សុខ សាវិន អ្នកប្រដាល់ក្លិបឆ្មាសែនសុខគុនខ្មែរ ត្រូវគេផ្ដល់ឱកាសឲ្យជួបប្រកួតសាកកណ្ដាប់ដៃជាមួយអ្នកប្រដាល់ថៃ ឈ្មោះ Yort Thournn Thang ជាលក្ខណៈមិត្តភាពអន្តរជាតិ នៅសង្វៀនTV5 ព្រែកកំពឹស នាយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។ ពីរនាក់នេះ ជួបគ្នាក្នុងប្រភេទទម្ងន់៦៣,៥០០គីឡូក្រាម។
បើតាម លោក សេង កដិកា អ្នកចាត់ចែងកម្មវិធីប្រដាល់នៅTV5 ឲ្យដឹងថា Yort Thournn Thang អ្នកប្រដាល់ថៃរូបនេះ មានកម្ពស់ប្រហាក់ប្រហែលនឹង សុខ សាវិន ដែរ តែប្រវត្តិប្រកួតរបស់គេ គឺតិចជាង សុខ សាវិន។
Yort Thournn Thang ពុំធ្លាប់ដែលមកប្រកួតនៅស្រុកខ្មែរម្តងណានៅឡើយទេពីមុនមក។ ជាលើកទី១ប៉ុណ្ណោះសម្រាប់អ្នកប្រដាល់ថៃរូបនេះ ដែលមកជួប សុខ សាវិន នេះ។ Yort Thournn Thang គេមានកំណត់ត្រាប្រកួតចំនួន៦៥លើក ដោយឈ្នះ៥០លើក ចាញ់១០លើក និងស្មើ ០៥លើក ខណៈដែលសុខ សាវិន អ្នកប្រដាល់កម្ពុជាយើងប្រកួតបានចំនួន៩២លើក ឈ្នះ៦៥លើក ចាញ់២២លើក និងស្មើ០៥លើក។
សុខ សាវិន ធ្លាប់ប្រកួតជាមួយថៃច្រើននាក់ហើយកន្លងមក ដោយវាយឈ្នះថៃច្រើនជាងចាញ់។ ការប្រកួតជាមួយថៃលើកចុងក្រោយនេះ សុខ សាវិន បានផ្ដួលថៃ Phat Ngen thong ក្នុងទឹកទី៥ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨។
ជាអ្នកប្រដាល់ដែលមានស្នៀតកែង ជង្គង់ កណ្ដាប់ដៃលឿន រហ័ស និងខ្លាំងនោះ សុខ សាវិន វាយមិនញញើតអ្នកប្រដាល់ថៃនោះឡើយ។ ចាំមើល តើ សុខ សាវិន អាចយកឈ្នះ Yort Thou rnn Thang បានឬអត់?។ Yort Thournn Thang គេជាអ្នកប្រដាល់ជើងខ្លាំងមួយរូបនៅស្រុកថៃ។ នេះបើតាមលោកសេង កដិកា អ្នកចាត់ចែងកម្មវិធីប្រដាល់ប្រចាំTV5ឲ្យដឹងនោះ។
យ៉ាងណាចំពោះ សុខ សាវិន អ្នកប្រដាល់កម្ពុជាវិញ គេក៏ជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែរនៅស្រុកខ្មែរ។ ចាំមើល តើ សុខ សាវិន អាចយកឈ្នះ Yort Thournn Thang បានឬអត់ សម្រាប់ការជួបគ្នាលើកដំបូងនេះ?៕
Source: Kampuchea Thmey Daily
0 Comments