Ad Code

រដ្ឋសភា​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី ហិរញ្ញវត្ថុ​ឆ្នាំ​២០១៩ ដោយ​សំឡេង ១១៣ នៃ​អង្គសភា​ទាំងមូល



ភ្នំពេញ ​៖ សេចក្តី​ព្រាងច្បាប់​ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩ ត្រូវបាន​សម័យប្រជុំរ​ដ្ឋ​សភា​លើក​ទី​១ នីតិកាល​ទី​៦ ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា​នេះ​អនុម័ត​ដោយ​សំឡេង ១១៣ នៃ​សមាជិក​សមាជិកា​រដ្ឋសភា​ទាំងមូល​ដែល​បាន​ចូលរួម​។

សម័យប្រជុំ​នេះ ដឹកនាំ​ដោយ​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​ដោយមាន​វត្ត​ចូលរួម​ពី​សមាជិក​សមាជិកា​រដ្ឋ​សភា​ក្នុងពេល​ដំបូង ១១៥​រូប​។

ឯកឧត្តម​បណ្ឌិត​រដ្ឋ ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា ថ្លែង​ថា សេចក្តីព្រាងច្បាប់​នេះ មាន​គោលដៅ​គាំទ្រ​ដល់​ការអនុវត្ត​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល ជាពិសេស​ការអនុវត្ត​អាទិភាព​គោលនយោបាយ​សំខាន់ៗ និង​វិធានការ​កែទម្រង់​ជាក់លាក់​ក្នុងការ​បម្រើ​ប្រជាពលរដ្ឋ​។

ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តំណាង​រាជរដ្ឋាភិបាល​ឡើង​ការពារ​ច្បាប់​នេះ បាន​លើក​ឡើង​ថា​ ច្បាប់​ថវិកា​ឆ្នាំ​២០១៩​នេះ គឺ​ត្រូវបាន​រៀបចំឡើង​តាម​គោលនយោបាយ​ពង្រឹង​ការគ្រប់គ្រង​ថវិកា ក្នុង​គោលដៅ​ដោះស្រាយ​ឱ្យបាន​ជា​សារ​វ័​ន្ត​នូវ​សេចក្តីត្រូវការ ក្នុងការ​ឆ្លើយតប​ទៅនឹង​អាទិភាព​គោលនយោបាយ​ធំៗ​របស់​រាជរដ្ឋាភិបាល និង​តម្រូវការ​ជា​ចាំបាច់​ជា​មូលដ្ឋាន​របស់​ក្រសួង​ស្ថាប័ន​នានា ដើម្បី​បម្រើ និង​ផ្តល់នូវ​ការឆ្លើយតប​ប្រកបដោយ​ប្រសិទ្ធភាព​ទៅនឹង​ការ​ទន្ទឹង​រង់ចាំ និង​បំណងប្រាថ្នា​របស់​ប្រជាជន ដែលជា​ម្ចាស់​ឆ្នោត​នៅក្នុង​ឆ្នាំ​២០១៩ ដែល​ជា​ឆ្នាំ​ទី​១ នៃ​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ នៃ​រដ្ឋសភា ជាពិសេស​ការអនុវត្ត​ឱ្យចេញ​ជា​លទ្ធផល​ជាក់ស្តែង​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​កម្មវិធី នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល​។ ក្របខ័ណ្ឌ​ថវិកា​នេះ​ក៏​មាន​គោលដៅ​ធានា​រក្សា​នូវ​សមិទ្ធផល នៃ​ការអភិវឌ្ឍ​ទាំងពួង ដែល​សម្រេចបាន​នៅក្នុង​នីតិកាល​មុនៗ​កន្លងមក ក៏ដូចជា​ការរក្សា​ការពារ​ឱ្យបាន​ដាច់ខាត​នូវ​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា ក្នុងឋានៈ​ជា​រដ្ឋ​មួយ​ដែលមាន​ឯករាជ្យភាព​ពេញ​បរិបូណ៌ និង​ការ​ខំប្រឹង​ងើបឈរ​ឡើង ដើម្បី​ធ្វើជា​ម្ចាស់​លើក​ជោគវាសនា​របស់ខ្លួន​ដោយ​ខ្លួនឯង​ទាំង​នៅក្នុង​អតីតកាល បច្ចុប្បន្ន និង​តទៅ​អនាគត​។

តាម​សេចក្តីថ្លែងហេតុ​អំពី​សេចក្តីព្រាងច្បាប់​ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩ របស់​រាជរដ្ឋាភិបាល​បាន​បង្ហាញថា សម្រាប់​ឆ្នាំ​២០១៩ រាជរដ្ឋាភិបាល​បានកំណត់​ការចំណាយ​ថវិកា​ថ្នាក់ជាតិ​សរុប​ចំនួន ២៥ ៧៦៥ ០២៨​លាន​រៀល ត្រូវជា ២៣,៤៥%​នៃ ផ​.​ស​.​ស មាន​កំណើន ១០%​ធៀប​ឆ្នាំ​២០១៨​។ ក្នុងនោះ​ចំណាយ​លើ​បន្ទុក​បុគ្គលិក ចំណាយ​ក្រៅ​បន្ទុក​បុគ្គលិក ចំណាយ​ទៅតាម​វិស័យ​គ្របដណ្តប់​លើ​ក្រសួង​ស្ថាប័ន​ទាំង ៣៩ នៅ​ថ្នាក់ជាតិ ចំណាយ​ទៅលើ​ការគាំទ្រ​គម្រោង​វិនិយោគសាធារណៈ​ជា​អាទិភាព ចំណាយ​លើ​ការទូទាត់​ប្រាក់​ខ្ចី ចំណាយ​លើ​ផ្នែក​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​(​រាជធានី ខេត្ត ក្រុង ស្រុក និង​ឃុំ សង្កាត់​) និង​ចំណាយ​ទៅលើ​ផ្នែក​សង្គមកិច្ច​ផងដែរ។

ក្នុង​គោលបំណង​សម្រេច​ឱ្យបាន​នូវ​គោលនយោបាយ​នេះដែរ រាជរដ្ឋាភិបាល​ក៏បាន​គ្រោង​ចំណូល​ថវិកា​ថ្នាក់ជាតិ​សរុប​ជាង ២៣% នៃ ផ​.​ស​.​ស ផង​ដែរ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu