អ្នកប្រដាល់ជើងខ្លាំងទម្ងន់៥៧គីឡូក្រាម ៤រូប នឹងឡើងប្រកួតដណ្ដើមពានរង្វាន់ប្រាក់លានបាយ័នឆ្នាំ២០១៨។ អ្នកប្រដាល់ទាំង៤រូបនោះ រួមមាន សៀវ ង៉ុយ ក្លិបកងពលធំអន្តរាគមន៍លេខ២ , ឯម សុធី មកពីក្លិបថ្មគោលពោធិសែនជ័យ , អេ រដ្ឋា ក្លិបអេភូថងកីឡា និង ស៊ឹម ប៊ុនឆៃ មកពីក្លិបព្រៃទទឹង ខេត្តបាត់ដំបង។
ពួកគេទាំង៤នាក់នេះ នឹងជួបប្រកួតគ្នានៅល្ងាចថ្ងៃសៅរ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅលើសង្វៀនបាយ័នស្ទឹងមានជ័យ។ ការប្រកួតប្រព្រឹត្តទៅតាមរូបមន្តជាMarathon គឺចាញ់ជ្រុះហាលអាវ ឈ្នះត្រូវបន្តការប្រកួតទៀត ទាល់តែរកឃើញជើងខ្លាំងម្ចាស់ពានក្នុងពេលតែមួយ។
ការប្រកួតចែកចេញជាពីរដំណាក់កាល ដែលដំណាក់កាលទី១ ប្រកួតជម្រុះ ដើម្បីជម្រុះចោលពីរនាក់ ដែលចាញ់ ហើយពីរនាក់ដែលឈ្នះនោះ ត្រូវឡើងទៅជួបគ្នាក្នុងដំណាក់កាលទី២ ដែលជាការប្រកួតផ្ដាច់ព្រ័ត្រដណ្ដើមពានអនុស្សាវរីយ៍របស់ស្ថានីយ៍ទូរទស្សន៍បាយ័ន។
អ្នកប្រដាល់ទាំង៤រូបនេះ បន្ទាប់ពីឆ្លងកាត់ការចាប់ឆ្នោតនោះ សៀវ ង៉ុយ នឹងត្រូវជួបជាមួយ ឯម សុធី ហើយ អេ រដ្ឋា ជួបជាមួយ ស៊ឹម ប៊ុនឆៃ។ រវាងអ្នកប្រដាល់ សៀវ ង៉ុយ និង ឯម សុធី នេះ ពួកគេមិនធ្លាប់ប៉ះគ្នាទេកន្លងមក។ ពីរនាក់នេះ ពិបាកទស្សន៍ទាយណាស់ថា អ្នកណាឈ្នះ អ្នកណាចាញ់នោះ សម្រាប់ការជួបគ្នាលើកនេះ ព្រោះថា សៀវ ង៉ុយ ថ្វីត្បិតតែធ្លាប់ឈ្នះពានរង្វាន់ច្រើនដងកន្លងមកក៏ដោយ ក៏លើកនេះជួប ឯម សុធី រាងពិបាកឈ្នះបន្តិចដោយសារ សៀវ ង៉ុយ បច្ចុប្បន្ន មិនដូចសៀវង៉ុយ ពីមុននោះ។
សៀវ ង៉ុយ ប្រកួតមិនសូវទៀងទាត់ប៉ុន្មានទេ ដោយពេលខ្លះគេវាយល្អ និងខ្លាំង តែពេលខ្លះគេប្រកួតក៏រាងអន់ និងឆាប់អស់ស៊ុហ្វដែរ។ ចំណែក ឯម សុធី គេមានចិត្តប្រដាល់ធំ ស៊ូការប្រកួត ហើយក្បាច់គុនក៏ល្អ និងខ្លាំងដែរ។ និយាយរួម សៀវ ង៉ុយ ពិបាកទប់ទល់ជាមួយ ឯម សុធី ហើយ។
គួរបញ្ជាក់ថា ការប្រកួតក្នុងដំណាក់កាលទី១ គឺប្រកួតតែ៣ទឹកប៉ុណ្ណោះ ដោយក្នុងមួយទឹកមាន៣នាទី និងការប្រកួតក្នុងដំណាក់កាលផ្ដាច់ព្រ័ត្រ គឺវាយ៥ទឹក តែមួយទឹកវាយតែ២នាទីទេ។
ចំពោះ អេ រដ្ឋា និង ស៊ឹម ប៊ុនឆៃ វិញ ពួកគេទាំងពីរក៏មិនធ្លាប់ជួបប្រកួតគ្នាដែរកន្លងមក។ យ៉ាងណា រវាងពួកគេពីរនាក់នេះ ស៊ឹម ប៊ុនឆៃ ទំនងជាមិនអាចឈ្នះ អេ រដ្ឋា ទេ ក្នុងការប្រកួតជម្រុះលើកដំបូងនោះ។
ទោះជាយ៉ាងណា ក្នុងចំណោមពួកគេ៤នាក់នេះ គេបានកត់សម្គាល់ឃើញថា ឯម សុធី និង អេ រដ្ឋា គេមានថ្វីដៃល្អដូចគ្នា ទាំងបទពិសោធន៍ ទាំងក្បាច់គុន ទាំងកម្លាំងស៊ុហ្វ ដែលអាចឆ្លងផុតវគ្គជម្រុះ ឈានដល់វគ្គផ្ដាច់ព្រ័ត្របាន។ តែយ៉ាងណាក៏ដោយ គេមិនអាចទាយមុនបានថា ការប្រកួតដណ្ដើមពានបាយ័នទម្ងន់៥៧គីឡូក្រាម ឆ្នាំ២០១៨នេះ មិនដឹងថាធ្លាក់ទៅលើនរណានោះទេ។
ចំពោះការប្រកួតគូឯកវិញនោះ សោម វិឆ័យ អ្នកប្រដាល់ក្លិបពន្លឺវិបុលមានរិទ្ធ ត្រូវគេផ្គូឲ្យជួបប្រកួតជាមួយ គង់ សំបូរ អ្នកប្រដាល់ក្លិបគុហារព្រហ្មជ័យ ដោយប្រកួតគ្នាក្នុងទម្ងន់៦៣,៥០០គីឡូក្រាម។
ពីរនាក់នេះ ពុំធ្លាប់មានប្រវត្តិជួបគ្នាទេកន្លងមក។ ប៉ុន្តែយ៉ាងណា រវាងពួកគេទាំងពីរ នាក់នេះ គង់ សំបូរ គេល្អ និងខ្លាំងជាង សោម វិឆ័យ តែមិនច្បាស់ថា គង់ សំបូរ ឈ្នះ សោម វិឆ័យ នោះឡើយ។
ការប្រកួតចុងក្រោយរបស់ សោម វិឆ័យ គឺវាយឈ្នះ ឡៅ ផានាថ អ្នកប្រដាល់ក្លិបមកុដរាជសីហ៍ដោយពិន្ទុ ហើយការប្រកួតចុងក្រោយរបស់ គង់ សំបូរ វិញ គឺវាយឈ្នះអ្នកប្រដាល់ថៃ៕
Source: Kampuchea Thmey Daily
0 Comments