Ad Code

អាស៊ាន​ប្រជុំ​កំពូល​ជាមួយ​មេដឹកនាំ ចិន ជប៉ុន និង​សាធារណរដ្ឋ​កូរ៉េ ហៅថា​កិច្ចប្រជុំ​កំពូល​អាស៊ាន បូក ៣ លើក​ទី​២១



ភ្នំពេញ ​៖ ​នៅ​ប្រទេស​សិង្ហ​បុរី នា​ថ្ងៃទី​១៥ ខែវិច្ឆិកា ប្រមុខរដ្ឋ​/​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​អាស៊ាន​បាន​យាង​និង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​បី ជាមួយ សាធារណរដ្ឋ​ប្រជាមានិត​ចិន ជប៉ុន និង សាធារណរដ្ឋ​កូរ៉េ លើក​ទី​២១​។

កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​បី​ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជប៉ុន​និង​សាធារណរដ្ឋ​កូរ៉េ លើក ទី​២១ នេះ​ប្រព្រឹត្តទៅ​ក្រោម​ប្រធានបទ “​ការពិនិត្យ​ឡើងវិញ និង​ទិសដៅ​អនាគត នៃ​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន​បូក​បី​”​។

​ក្នុង​កិច្ចប្រជុំ​កំពូល​ដ៏​មាន​សារសំខាន់​នេះ ប្រមុខរដ្ឋ​/​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​អាស៊ាន និង​ប្រទេស​បូក​បី ចិន ជប៉ុន សាធារណរដ្ឋ​កូរ៉េ បាន​ពិភាក្សា​យ៉ាង​យកចិត្តទុកដាក់​ទៅលើ​របៀបវារៈ​ដែល​បាន​គ្រោង​ទុក ពិសេស​បាន​សំដែង​នូវ​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​ល្អប្រសើរ នៃ​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន​បូក​បី​។ មេដឹកនាំ​ទាំងអស់​បាន​ចាត់ទុកថា ក្នុង​ពេល​ពីរ​ទសវត្សរ៍​កន្លងមក កិច្ចសហប្រតិបត្តិការ​របស់​ប្រទេស​អាស៊ាន ចិន ជប៉ុន កូរ៉េ មាន​សន្ទុះ​កាន់តែខ្លាំង មាន​លក្ខណៈ​កាន់តែ​ទូលំទូលាយ​ជាង​មុន និង​បាន​រួម​ចំណែក​យ៉ាង​សំខាន់ ក្នុងការ​លើកកម្ពស់ សន្ដិភាព សន្តិសុខ ស្ថិរភាព និង​វិបុលភាព ក្នុង​តំបន់​អាស៊ី​បូព៌ា​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា លើ​មូលដ្ឋាន​នេះ សម្តេច​ចែក​រំ​លែ​នូវ មតិ​មួយចំនួន​ដើម្បី​ចូល​រួម​ចំណែក​ក្នុង​ការ​ពង្រឹង​មូលដ្ឋាន​នៃ​ការ​អភិវឌ្ឍ​សម្រាប់​តំបន់​យើង ឈាន​ទៅ​សម្រេចបាន​នូវ​ការកសាង​សហគមន៍​មួយ​ដ៏​រឹងមាំ ដូចខាងក្រោម​៖

ទី​១. យើង​ត្រូវ​បន្ត​ជំរុញ​ការអនុវត្ត​ឱ្យបាន​ពេញលេញ និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ នូវ​ផែនការ​ការងារ​សហប្រតិបត្តិ​ការ​អាស៊ាន​បូក​បី (២០១៨-២០២២) ជាពិសេស​លើ​វិស័យ​នៃ​ការ​តភ្ជាប់​ក្នុង​តំបន់​អាស៊ាន និង​រវាង​អាស៊ាន ជាមួយ​ប្រទេស​បូក​បី វិស័យ​សហគ្រាស​ធុន​តូច​និង​មធ្យម និង​វិស័យ​ពាណិជ្ជកម្ម​សេរី​។ បន្ថែម​លើ​នេះ សម្តេច​បាន​ស្នើ​ឲ្យ​ប្រទេស​បូក​បី បន្ដ​ផ្ដល់​អាទិភាព​ខ្ពស់​ក្នុងការ​ជំរុញ និង​លើកទឹកចិត្ត​ឱ្យមាន​ការវិនិយោគ​ពី ប្រទេស​បូក​បី ឱ្យ​កាន់តែច្រើន​មក​អាស៊ាន ជាពិសេស​មក​សមាជិក អាស៊ាន​ដែលមាន​ការអភិវឌ្ឍ​តិចតួច ក្នុង​គោលដៅ​កាត់បន្ថយ​គម្លាត​នៃ​ការអភិវឌ្ឍ​។

ទី​២. ពិភពលោក និង​តំបន់ បាននិងកំពុង​ទទួល​រក​គ្រោះមហន្តរាយ​កាន់តែ​ញឹកញាប់ និង​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​។ ហេតុនេះ កម្ពុជា​សូម​ជំរុញ​លើកទឹកចិត្ត​ដល់​ប្រទេស​សមាជិក​អាស៊ាន និង​ប្រទេស​បូក​បី​ទាំងអស់ បន្ត​ផ្ដោត​ការយកចិត្តទុកដាក់​ឱ្យ​បាន​ច្រើនជាង​មុន​ថែមទៀត លើ​ការការពារ​បិ​ស្ថាន និង​ធនធានធម្មជាតិ ក្នុង​គោលដៅ​កសាង​សហគមន៍​មួយ​នេះ​ឱ្យបាន​រឹងមាំ​, មានការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​និង​ស្របតាម​គោលដៅ​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​នៅ​ឆ្នាំ ២០៣០​។

ទី​៣. សម្តេច​តេ​ជោ​វាយតម្លៃ​ខ្ពស់​ចំពោះ​ការបន្ត​ពង្រឹង​យន្ដការ ដែល​បាន​ដាក់ឱ្យ​ដំណើរការ​បណ្ដាញ​ក្នុង​អ្នកវិភាគ​អាស៊ី​បូព៌ា​និង​ក្រុម​ធុរកិច្ច​អាស៊ី​បូព៌ា និង​បានកត់សម្គាល់​នូវ​រាល់​អនុសាសន៍​ទាំងឡាយ​ដែល​យន្តការ​ទាំងនេះ បានដាក់​ចេញ​ក្នុង​គោលដៅ​ជំរុញ កិច្ចសហប្រតិបត្តិការ អាស៊ាន​បូក​បី ឱ្យ​កាន់តែ​ប្រសើរឡើង​។

ទី​៤. សម្តេច​តេ​ជោ​បាន​សម្តែង​នូវ​សេចក្ដី​រីករាយ ដោយបាន​ឃើញ​កិច្ចសហប្រតិបត្តិការ​រ​បស់​យើង ក្នុង​វិស័យ​សុខាភិបាល មានការ​រី​ចម្រើន​គួរឱ្យកត់សម្គាល់ ជាពិសេស​ការដាក់ចេញ​នូវ​សេចក្ដីប្រកាស​របស់​ថ្នាក់ដឹកនាំ​អាស៊ាន​បូក​បី ស្តីពី​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ប្រយុទ្ធប្រឆាំង នឹង​ភាពស៊ាំ​ង​ទៅនឹង​ឱសថ​អង់​ទី​ប៊ី​យោ​ទិ​ក​។ នៅក្នុង​វិស័យ​សុខាភិបាល​នេះដែរ សម្តេច​បាន​ទាញអារម្មណ៍​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​អាស៊ាន​បូក​បី អំពី​បញ្ហា​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព ដែល​កំពុងតែ​បង្កបញ្ហា​ធ្ងន់ធ្ងរ​ដល់​សុខភាព និង​សុខមាលភាព​របស់​ប្រជាជន​។ ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព ជា​ឃាតក​លាក់​មុខ​បំផុត សម្រាប់​ប្រជាជន​ក្រីក្រ ហើយក៏​បង្ក​ការ​រាំងស្ទះ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​ផង​ដែរ​។ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព តម្រូវឱ្យមាន​កិច្ចសហការ​ល្អ​ប្រសើរ រវាង​ប្រទេស​ទាំងអស់​ក្នុង​តំបន់​។ ក្នុងន័យនេះ កម្ពុជា​ស្នើសុំ​ដាក់​ការប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​ទៅជា​របៀបវារៈ​ដ៏​សំខាន់​មួយ​នៃ​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន​បូក​បី​។

ទី​៥. ជាមួយនឹង​និន្នាការ​គាំពារ​និយម ក៏ដូចជា​សង្គ្រាម​ពាណិជ្ជកម្ម ដែល​កំពុង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ពាណិជ្ជកម្ម​សេរី​ចុះ​អន់​ខ្សោយ​។ តាមរយៈ​នេះ​សម្តេច បាន​ស្នើឱ្យ​ប្រទេស​បូក​បី​ជួយ​ជំរុញ និង​បញ្ចប់​ការចរចា​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​នៅក្នុង​តំបន់ (RCEP) នៅ​ឆ្នាំ​២០១៩​។ ទន្ទឹម​នេះ កម្ពុជា​សូម​ស្វាគមន៍​នូវ​គម្រោង​ស្រាវជ្រាវ​រួមគ្នា​ស្ដីពី​កិច្ចសហប្រតិបត្តិការ​១០+៣ សម្រាប់​ការធ្វើឱ្យ​ប្រសើរ​ជាង​មុន​នៃ​ការតភ្ជាប់​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់ ដែល​នឹង​ជំរុញ​ពាណិជ្ជកម្ម និង​ការវិនិយោគ និង​ជួយ​ដល់​ការ​តភ្ជាប់​និង​ផែនការ​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់​។

នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន បូក​បី​លើក​ទី​២១​នោះ​ដែរ បណ្តា​មេដឹកនាំ​អាស៊ាន​និង​ប្រទេស​បូក​បី បាន​ឯកភាពគ្នា​ក្នុង​ការ​ឈានទៅ​ចេញ​សេចក្តីប្រកាស​របស់​ប្រធាន​កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​បី​លើក​ទី​២១។ សេចក្តី​ប្រកាស​របស់​ថ្នាក់ដឹកនាំ​អាស៊ាន​បូក​បី ស្តីពី​កិច្ចសហប្រតិបត្តិការ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ភាពស៊ាំ​ទៅ​និង​ឱសថ​អង់​ទី​ប៊ី​យោ​ទិ​ក​។ របាយការណ៍​វឌ្ឍនភាព ស្តី​ពី​ការអនុវត្ត​ផែនការ​ការងារ​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន​បូក​បី ឆ្នាំ​២០១៨-២០២២​។ សំណើ​គម្រោង​សម្រាប់​ការសិក្សា​រួម​ស្តីពី​កិ​ច្ច​សហប្រតិបត្តិការ​១០+៣ សម្រាប់​ការ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ការ​តភ្ជាប់​ចង្វាក់​ផលិតកម្ម​។ កម្មវិធី​ការងារ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ាន​បូក​បី ឆ្នាំ​២០១៩-២០២០​។ អនុស្សរណៈ​លេខ​១៥ នៃ​បណ្តាញ​ក្រុម​អ្នកវិភាគ​អាស៊ី​បូព៌ា​។ គោលនយោបាយ​សម្រាប់​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​អាស៊ាន​បូក​បី អាស៊ាន​បូក​បី​និង​ហានិភ័យ​ខាងក្រៅ “​ការ​ទ្រទ្រង់​ការអភិវឌ្ឍ តាមរយៈ​កិច្ចសហប្រតិបត្តិការ​” និង​របាយការណ៍​កត់សំគាល់​នៃ​កិច្ចប្រជុំ​វេទិកា​អាស៊ី​បូព៌ា​លើក​ទី​១៦៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu