ការប្រកួតប្រដាល់ដណ្ដើមពានរង្វាន់ជើងឯកTV5 Knock Out Series by K.cement ទម្ងន់៥៧គីឡូក្រាម លើសង្វៀនTV5 ព្រែកកំពឹស នៅថ្ងៃសៅរ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ជាការប្រកួតលើកទី៤ ក្នុងជម្រុះដំណាក់កាលទី១ ដែលមានអ្នកប្រដាល់៤រូប ដើម្បីប្រជែងយកកៅអីសម្រាប់ដំណាក់កាលទី២បន្តទៀតនោះ។
សម្រាប់ការប្រកួតជម្រុះលើកទី៤នេះ សេក គឹមសាន្ត អ្នកប្រដាល់ក្លិបអង្គរមានជ័យ ខេត្តសៀមរាប នឹងជួបប្រកួតជាមួយ កំពែង ខ្មៅ អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងកសិកម្ម។
ការជួបគ្នារវាង សេក គឹមសាន្ត និង កំពែង ខ្មៅ នេះ តាមក្រុមអ្នកវិភាគប្រដាល់អះអាងនោះថា សេក គឹមសាន្ត ប្រហែលជាមិនឈ្នះ កំពែង ខ្មៅ នោះឡើយ។ ព្រោះ កំពែង ខ្មៅ គេជាអ្នកប្រដាល់មានឈ្មោះបោះសំឡេង និងឆ្លងកាត់ការប្រកួតច្រើនទាំងជាមួយខ្មែរគ្នាឯង ក៏ដូចជាជាមួយថៃដែរ ។ ហើយមួយទៀត កំពែង ខ្មៅ វាយបុកខ្លាំង និងមានផ្លែល្អជាង គឹមសាន្ត។ ចាំមើល តើ កំពែង ខ្មៅ អាចយកឈ្នះ សេក គឹមសាន្ត បានដែរឬអត់?។
ការប្រកួតក្នុងដំណាក់ទី១នេះ គឺប្រកួតតែបីទឹកទេ ដោយក្នុងមួយទឹកមាន៣នាទី សម្រាក២នាទី ហើយអ្នកដែលឈ្នះបានឡើង និងអ្នកដែលចាញ់ត្រូវជ្រុះធ្លាក់ត្រឹមនេះ។
ចំពោះការប្រកួតមួយគូទៀតនោះ ជាការជួបគ្នារវាង ធន់ អៀងឡៃ អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ និង វុត្ថា លាន់លិញ អ្នកប្រដាល់ក្លិបអង្គរធំគុនខ្មែរ។ ពីរនាក់នេះ មិនធ្លាប់ប៉ះគ្នាទេកន្លងមក ដោយសារពួកគេទាំងពីរ មានកម្រិតទីតាំងសមត្ថភាពខុសគ្នា គឺ វុត្ថា លាន់លិញ ជាអ្នកប្រដាល់ស្រករមុន ឯ ធន់ អៀងឡៃ ជាអ្នកប្រដាល់ស្រករក្រោយ។
ទោះជាយ៉ាងនេះក្តី សម្រាប់ការជួបគ្នាលើកនេះ មិនដឹងថា លាន់លិញ អាចយកឈ្នះ ធន់ អៀងឡៃ បានឬអត់នោះទេ? ព្រោះថា អៀងឡៃ គេមានស្នៀតប្រដាល់ល្អ និងមានកម្លាំងកាយសម្បទាខ្លាំងជាងលាន់លិញ ហើយណាមួយលើកនេះ ជាការប្រកួតដែលមិនអាចធ្វេសប្រហែសបាន គឺត្រូវមានការប្រយ័ត្នរៀងៗខ្លួន។ យ៉ាងណា ការប្រកួតរវាងអ្នកប្រដាល់ទាំងពីរ ពុំដឹងថា នរណាជាអ្នកមានសំណាងបានឡើងទៅប្រកួតបន្តទៀតនោះទេ?។
ព្រឹត្តិការណ៍ប្រកួតប្រដាល់ដណ្ដើមពានរង្វាន់ជើងឯក TV5 Knock Out Series by K.cement ទម្ងន់៥៧គីឡូក្រាម មានអ្នកប្រដាល់ចំនួន៣២នាក់ចូលរួម ហើយចែកចេញជា៤ ដំណាក់កាល និងមានរូបមន្តប្រកួត គឺដំណាក់ទី១ជាការប្រកួតជម្រុះក្នុងចំណោម៣២នាក់ ទុកតែ១៦នាក់។
ដំណាក់ទី២ ជាការជម្រុះក្នុងចំណោម១៦នាក់ ទុក៨នាក់ ហើយដំណាក់កាលទី៣ គឺជម្រុះក្នុង៨នាក់ទុក៤នាក់ និងដំណាក់កាលទី៤ ជាការប្រកួតដំណាក់កាលផ្ដាច់ព្រ័ត្រ គឺពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រ។
គិតមកដល់ពេលនេះ មានអ្នកប្រដាល់ចំនួន៦រូបហើយ ដែលបានកក់កៅអីសម្រាប់ការប្រកួតជុំទី២នោះ គឺមាន ឆាយ មាស ក្លិបសំរោងកោងខេត្តបាត់ដំបង ,បឺត សង្ឃឹម ក្លិបរ៉ាហាប់ស្វាយប៉ាក ,អេ រដ្ឋា អ្នកប្រដាល់ក្លិបអេភូថងកីឡា , វ៉ាន់ វឿន ក្លិបឃ្លាំងមឿងកីឡា, សៀវ ង៉ុយ ក្លិបកងពលធំអន្តរាគមន៍លេខ២ និង ពុទ្ធ ធារិន្ទ ក្លិបពុទ្ធសេរីវង្ស៕
Source: Kampuchea Thmey Daily
0 Comments