំទ្រ​ការអនុវត្ត​ឲ្យ​បាន​ពេញលេញ និង​ប្រកបដោយ​ប្រសិទ្ធភាព នូវ​សេចក្តីថ្លែងការណ៍ ស្តីពី​ការប្រតិបត្តិ​របស់​បណ្តា​ភាគី​នៅ​សមុទ្រ​ចិន​ខាងត្បូង (DOC) និង​ដំណើរការ​តាក់តែង (COC) ដែល​ជា​ដំណើរការ​វែងឆ្ងាយ​មួយ​។ កម្ពុជា​បានរៀបចំ​ប្រកបដោយ​ភាពជោគជ័យ នូវ​កិច្ចប្រជុំ​កំពូល​លើក​ទី​២៥ នៃ​ក្រុមការងារ​រួម ស្តីពី​ការអនុវត្ត​សេចក្តីថ្លែងការណ៍ ស្តីពី​ការប្រតិបត្តិ​របស់​បណ្តា​ភាគី​នៅ​សមុទ្រ​ចិន​ខាងត្បូង (DOC) និង​សិក្ខាសាលា​អាស៊ាន ចិន ស្តីពី​ការអនុវត្ត​សេចក្តីថ្លែងការណ៍ DOC និង​វឌ្ឍនភាព​ឆ្ពោះទៅរក COC កាលពី​ខែកញ្ញា​ឆ្នាំ​២០១៨ នៅ​ខេត្តសៀមរាប​។ កម្ពុជា​ក៏​សូម​សំដែង​នូវ​ការគាំទ្រ និង​ជំរុញ​ការលើកកម្ពស់​កិច្ចខិតខំ​ប្រឹងប្រែង​អាស៊ាន-ចិន ក្នុងការ​អនុវត្ត​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​ក្នុង​លំហ​សមុទ្រ វិធានការ​ប្រមូល​ផល​ជាមុន និង​ការ​កសាង​ទំនុកចិត្ត ដែល​នឹង​រួមចំណែក​ជា​វិជ្ជមាន​ឆ្ពោះទៅ​រក​ការចរចា​បញ្ចប់ COC ឲ្យ​បាន​ជោគជ័យ។

ទី​៧.​ចំពោះ​បញ្ហា​ឧបទ្វីប​កូរ៉េ កម្ពុជា​សូម​ស្វាគមន៍​នូវ​ជំនួប​កំពូល​អន្តរ​កូរ៉េ និង​ជំនួប​កំពូល​សហរដ្ឋអាមេរិក សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ ជាពិសេស​ការអនុវត្ត​សេចក្តីថ្លែងការណ៍​រួម​នៃ​ជំនួប​កំពូល​សហរដ្ឋអាមេរិក សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ និង​សេចក្តី​ថ្លែងការណ៍ ប៉ាន​មូ​យ៉ូ​ម ព្រមទាំង​សេចក្តីថ្លែងការណ៍​រួម​ទីក្រុង​ព្យុងយ៉ាង ដែល​បាន​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការសន្ទនា និង​ជា​ជំហាន​ដ៏​សំខាន់​មួយ ឆ្ពោះ​ទៅ​រក​ការលុបបំបាត់ អាវុធ​នុយ​ក្លែ​អ៊ែរ កសាង​សន្តិភាព​អចិន្ត្រៃយ៍ និង​វិបុលភាព​រួម នៅ​ឧបទ្វីប​កូរ៉េ​។ កម្ពុជា​ជឿជាក់ លើក​ការអនុវត្ត​អភិក្រម​បដិការ និង​កិច្ច​សហប្រតិបត្តិការ​ឈ្នះ ឈ្នះ ដើម្បី​ជំរុញ​ការ​ជឿជាក់ និង​ទំនុកចិត្ត​គ្នា​ទៅវិញទៅមក និង​សូម​ជំរុញ​ប្រទេស​នានា បន្ត​លើកទឹកចិត្ត​ឲ្យ​ប្រទេស​កូរ៉េ​ទាំងពីរ អនុវត្ត​ដំណើរ​ឆ្ពោះទៅរក​ការ​ស្រុះស្រួល កាត់បន្ថយ​ភាព​តានតឹង​ក្នុង​តំបន់ និង​មិនគួរ​រារាំង ដំណើរការ​នេះ​។

នៅក្នុង​កិច្ចប្រជុំ​កំពូល​ដ៏​មាន​សារសំខាន់​នោះ មេដឹកនាំ​នៃ​ប្រទេស​អាស៊ី​បូព៌ា បាន​ឯកភាព​គ្នា​ក្នុង​ការ​ឈានទៅ​ចេញ​សេចក្តីប្រកាស​របស់​ប្រទេស​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​លើក​ទី​១៣​។ សេចក្តីប្រកាស​របស់​ថ្នាក់ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា ស្តីពី​ការ​ប្រយុទ្ធ​ប្រឆាំងនឹង​កាកសំណល់​ប្លា​ស្ទីក នៅក្នុង​លំហ​សមុទ្រ​។ សេចក្តី​ប្រកាស​របស់​ថ្នាក់ដឹកនាំ​អាស៊ី​បូព៌ា ស្តីពី​ទីក្រុង​ឆ្លាត​អាស៊ាន​។

សេចក្តី​ប្រកាស​របស់​ថ្នាក់ដឹកនាំ​អាស៊ី​បូព៌ា ស្តីពី​ការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ខាង​សន្តិសុខ​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន និង​ទំនាក់ទំនង និង​សេដ្ឋកិច្ច​ឌី​ជីថ​ល​។ សេចក្តីប្រកាស​របស់​ថ្នាក់ដឹកនាំ​អាស៊ី​បូព៌ា ស្តីពី​សន្តិសុខ​នុយ​ក្លែ​អ៊ែរ​។ សេចក្តី​ប្រកាស​របស់​ថ្នាក់ដឹកនាំ​អាស៊ី​បូព៌ា​ស្តីពី​ការប្រយុទ្ធ​ប្រឆាំងនឹង​ការ​គំរាមកំហែង​របស់​ភេរវ​ករ​បរទេស និង​ជន​និវត្តន៍​ពាក់ព័ន្ធ៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu