Ad Code

រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ផ្ដល់​សេវា​រដ្ឋបាល​លើ​វិស័យ​សុរិយោដី​ជូន​ពលរដ្ឋ​ឲ្យ​បាន​ល្អ​ប្រសើរ​តាម​អង្គភាព​ច្រក​ចេញ​ចូល​តែមួយ​



ភ្នំពេញ​ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ផ្ដល់​សេវា​រដ្ឋបាល​លើ​វិស័យ​សុរិយោដី​ជូន​ពលរដ្ឋ​ឲ្យ​បាន​ល្អ​ប្រសើរ​ តាម​អង្គភាព​ច្រកចេញចូល​តែមួយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ លោក ឃួ​ង ស្រេង អភិបាល​ នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ​មួយ ស្ដីពី ការ​ផ្តល់​សេវា រដ្ឋបាល ​លើ​វិស័យ​សុរិយោដី ដល់​ប្រជាពលរដ្ឋ ដែល​មានបំណង​ស្នើសុំ​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ​តាមរយៈ​អង្គភាព​ច្រក​ចេញ​ចូល​តែមួយ​ កាលពី​រសៀល​ថ្ងៃទី​១៣​វិច្ឆិកា​នេះ។

លោក ម៉េ​ត មាស​ភក្តី អ្នក​នាំ​ពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់ឲ្យ​ដឹង​នៅក្រោយ​កិច្ចប្រជុំ​នោះ ថា អង្គភាព​ច្រកចេញចូល​តែមួយ​ គឺជា​យន្តការ​ថ្មី​មួយ ដែល​ជា​គោលនយោបាយ​របស់​រាជ រដ្ឋា​ភិ​បាល ដើម្បី​ជំរុញ​ការផ្តល់សេវា​ដល់​សាធារណៈ ពិសេស​សេវា​ចាំបាច់ឲ្យ​បាន​ទាន់ពេលវេលា​ជូន​ប្រជាពលរដ្ឋ ក្នុងការ​កាត់បន្ថយ​ការ​ថ្នាំងថ្នាក់ និង​កាត់បន្ថយ​ការ​យក​សេវា​កម្រៃ​ក្រៅផ្លូវការ​ច្រើន​ក្រៅពី​ច្បាប់​បាន​កំណត់​។​

អ្នក​នាំពា​ក្យ​រូបនេះ​បន្តថា ក្នុង​កិច្ចប្រជុំ​នោះ លោក អភិបាល បាន​ស្ដាប់​នូវ​របាយការណ៍​របស់​លោក​ស្រី​ប្រធាន​ច្រកចេញចូល​តែមួយ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏ដូចជា​ការលើកឡើង​របស់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជុំវិញ ដើម្បី​ឲ្យ​ការអនុវត្ត​ការងារ​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​ប្រសិទ្ធភាព និង អាច​ទុក​ចិត្ត​បាន​។​

លោក ម៉េ​ត មាស​ភក្តី បានបញ្ជាក់​ទៀតថា លោក ឃួ​ង ស្រេង ក៏បាន​ដាក់ចេញ​នូវ​ផែនការ​មួយចំនួន​បន្ថែមទៀត ពាក់ព័ន្ធ​នឹង​នីតិវិធី​ផ្ដល់​សេវា​នេះ ដល់​ខណ្ឌ​ទាំងអស់ ក៏ដូចជា​មន្ទីរ ដើម្បី​បន្ត​ផ្សព្វផ្សាយ​ដល់​មន្ត្រី​ថ្នាក់ក្រោម សម្រាប់​អនុវត្ត​កិច្ចការ​នេះ​ឲ្យ​បាន​យល់​ពី​ការ​ផ្ដល់​សេវា ដើម្បី​ធ្វើយ៉ាងណា​ជំរុញ​ឲ្យ​ការ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ឆ្លើយតបបាន​ទាន់ពេលវេលា​ដែល​បាន​កំណត់​ដោយ​ច្បាប់ សម្រាប់​ការ​ផ្តល់​សេវា​និ​មួយៗ​។

សូម​បញ្ជាក់​ថា អង្គភាព​ច្រក​ចេញ​ចូល​តែមួយ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​ពីរ គឺ​ជួរមុខ ជា​អ្នក​អនុវត្ត​កិច្ចការ​ផ្នែក​រដ្ឋបាល និង​ជួរ​ក្រោយ នៅ​ក្នុង​នេះ​ផ្ទាល់​ និង​មន្ទីរ​ដែនដី​នគរូបនីយកម្ម និង​សំណង់​រាជធានី​ភ្នំពេញ និង ទីចាត់ការ​ដែល​ពាក់ព័ន្ធ​។

នៅក្នុង​អង្គភាព​នេះដែរ ក៏មាន​១២​វិស័យ​សម្រាប់​រៀបចំ​សេវា​ជូន​ពលរដ្ឋ ដែល​ក្នុង​ផ្ដោត​សំខាន់​លើ​វិស័យ​សុរិយោដី និង​សាធារណការ ដែលមាន​ការ​ពាក់ព័ន្ធ​ច្រើន ក្នុង​កិច្ចការ​បម្រើ​ជូន​ពលរដ្ឋ​ចំពោះ​មុខ ដើម្បី​ដំណើរការ​ឯកសារ​តាំង​ពី​ដើម​រហូតដល់​ចប់​តាមរយៈ​ច្រកចេញចូល​តែមួយ​នេះ​។​

យ៉ាងណា​ការ​ដំណើរ​កិច្ចការ​ផ្ដល់​សេវាកម្ម​នេះ មាន​ភាព​ស្មុគស្មាញ និង ត្រូវការ​ពេលវេលា ដើម្បី​រៀប​ចំ​ឯកសារ តាម​ការ​ស្នើសុំ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ស្នើ​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ​។

ហើយ​មន្ត្រី​ទាំងអស់​ បាន​និង​កំពុង ​បម្រើ​ការ​ដោយ​យកចិត្តទុកដាក់ និង​ប្រឹងប្រែង អនុវត្ត​ឲ្យ​បាន​តាម​ការកំណត់ ​នៃ​ច្បាប់​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu