Ad Code

ប្រធាន​សមាគម​កម្ពុជា​-​ចិន​ ៖ ការ​ធ្វើ​វិនិយោគ​របស់​បរទេស​នៅ​កម្ពុជា​ពិត​ជាមាន​សារៈសំខាន់​ណាស់



ភ្នំពេញ ​៖ លោក ឯក សំអុល ទីប្រឹក្សា​រាជរដ្ឋាភិបាល និង​ជា​ប្រធាន​សមាគម​មិត្តភាព​កម្ពុជា​-​ចិន បាន​ចាត់​ទុក​ការធ្វើ​វិនិយោគ​របស់​បរទេស ពិត​ជាមាន​សារៈសំខាន់​ណាស់ សម្រាប់​ការ​អភិឌ្ឍន៍​នៅ​កម្ពុជា​។

នៅក្នុង​ពិធី​សម្ពោធ​បើក​លក់​គម្រោង​ខុន​ដូរ (BOYI-NEW WORLD) របស់​ក្រុមហ៊ុន​ចិន (​ប៉ូ​អ៊ី​ញ៉ូ​វើ​ល​) ព្រឹក​ថ្ងៃទី៨ ខែធ្នូ ឆ្នាំ​២០១៨​នេះ នៅក្នុង​ទឹកដី​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ លោក ឯក សំអុល បាន​លើក​ឡើង​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ សេដ្ឋកិច្ចជាតិ​របស់​ប្រទេស​កម្ពុជា បាន​រក្សា​អត្រាកំណើន​ខ្លាំងក្លា​ប្រចាំឆ្នាំ ៧% ហើយ​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​បន្ត​កើនឡើង ធ្វើ​ឲ្យ​កម្រិតជីវភាព​របស់​ប្រជាជន​មាន​ការ​កើនឡើង​ជា​លំដាប់​។ ជា​មួយ​នេះ​វិស័យ​អចលនទ្រព្យ វិស័យ​សំណង់ ជា​វិស័យ​ចម្បង ដែល​ជួយ​ទ្រទ្រង់​ដល់​កំណើនសេដ្ឋកិច្ច បាន​កំពុង​មាន​ការ​រីកចម្រើន​។ ដូច្នេះ​ការ​ធ្វើ​វិនិយោគ​របស់​បរទេស​ពិត​ជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការអភិឌ្ឍន៍​នៅ​កម្ពុជា ហើយ​ការ​វិនិយោគ​នេះ​ដោយសារតែ​កម្ពុជា​មា​ន​ស​ន្តិ​ភាព មាន​ស្ថេរភាព​ពេញលេញ​។



លោក​បន្ត​ថា គម្រោង​ខុន​ដូរ BOYI-NEW WORLD របស់​ក្រុមហ៊ុន​ចិន​ស្ថិតនៅ​តំបន់​ទួលគោក ជា​តំបន់​ដែល​សម្បូរ​ទៅ​ដោយ​អភិជន​រស់នៅ ហើយ​លោក​ជឿជាក់​ថា នៅពេល​គម្រោង​នេះ​បញ្ចប់ វា​នឹង​ក្លាយទៅជា​ទីតាំង​ថ្មី​មួយ​នៅក្នុង​រាជធានី​ភ្នំពេញ ដែល​អាច​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការ​លើកកម្ពស់​រូប​រាង​ថ្មី និង​ការរស់នៅ​ថ្មី​នៅក្នុង​រាជធានី​ភ្នំពេញ ក៏ដូចជា​ជួយ​ស្តារ​ឡើងវិញ​នូវ​កិត្តិនាម​របស់​ទីក្រុង​ភ្នំពេញ ដែល​ធ្លាប់​មានឈ្មោះ​ល្បីល្បាញ​ថា​ជា "​គុជ​នៃ​តំបន់​អាស៊ីអាគ្នេយ៍​"​។ លោក​ប្រធាន​សមាគម​កម្ពុជា​-​ចិន​បន្ត​ទៀត​ថា តំបន់​អភិវឌ្ឍន៍​នៅក្នុង​ខណ្ឌទួលគោក​ជា​តំបន់​អភិវឌ្ឍន៍​ល្អ​បំផុត ជា​តំបន់​ដែល​នៅ​ជាប់​នឹង​អង់​តែ​ន​ទួលគោក​អាចធ្វើ​ចរាចរ​ងាយស្រួល ព្រមទាំង​ជា​ភូមិសាស្ត្រ​វប្បធម៌ និង​សេដ្ឋកិច្ច​មានការ​រីកចម្រើន​ខ្លាំង​។ ម្យ៉ាងទៀត BOYI-NEW WORLD បាន​ចាក់គ្រឹះ​នៅ​រាជធានី​ភ្នំពេញ វា​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​អំពី​ទំនុកចិត្ត​របស់​ក្រុមហ៊ុន​បរទេស​នៅ​កម្ពុជា​។

