សៀមរាប ៖ សាលាបឋមសិក្សាបន្ទាយសំរ៉ែ ជាសាលាគោលដៅទី០២ នៃកម្មវិធីអប់រំបេតិកភណ្ឌក្នុងតំបន់អង្គរ ដែលរៀបចំឡើងនាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយអាជ្ញាធរជាតិអប្សរា ក្នុងបំណងចូលរួមចំណែកជាមួយវិស័យអប់រំបញ្ជ្រាបចំណេះដឹងផ្នែកបេតិកភណ្ឌ បរិស្ថាន និងបំណិន នៃការអានដល់កុមារដែលរស់នៅក្នុងតំបន់អង្គរ។
កម្មវិធីនេះចែករំលែកចំណេះដឹងដោយអ្នកជំនាញបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរាទាំងផ្នែកប្រវត្តិសាស្ត្រ វប្បធម៌ប្រពៃណី ជំនឿ សាសនា បរិស្ថាន និងតួនាទីរបស់កុមារក្នុងការរួមចំណែកថែរក្សានិងស្គាល់ពីកេរដំណែលដែលមានក្នុងតំបន់ខ្លួនរស់នៅ។
លោក ខៀវ ច័ន្ទ មន្ត្រីជំនាញបុរាណវិទ្យា នៃមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ និងវាគ្មិន នៃកម្មវិធី បានឲ្យដឹងថា មនុស្សគ្រប់ជាតិសាសន៍ត្រូវស្គាល់ពីមរតករបស់ប្រទេសខ្លួន ថាមានកេរអាករអ្វីខ្លះ មានបេតិកភណ្ឌអ្វីខ្លះជារបស់ផ្ទាល់ខ្លួន និងសម្រាប់ជាតិខ្លួន។
ដូច្នេះ ការបណ្តុះឲ្យកុមារស្គាល់ពីប្រវត្តិសាស្ត្រ ពីមរតកដែលខ្លួនមាន ធ្វើឲ្យពួកគេចេះស្រឡាញ់ យល់ពីតម្លៃ និងចូលរួមការពារ។ ជាក់ស្ដែងនៅតាមបណ្ដាប្រទេសជិតខាង និងប្រទេសជឿនលឿន ក្នុងប្រព័ន្ធអប់រំគេបានបញ្ចូលមេរៀននេះដល់កុមារស្គាល់ពីតូចៗ ហើយគេធ្វើយូរហើយដែរ តែប្រទេសយើងមិនទាន់បានធ្វើពេញដៃជើងនៅឡើយ។
លោកបន្តថា ពេលអង្គរចូលជាបេតិកភណ្ឌពិភពលោក អង្គការយូណេស្កូ ក៏បានជំរុញឲ្យអាជ្ញាធរជាតិអប្សរាគិតគូរពីរឿងអប់រំបេតិកភណ្ឌដល់សិស្សក្នុងតំបន់ឲ្យបានស្គាល់ពីមរតកដែលខ្លួនមានផងដែរ។ ដូច្នេះហើយ ជាជំហានដំបូងនាឆ្នាំ២០០៩ អាជ្ញាធរជាតិអប្សរាបានចាប់ផ្ដើមបោះពុម្ពសៀវភៅគំនូរអំពីចម្លាក់បេតិកភណ្ឌ សហការជាមួយមន្ទីរអប់រំយុវជនកីឡាខេត្តសៀមរាប និងអង្គការសហព័ន្ធជាតិយូណេស្កូប្រទេសជប៉ុនបាន២ភាគ ព្រមទាំងចុះបង្រៀនដល់ក្មេងៗឲ្យស្គាល់ពីបេតិកភណ្ឌ ដោយមានគម្រោងសហការជាមួយប្រទេសញូវហ្សេឡែន និងសហគមន៍ខ្មែរនៅកាណាដា។
បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរា ក៏កំពុងធ្វើសៀវភៅបេតិកភណ្ឌភាគទី០៣ ដែលមានកម្រិតខ្ពស់ជាងមុនឲ្យសិស្សស្គាល់ពីអ្វីទៅជាអង្គរ និងអនុវត្តកម្មវិធីអប់រំបេតិកភណ្ឌសហការជាមួយអង្គការគាំពារកេរមរតកដល់សិស្សនៅអនុវិទ្យាល័យស្រះស្រង់ ដើម្បីបង្ខិតសិស្សកម្ពុជាកុំឲ្យមានគំលាត អំពីការយល់ដឹងពីបេតិកភណ្ឌខ្លួនឆ្ងាយពីបរទេសពេក។
លោក រីក រេត មន្ត្រីជំនាញអភិរក្សនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ បានលើកឡើងថា ការបញ្ជ្រាបចំណេះដឹងផ្នែកអភិរក្សបុរាណដ្ឋានដល់កុមារ ជាគោលបំណងរបស់អ្នកអភិរក្ស ដែលចង់ឲ្យក្មេងៗបានយល់ដឹងពីរបៀបថែទាំ បច្ចេកទេសជួសជុល ស្គាល់សម្ភារៈត្រូវប្រើ និងការការពារកេរមរតកដូនតាទាំងនោះឲ្យបានគង់វង្សតពីមនុស្សចាស់នាថ្ងៃអនាគត។
លោកចង់ឲ្យខ្មែរគ្រប់រូបចូលរួមថែរក្សាទាំងអស់គ្នា មិនថាកុមារ យុវវ័យ មនុស្សចាស់ រួមទាំងអ្នកអាស្រ័យផលក្នុងតំបន់អង្គរផងដែរ។
អ្នកស្រី កាន កែម នាយិការង នៃសាលាបឋមសិក្សាបន្ទាយសំរែ បានថ្លែងអំណរគុណដល់អាជ្ញាធរជាតិអប្សរាដែលបានបង្កើតកម្មវិធីនេះឡើង ដែលជាប្រយោជន៍ដល់សិស្សានុសិស្ស ឲ្យពួកគេបានដឹង និងស្គាល់ពីបេតិកភណ្ឌនៅកន្លែងដែលពួកគេរស់នៅ។ ពិសេសអាចប្រតិបត្តិខ្លួនបានល្អក្នុងការរួមចំណែកថែរក្សា ការពារពេលពួកគេទៅលេងតាមប្រាសាទផង។ កន្លងមកកម្មវិធីបែបនេះមិនមានទេ តែសាលាធ្លាប់ធ្វើម្ដង កាលពេលលោកគ្រូ អ្នកគ្រូ ធ្វើតែងសេចក្ដីអំពីប្រាសាទ ហើយនាំសិស្សទៅសង្កេតដល់បុរាណដ្ឋានផ្ទាល់។ បើមានកម្មវិធីបែបនេះច្រើន សិស្សានុសិស្ស នឹងបានស្វែងយល់ដឹងច្រើនពីតំបន់បេតិកភណ្ឌដែលខ្លួនរស់នៅ៕
Source: Kampuchea Thmey Daily
0 Comments