Ad Code

គ្រួសារ​នារី​រងគ្រោះ​ ទាមទារ​ឲ្យ​តារា​ចម្រៀង​សាន់​ដេ យឿន អនុស្សាវរីយ៍ ចេញមុខ​ទទួលខុសត្រូវ​លើ​ទង្វើ​អាម៉ាស់​របស់​ខ្លួន



​ភ្នំពេញ ​៖ ​ថ្មីៗ​នេះ​ មានការ​ទម្លាយ​រឿងរ៉ាវ​ដ៏​អាម៉ាស់​របស់​តារាចម្រៀង​ប្រុស​ ប្រចាំ​ផលិតកម្ម​សាន់​ដេ​និង​ជា​អតីត​បេក្ខជន​ប្រឡង​ចម្រៀង​ស្ថានីយ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ ​លោក យឿន អនុស្សាវរីយ៍ ក្រោយ​ពេល​តារាចម្រៀង​ប្រុស​រូបនេះ​បាន​ប្រព្រឹត្ត​ទង្វើ​ដ៏​ស្មោកគ្រោក​ លួងលោម​បោក​យក​ខ្លួន​ប្រាណ​នារី​ម្នាក់ ​រហូត​មាន​កូន​ជាមួយគ្នា ​ប៉ុន្តែ​លទ្ធផល​ចុងក្រោយ ​បែរជា​មិន​ទទួលខុសត្រូវ​ទៅវិញ​។​

ការទម្លាយ​ដំណឹង​ដ៏​រសើប​នេះ ​បានធ្វើ​ឲ្យ​ទស្សនិកជន ​និង​មជ្ឈដ្ឋាន​អ្នក​និយម​លេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មាន​ការភ្ញាក់ផ្អើល​ និង​ចាប់អារម្មណ៍​គ្រប់គ្នា ​ខណៈ​មាន​មតិ​ជាច្រើន​បាន​បញ្ចេញ​ទស្សនៈ​រិះគន់​តារា​ចម្រៀង​ លោក យឿន អនុស្សាវរីយ៍ យ៉ាង​ចាស់ដៃ​លើ​ទង្វើ​មិន​ទទួលខុសត្រូវ​របស់ខ្លួន​ដែល​បណ្ដាល​ឲ្យ​នារី​ម្នាក់​រងគ្រោះ​(​មានកូន​)​ ខណៈដែល​លោក​ក៏មាន​ប្រពន្ធ​រួចមកហើយ​ផង​នោះ​។​

ស្រប​ពេលដែល​មានការ​បែកធ្លាយ​រឿងរ៉ាវ​អាស្រូវ​របស់​តារា​ចម្រៀង​ប្រុស​សាន់​ដេ​ លោក យឿន អនុស្សាវរីយ៍ យ៉ាង​កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក រ​ហូត​មាន​បណ្ដាញ​សារព័ត៌មាន​មួយចំនួន​យកទៅ​ចុះផ្សាយ​នេះដែរ​ ភ្លាមៗ​នោះ ​ក៏មាន​ប្រភព​ពី​មិត្តភ័ក្ដិ និង ក្រុមគ្រួសារ​នារី​រងគ្រោះ ​បាន​ចេញ​មុន​ទម្លាយ​ព័ត៌មាន​បន្ថែម​ជុំវិញ​រឿង​ដ៏​អាម៉ាស់​របស់ លោក យឿន អនុស្សាវរីយ៍ ព្រមជាមួយ​ការ​ទទូច​ឲ្យ​តារា​ប្រុស​រូបនេះ​ត្រូវតែ​ចេញ​ទទួលខុសត្រូវ​នូវ​ទង្វើ​របស់ខ្លួន​ទៀត​ផង។​

ផ្អែក​តាម​ប្រភពពី​នារី​ម្នាក់​ដែល​អះអាង​ត្រូវជា​បងប្អូន​របស់​ជន​រងគ្រោះ​(​នារី​មាន​កូន​)​ បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែមថា ​តារាចម្រៀង​ប្រុស​ លោក យឿន អនុស្សាវរីយ៍ មិន​ត្រឹមតែ​ប្រើល្បិច​ស្មោកគ្រោក​បោក​ប្រាស់​នារី​រងគ្រោះ ​រហូត​ឲ្យ​មានកូន​នោះទេ ​គឺ​បុគ្គល​រូបនេះ​ ថែមទាំង​ឲ្យ​ប្រពន្ធ​ និង​ប្អូន​គំរាម ​និង​ជេរ​ប្រមាថ​ដល់​ជនរងគ្រោះ​ទៀតផង​។​ មិនតែប៉ុណ្ណោះ​ រាល់​ពេលដែល​បងប្អូន​ ឬ​នារី​រងគ្រោះ​ ទាមទារ​ឲ្យ​តារា​ប្រុស​រូបនេះ​ចេញមុខ​ទទួលខុសត្រូវ​រាល់​ទង្វើ​របស់​ខ្លួន ​គឺ​លោក យឿន អនុស្សាវរីយ៍ តែងតែ​គេចវេះ​រហូត​។​

ប្រភព​ដដែល​បានបញ្ជាក់​បន្ថែមថា ​បច្ចុប្បន្ន​ នារី​រងគ្រោះ​ដែល​បាន​ជ្រុលជ្រួស​ខ្លួនប្រាណ​ជាមួយ​តារា​ចម្រៀង​ លោក យឿន អនុស្សាវរីយ៍ គឺ​គាត់​តែងតែ​បង្ហាញ​ពី​ភាព​ឈឺចាប់​ដែល​ចាញ់កល​ល្បិច​តារា​រូបនេះ​។ ​ម្យ៉ាងទៀត​ គិត​រហូត​មកទល់ពេលនេះ​ កូន​របស់​នារី​រងគ្រោះ​មាន​អាយុ​បាន​ប្រមាណ​១​ខែ​មកហើយ​ បន្ទាប់ពី​ការ​សម្រាល​។​

កម្ពុជា​ថ្មី​ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​នេះ​ នៅ​មិនទាន់​អាច​ស្វែងរក​ការបកស្រាយ ​ឬ​បំភ្លឺ​ពី​សំណាក់​តារា​ចម្រៀង​សាន់​ដេ​ លោក យឿន អនុស្សាវរីយ៍ បាន​នៅឡើយ​ទេ។ ​ខណៈ​មាន​មហាជន​ជា​ច្រើន​បាននិងកំពុង​ ធ្វើការ​រិះគន់​កាន់តែខ្លាំង​លើ​តារា​ចម្រៀង​ លោក យឿន អនុស្សាវរីយ៍ បន្ទាប់ពី​មាន​ការ​បែក​ធ្លាយ​ដំណឹង​ដ៏​រសើប​ខាង​លើ​នេះ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu