Ad Code

ស្រវឹង​ទឹកត្នោតជូរ ខឹង​ប្រពន្ធ​រអ៊ូ ដុត​ម៉ូតូ​ឆេះ​អស់​



​កំពង់ចាម ៖ កូនប្រុស​អកតញ្ញូ បាន​ផឹក​ទឹកត្នោតជូរ​រហូត​ស្រវឹង​ ហើយ​ខឹង​នឹង​ឪពុកម្ដាយ​ ព្រម​ទាំង​ប្រពន្ធ​ស្ដីបន្ទោស ​និង​រអ៊ូរទាំ​ច្រំ​ដែលៗ​ពេក ​ក៏​កេះ​ដែកកេះ​ដុត​ម៉ូតូ​ឆេះ​ខាន​ជិះ​ និង​គំរាម​សម្លាប់​ថែម​ទៀត​ផង​។​

ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ​ករណី​ហិង្សា​ក្នុង​គ្រួសារ​(​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ និង​គំរាមកំហែង​ថា នឹង​សម្លាប់​) នេះ ​បាន​កើតឡើង​នៅ​ថ្ងៃទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៨​និង​៤០​នាទី ចំណុច​ភូមិ​អូរ​ប៉ិះ​ ឃុំ​ជយោ ស្រុក​ចំការលើ ខេត្ត​កំពង់ចាម​។​

ប្រភព​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ​នៅ​ថ្ងៃកើតហេតុ ឈ្មោះ ឈិន ថា​វី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នៅ​ភូមិ​អូរ​ប៉ិះ ឃុំ​ជយោ ស្រុក​ចំការលើ ខេត្ត​កំពង់ចាម បាន​ជិះ​ម៉ូតូ ម៉ាក​យ៉ា​មា​ហា ស៊ី​រ៉ូ​ស មក​ផឹក​ទឹកត្នោតជូរ នៅ​ភូមិ​ថ្នល់​បែក​កើត ឃុំ​ស្វាយទាប ស្រុក​ចំការលើ ខេត្ត​កំពង់ចាម។​

ពេល​ត្រឡប់​ទៅដល់​ផ្ទះ​វិញ ក៏បាន​ឈ្លោះប្រកែក​ជាមួយ ប្រពន្ធ បន្ទាប់មក​ឪពុកម្ដាយ បាន​ចូល​ទៅ​ឃាត់​ និង​ស្ដីបន្ទោស​ពី​រឿង​ដើរ​ផឹកស៊ី​ ដោយ​ខឹង​ប្រពន្ធ​ និង​ឪពុកម្ដាយ​ស្ដីបន្ទោស​ឲ្យ ឈ្មោះ ថា​វី បាន​គំរាម​ថា ​នឹង​សម្លាប់ចោល​មួយ​ពូជ បើសិនជា​យក វា​(​ឈិន​ ថា​វី​)​ទៅ​ដាក់គុក បន្ទាប់​មក​ជន​សង្ស័យ​បាន​បើក​គម្រប​ប្រេងសាំង យក​ដែកកេះ​ដុត​ម៉ូតូ​ឆេះ​អស់​តែម្ដង​។​

លោក ហោ សេងហួរ​ អាយុ​៥៨​ឆ្នាំ ត្រូវជា​ឪពុក​បង្កើត របស់​ជនសង្ស័យ បាន​ប្ដឹង​កម្លាំង​ប៉ុស្តិ៍​ជយោ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​កន្លែងកើតហេតុ បញ្ជូន​មក​អធិការ​នគរបាល​ស្រុក​ចំការលើ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិ​វិធី៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu