ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៥ វិច្ឆិកា មេដឹកនាំនៃប្រទេសអាស៊ានបានយាងនិងអញ្ជើញចូលរួមក្នុងពិធីពិសាអាហារពេលព្រឹកការងារនៃកិច្ចប្រជុំកំពូលក្រៅផ្លូវការអាស៊ាន-ឥណ្ឌា ជាមួយលោក ណារិនដ្រា មូឌី នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឥណ្ឌា។
ពិធីពិសាអាហារពេលព្រឹកការងារនៃកិច្ចប្រជុំកំពូលក្រៅផ្លូវការអាស៊ាន-ឥណ្ឌា នេះស្ថិតក្រោមប្រធានបទ “ការពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌា និងទិសដៅអនាគត”។
មេដឹកនាំនៃប្រទេសអាស៊ាន បានស្វាគមន៍ចំពោះលទ្ធផលជាផ្លែផ្កា នៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា កាលពីខែមករា ឆ្នាំ២០១៨ នៅទីក្រុងញ៉ូដែលី ជាពិសេសការអនុម័តសេចក្តីថ្លែងការណ៍ ដែលី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍២៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា។ ក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌា មេដឹកនាំទាំងអស់ បានអះអាងថា បានសម្រេចនូវសមិទ្ធផលជាផ្លែផ្កាជាច្រើនលើគ្រប់វិស័យ ដែលបានរួមចំណែកដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។
មេដឹកនាំអាស៊ាន និងឥណ្ឌា បានសំដែងនូវការមិនពេញចិត្តលើវិស័យសេដ្ឋកិច្ចនៃតំបន់ទាំងពីរអាស៊ាន-ឥណ្ឌា ដែលទើបសម្រេចបាននូវទំហំពាណិជ្ជកម្មត្រឹមតែ ៧៣,៥ ប៊ីលានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៧ ពោលគឺតិចជាងពាក់កណ្តាលនៃគោលដៅពាណិជ្ជកម្មដែលអាស៊ាននិងឥណ្ឌា បានកំណត់ថា នឹងសម្រេចឲ្យបានចំនួន ២០០ ប៊ីលានលានដុល្លាអាមេរិក នៅត្រឹមឆ្នាំ២០២០។
មេដឹកនាំអាស៊ាន-ឥណ្ឌា បានសន្យារួមគ្នាថា ត្រូវខិតខំរួមគ្នាបន្ថែមទៀត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ឲ្យកាន់តែច្រើននិងទូលំទូលាយ តាមរយៈការពង្រឹងនិងពង្រីកសកម្មភាពធុរកិច្ច ការវិនិយោគនិងពាណិជ្ជកម្ម ក្នុងវិស័យដែលមានសក្តានុពល ដូចជា កសិ-ឧស្សាហកម្ម ទេសចរណ៍ ផលិតផលឱសថ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាដើម។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងក្នុងកិច្ចប្រជុំដ៏មានអត្ថន័យនោះថា កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់ឥណ្ឌា ក្នុងការពង្រឹងចំណងមិត្តភាពរវាងប្រជាជនអាស៊ាន-ឥណ្ឌា តាមរយៈកម្មវិធីអប់រំបណ្តុះបណ្តាលនានា សម្រាប់យុវជននិងនិស្សិតអាស៊ាន។ ជាមួយគ្នានេះ កម្ពុជាសូមស្វាគមន៍ក្នុងការកំណត់យកឆ្នាំ២០១៩ ជាឆ្នាំទេសចរណ៍អាស៊ាន-ឥណ្ឌា និងសង្ឃឹមថា នឹងមានសកម្មភាពនិងគម្រោងនានា ដើម្បីពង្រឹងនូវការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ក៏ដូចជាលំហូរទេសចរនៃតំបន់យើងទាំងពីរ។
នៅក្នុងពិធីពិសាអាហារពេលព្រឹកការងារនៃកិច្ចប្រជុំកំពូលក្រៅផ្លូវការអាស៊ាន-ឥណ្ឌា ក្រោមប្រធានបទ ការពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌា និងទិសដៅអនាគត មេដឹកនាំអាស៊ាន-ឥណ្ឌា បានឯកភាពគ្នាក្នុងការឈានទៅចេញសេចក្តីប្រកាសរបស់ប្រធានកិច្ចប្រជុំក្រៅផ្លូវការ អាហារពេលព្រឹកអាស៊ាន-ឥណ្ឌា ក្នុងបរិយាកាសស្និទ្ធស្នាលរាក់ទាក់បំផុត៕
Source: Kampuchea Thmey Daily
0 Comments