លោក​ប្រធាន​សមាគម សូម​អបអរសាទរ​ចំពោះ​សមិទ្ធផល​ថ្មីៗ​របស់​ក្រុមហ៊ុន ដែល​បដិសន្ធិ​ឡើង​ក្នុងពេលដែល​ប្រទេស​កម្ពុជា​បាន​ទទួល​នូវ​សន្តិភាព និង​ស្ថិរភាព​ពេញលេញ​។ លោក​ប្រធាន​សមាគម បញ្ជាក់​បន្ថែម​ថា «​មិត្តភាព​រវាង​កម្ពុជា និង​ចិន​មាន​ប្រវត្តិ​ល្អ​យូរលង់​មក​ហើយ​។ ការ​ផ្លាស់ប្តូរ​រវាង​ប្រជាជន​ទាំងពីរ ក៏មាន​ប្រវត្តិ​សាមគ្គី​ជា​ប្រពៃណី​ល្អ​ជាមួយគ្នា ធ្លាប់​បាន​ឆ្លងកាត់ ព្យុះភ្លៀង និង​ការសាកល្បង​ជាច្រើន ប៉ុន្តែ​ពុំ​មាន​ការ​រង្គោះរង្គើ​អ្វី​ឡើយ ព្រមទាំង​ទទួលបាន​តម្លៃ​ល្អៗ​បន្ថែម​ទៀត​»​។ ឆ្នាំនេះ គឺជា​ខួប​លើក​ទី​៦០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​ចិន​»​។ ទំនាក់ទំនង​នេះ​ប្រទេស​យើង​ទាំងពីរ​បានសម្រេច​នូវ​សមិទ្ធផល​ដ៏​ធំធេង​ជាច្រើន នៅក្នុង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ អប់រំ សុខាភិបាល និង​ទេសចរណ៍​ជាដើម​។ ទំនាក់ទំនង​សហប្រតិបត្តិការ​មិត្តភាព​រវាង​កម្ពុជា និង​ចិន​មិន​ត្រឹមតែ​ស្ថិតនៅ​កម្រិត​រដ្ឋាភិបាល​ប៉ុណ្ណោះ​ទេ ថែមទាំង​មាន​សហប្រតិបត្តិការ​មិត្តភាព រវាង​ប្រជាជន និង​ប្រជាជន​ទៀតផង​។ លោក​ជឿជាក់ថា អ្នកវិនិយោគ​របស់​ស​ហ​គ្រាស​ចិន​នៅ​កម្ពុជា នឹង​ជួយ​កម្ពុជា​ឲ្យ​មាន​ការរីកចម្រើន​ថែមទៀត​។

លោក លី ហ័​រ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន BOYI Real Estate Development CO.,Ltd​បាន​លើកឡើងថា​ លោក​រីករាយ​ក្នុងការ​វិនិយោគ និង​អភិវឌ្ឍន៍​វិស័យ​ស្ថាបត្យកម្ម​ដ៏​អស្ចារ្យ​នេះ នៅលើ​ទឹកដី​កម្ពុជា និង​បាន​ថ្លែងអំណរគុណ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​គាំទ្រ​ចំពោះ​គម្រោង​វិនិយោគ​នេះ​។ លោក​បាន​សន្យា​នឹង​បន្ត​ជួយ​អភិវឌ្ឍន៍​ប្រទេស និង​សេដ្ឋកិច្ច​កម្ពុជា ក៏ដូចជា​ជួយ​អំពាវនាវ​ដល់​វិនិយោគិន​ចិន​មក​បណ្ដាក់ទុន​នៅ​កម្ពុជា​ឲ្យ​កាន់តែច្រើន​ថែមទៀត​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu