សិង្ហបុរី ៖ កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ ក្រោមប្រធានបទ ការកសាងនវានុវត្តន៍ និងភាពរឹង មាំរបស់អាស៊ាន បានប្រារព្ធពិធីបើកជាផ្លូវការហើយ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និសីទអន្តរជាតិសាន់តិច សាធារណរដ្ឋសិង្ហបុរី ដែលបណ្ដាប្រមុខរដ្ឋ ប្រមុខ រដ្ឋាភិបាល នៃប្រទេសអាស៊ាន បានយាងនិងអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលរបស់ខ្លួន ក្រោមកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរាក់ទាក់បំផុត ពី ឯកឧត្ដម លី ស៊ានឡុង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣។
នៅក្នុងពិធីបើកកិច្ច ប្រជុំកំពូលអាស៊ានលើកទី៣៣ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានយាង និងអញ្ជើញគោរពចម្រៀង និងភ្លេងជាតិអាស៊ាន ពិសេសបានស្ដាប់នូវចម្រៀងរបស់សិល្បៈមហាជនសិង្ហបុរី ដែលទាក់ទិនទៅនឹងសកម្មភាព និងថ្ងៃរីករាយរបស់អាស៊ាន។
ឯកឧត្ដម លី ស៊ានឡុង នាយករដ្ឋមន្ត្រី នៃ សាធារណរដ្ឋសិង្ហបុរី និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ បានថ្លែងសុន្ទរកថាគន្លឹះបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ ដោយគូសបញ្ជាក់ថា ត្រឡប់ទៅអតីតកាល កាលពីជាង៥០ឆ្នាំមុន អាស៊ានពេលនេះ កំពុងបើកទំព័រសករាជថ្មីមួយរបស់ខ្លួន និងកំពុងតម្រង់ទៅរកទិសដៅជាច្រើន។
ឯកឧត្ដមបន្តថា តើអាស៊ានអាចរួបរួមគ្នា សម្រេចជោគជ័យ និងផ្សារភ្ជាប់ប្រជាជនរបស់យើង និងដៃគូរបស់យើងបានយ៉ាងដូចម្ដេច? សំណួរនេះគឺមានសារៈសំខាន់ណាស់ ដែលផ្ដល់នូវការផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស នៃមជ្ឈដ្ឋានខាងក្រៅ។
សុន្ទរកថាគន្លឹះរបស់ឯកឧត្ដមប្រធានអាស៊ានបានសង្កត់ធ្ងន់ថា សណ្ដាប់ធ្នាប់អន្តរជាតិ បានឈានដល់កាលៈទេសៈមួយដ៏សំខាន់ វត្តមានសេរីភាព ការបើកចំហ និងមូលដ្ឋានច្បាប់ នៃប្រព័ន្ធពហុភាគីនិយមដែលបានគាំទ្រដល់ការរីកចម្រើន និងស្ថិរភាពរបស់អាស៊ាន កំពុងស្ថិតនៅក្រោមស្ថានភាពគួរឲ្យព្រួយបារម្ភ។
បណ្ដាប្រទេសជាច្រើន ក្នុងនោះរួមមានទាំងមហាអំណាចធំៗមួយចំនួន បាននិងកំពុងបង្កើតសកម្មភាពឯកតោភាគី និងកិច្ចព្រមព្រៀងទ្វេភាគីជាច្រើន ហើយបានបដិសេធដោយប្រយោលគំនិតពហុភាគីនិយម។ វាមិនមានភាពច្បាស់ឡើយ ថាតើពិភពលោកអាចនឹងដោះស្រាយបញ្ហាតាមរយៈប្រព័ន្ធច្បាប់ថ្មីមួយ និងបទដ្ឋានជាច្រើន នៃកិច្ចព្រមព្រៀងអន្តរជាតិ ឬក៏ថាតើសណ្ដាប់ធ្នាប់អន្តរជាតិ អាចនឹងប៉ះពាល់ដោយសារតែគូប្រជែង នៃប្លុកនីមួយ ឬយ៉ាងណានោះទេ? និន្នាការយុទ្ធសាស្ត្របែបនេះ នៃការប្រកួតប្រជែងរបស់មហាអំណាច និងការប្រឆាំងនឹងពហុភាគីនិយម បានរុញច្រានឲ្យរដ្ឋជាសមាជិកអាស៊ាន មានគោលដៅខុសគ្នា។
សុន្ទរកថារបស់ឯកឧត្ដមប្រធានបានបន្តថា រាល់រដ្ឋជាសមាជិក គឺមានយុទ្ធសាស្ត្រ នយោបាយ ការគណនាផលប្រយោជន៍ជាតិរៀងៗខ្លួន តែទោះជាបែបនេះក្ដី អាស៊ានបានបង្ហាញថា នៅតែធ្វើការងារជាមួយគ្នា និងស្វែងរកចំណុចរួមបានដដែល។ នេះគឺដោយសារតែការសម្រេចចិត្ត របស់សមាជិកអាស៊ានទាំងអស់ គឺថាអាស៊ានមានភាពខ្លាំងក្លា បើមិនបែកបាក់គ្នា។ ដោយការរួបរួមគ្នានៅក្នុងសំឡេងរួម ជាជាងការបែកបាក់គ្នា សមាជិកអាស៊ានទាំងអស់ មានគោលជំហរយ៉ាងរឹងមាំនៅលើពិភពលោក។
តាមរយៈអាស៊ានយើងមានសមត្ថភាពចូលរួម និងសហការជាមួយបណ្ដាប្រទេសធំៗ និងអង្គការអន្តរជាតិនានា ជាមួយនឹងការរៀបចំកិច្ចប្រជុំអាស៊ានដូចជាអាស៊ានបូកបី និង EAS ជាដើម។ យើងនឹងត្រូវរៀបចំកិច្ចប្រជុំនៅក្នុងវេទិកាទាំងនេះនៅប៉ុន្មានថ្ងៃខាងមុខទៀត។
ឯកឧត្ដមប្រធានបន្តថា តាមរយៈសមាហរណកម្មសេដ្ឋកិច្ចរបស់យើង យើងបានជួយឲ្យប្រជាជនរបស់យើងទទួលបានផលពីវិស័យការងារនៅក្នុងតំបន់ និងពង្រឹងតម្លៃ នៃសំណើរបស់អាស៊ាន ទៅកាន់អ្នកវិនិយោគ។ នៅថ្ងៃនេះអាស៊ាន គឺជាតួអង្គសេដ្ឋកិច្ចដ៏សំខាន់ មួយនៅក្នុងពិភពលោក។
ជាមួយនឹងកំណើនយុវជនវ័យកណ្ដាល និងយុវជនវ័យពេញធ្វើការ អាស៊ាននឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចធំទី៤ នៅលើពិភពលោក នៅឆ្នាំ២០៣០ ពោលគឺអនាគតអាស៊ាន កំពុងមានភាពភ្លឺស្វាង។
ខណៈពេលនេះដែរ យើងត្រូវតែដោះស្រាយបញ្ហាប្រឈមថ្មីៗ ផ្អែកលើយុទ្ធសាស្ត្រថ្មី និងការផ្លាស់ប្ដូរសំខាន់ៗតាមរយៈបច្ចេកវិទ្យាឌីជីថល។ បច្ចេកវិទ្យាឌីជីថលបានរំខានដល់សេដ្ឋកិច្ចរបស់យើង និងផ្លាស់ប្ដូរការរស់នៅ ការធ្វើការ ការទំនាក់ទំនងរបស់យើង រួមទាំងការវាយប្រហារព័ត៌មានវិទ្យាផងដែរ។ ព្រមពេលជាមួយគ្នា ការគំរាមកំហែងពីភេរវកម្ម និងការប្រែប្រួលអាកាសធាតុក៏ជាក្ដីកង្វល់មួយដែរ។ ភេរវកម្ម គឺមិនមែនត្រឹមតែគំរាមកំហែងដល់សន្តិសុខតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្កជាការគំរាមកំហែងធ្ងន់ធ្ងរផងដែរ ដល់ជាតិសាសន៍នានា និងពហុសាសនា នៃបណ្ដាប្រទេសជាសមាជិកអាស៊ាន។
បម្រែបម្រួលអាកាសធាតុ កំពុងធ្វើឲ្យបណ្ដាប្រទេសអាស៊ានមួយចំនួន ងាយរងគ្រោះនឹងការកើនឡើង នៃកម្ពស់ទឹកសមុទ្រ។
ការកើនឡើងសីតុណ្ហភាព និងកម្ដៅផែនដី កំពុងបង្កផលប៉ះពាល់ផងដែរ ជាមួយការបង្កជាជំងឺតំបន់ត្រូពិក និងគំរាមកំហែងដល់អាយុជីវិត និងការរស់នៅរបស់ប្រជាជនយើង។
ទាំងអស់នេះ មានន័យថា កិច្ចសហប្រតិបត្តិការពហុភាគី គឺមានសារៈសំខាន់ និងបន្ទាន់បំផុតជាពេលណាៗទាំងអស់។ ការប្រឈមមុខនឹងបញ្ហារួមនេះ គឺមានភាពស្មុគស្មាញ និងមិនធ្លាប់មាន និងគ្មានដំណោះស្រាយណាមួយ ហើយក៏មិនមានប្រទេសណាដោះស្រាយបញ្ហាទាំងនេះតែម្នាក់ឯងបាននៅឡើយដែរ ពោលគឺយើងត្រូវតែរួមចិត្តរួមកម្លាំង ដោះស្រាយបញ្ហាទាំងនេះជាមួយគ្នា។
នេះហើយ គឺមូលហេតុរុញឲ្យប្រទេសសិង្ហបុរី ជ្រើសរើសភាពរឹងមាំ និងការច្នៃប្រឌិតជាមូលដ្ឋានសម្រាប់ភាពជាប្រធាន អាស៊ានរបស់យើង។
យើងចង់បង្កើនសមត្ថភាពការពាររួមរបស់យើងប្រឈមមុខនឹងបញ្ហាទាំងនេះ និងប្រើប្រាស់បច្ចេកវិទ្យាឲ្យបានប្រសើរ សម្រាប់អាស៊ាននៅពេលអនាគត។
ឯកឧត្ដមប្រធានបានសម្ដែងនូវក្តីរំភើបយ៉ាងខ្លាំងដែលក្នុងអាណត្តិជាប្រធាន ប្រទេសសមាជិកទាំងអស់បានអនុវត្តន៍ទ្វេឡើងនូវកិច្ចខិតខំប្រឹងប្រែងរបស់យើង និងបានសម្រេចចេញនូវដំណោះស្រាយដ៏ល្អប្រសើរនានា ដែលបង្ហាញអំពីលទ្ធផល នៃការរួបរួម ប្រសិទ្ធភាព និងសម្ពន្ធភាពក្នុងនាមជាអាស៊ាន។
អាស៊ានបានបញ្ជាក់ឡើងវិញម្តងទៀត នូវការប្ដេជ្ញាធ្វើពាណិជ្ជកម្មពហុភាគី និងបោះជំហានទៅមុខឲ្យបានលឿន ឆ្ពោះទៅរកការបញ្ចប់ កិច្ចចរចានានា ទៅលើភាពជាដៃគូសេដ្ឋកិច្ចថ្នាក់តំបន់ ប្រកបដោយផ្លែផ្កា។
បណ្ដាញទីក្រុងឆ្លាតវៃរបស់អាស៊ាន (ASCN) នឹងក្លាយជាវេទិកាសម្រាប់ទីក្រុង នៃបណ្ដាប្រទេសអាស៊ានទាំងអស់ ធ្វើការផ្សារភ្ជាប់គ្នា ចែករំលែកបទពិសោធន៍ និងធ្វើការងាររួមគ្នា ដើម្បីលើកស្ទួយគុណភាព រស់នៅ នៃប្រយោជន៍ប្រជាជនរបស់យើង។
យើងបានពង្រឹងមូលដ្ឋានសម្រាប់បរិស្ថានតំបន់ ដែលយកច្បាប់ជាមូលដ្ឋាន ជាមួយនឹងការសន្និដ្ឋាន នៃសន្ធិសញ្ញាបណ្ដោះអាសន្នជាគំរូរបស់អាស៊ាន។
យើងបានបង្កើនភាពជាដៃគូសកម្មរួមគ្នារបស់យើង ប្រឆាំងនឹងការគំរាមកំហែងឆ្លងដែន រួមទាំងការវាយប្រហារតាមអ៊ីនធឺណិត និងការប្រែប្រួលអាកាសធាតុ។
លទ្ធផលទាំងនេះបង្ហាញពីជំនឿយ៉ាងរឹងមាំរបស់អាស៊ានចំពោះគំនិតបែបពហុភាគីនិយម គឺជាមូលដ្ឋានដ៏សំខាន់មួយសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងសម្រាប់ការរីកចម្រើន និងស្ថិរភាព នៃតំបន់។ នៅក្នុងពិភពលោកដែលអាស្រ័យគ្នាទៅវិញទៅមក និងមានការផ្សារភ្ជាប់គ្នានោះ អាស៊ាននឹងធ្វើការជាមួយដៃគូអន្តរជាតិ ឬក្រៅតំបន់របស់យើងដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ។ យើងប្ដេជ្ញារក្សាស្ថាបត្យកម្មក្នុងតំបន់អាស៊ានជាលក្ខណៈបើកចំហ និងរួមបញ្ចូលគ្នា។
នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣នោះដែរ ឯកឧត្ដម លី ស៊ានឡុង នាយករដ្ឋមន្ត្រី នៃ សាធារណរដ្ឋសិង្ហបុរី និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ បានអញ្ជើញជូនរង្វាន់ដល់ជ័យលាភី តម្លៃប្រមាណ២ម៉ឺន៥ពាន់ដុល្លារ ដល់តំណាងអង្គការថែរក្សា កុមារអន់សតិ ក្នុងប្រទេសហ្វីលីពីន។ មេដឹកនាំអាស៊ានទាំងអស់ ក៏បានថតរូបអនុស្សាវរីយ៍ នៃ ពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ផងដែរ។
សូមបញ្ជាក់ដែរថា មេដឹកនាំអាស៊ានក៏បានអញ្ជើញតាមដានស្ដាប់នូវបទបង្ហាញដោយក្រុមប្រឹក្សាផ្ដល់យោបល់ធុរកិច្ចអាស៊ាន និង អញ្ជើញបើកកិច្ចប្រជុំកំពូលពេញអង្គអាស៊ានលើកទី៣៣ និងពិធីពិសាភោជនាហារការងារ ពេលល្ងាចដែលរៀបចំដោយឯកឧត្ដម លី ស៊ានឡុង នាយករដ្ឋមន្ត្រីសិង្ហបុរីផងដែរ៕
Source: Kampuchea Thmey Daily
0 Comments