Ad Code

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បញ្ចប់​ទស្សនកិច្ច​នៅ​ឡាវ​និង​វៀតណាម​ប្រកបដោយ​ផ្លែផ្កា​ជា​វិជ្ជមាន



នៅ​ប្រទេស​ឡាវ​បាន​ចុះហត្ថលេខា​កិច្ចសហប្រតិបត្តិការ​ចំនួន​៤
​នៅ​ប្រទេស​វៀតណាម​បាន​ចុះហត្ថលេខា​កិច្ចសហប្រតិបត្តិការ​ចំនួន ៥
ភ្នំពេញ​ ៖​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​អញ្ជើញ​និវត្តន៍​មកដល់​មាតុប្រទេស​វិញ​នៅ​វេលា​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់​ថ្ងៃទី​០៨ ខែធ្នូ​នេះ​បន្ទាប់ពី​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​៤​ថ្ងៃ​(​ពីថ្ងៃ​ទី​៥​ដល់​៨​ខែធ្នូ​)​នៅ​ប្រទេស ឡា វ​និង​ប្រទេស​វៀតណាម​។

ទស្សនកិច្ច​នេះ​ ត្រូវ​បាន​វាយតម្លៃថា ​មាន​លក្ខណៈ​ប្រកបដោយ​ផ្លែផ្កា​ជា​វិជ្ជមាន​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ផ្តើម​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​ទៅកាន់​ប្រទេស​ឡាវ​កាលពី​ថ្ងៃទី​០៥​ខែធ្នូ​កន្លង​ទៅ​នេះ​តប​តាម​ការ​អញ្ជើញ​របស់​នាយក​រដ្ឋមន្ត្រី​ឡាវ​លោក ថង​លូន ស៊ី​សូលី​ត នាយករដ្ឋមន្ត្រី​ឡាវ។



ខណៈ​ពេលដែល​សម្តេច​ត្រូវបាន​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាថ្មី ទៀត​សម្រាប់​រដ្ឋសភា​នីតិ​កាល​ទី​៦ កាលពី​ខែកញ្ញា ដែល​នេះ​គឺជា​ដំណើរ​ទស្សនកិច្ច​សំដែង​ការគួរសម​ផង និង ជា​ការ​ពង្រឹង​នូវ​ចំណងមិត្តភាព​និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​មាន​ភូមិ​ផង​របង​ជាមួយ។

សូម​ជម្រាប​ជូន​ដែរ​ថា ​ជា​ទម្លាប់​របស់​ប្រទេស​នៅក្នុង​សហគមន៍​អាស៊ាន នាយករដ្ឋមន្ត្រី​ឡើង​ថ្មី​ត្រូវ​តែ​ទៅ​សំដែង​ការគួរសម​ជាមួយ​សមា​ជិ​ក​អាស៊ាន​ទាំង​១០។

ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​ឡាវ​សម្តេច​តេ​ជោ​ហ៊ុន សែន ក្រៅពី​ការជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​នាយករដ្ឋមន្ត្រី​ឡាវ​នោះ​សម្តេច​តេ​ជោ​ក៏បាន​ចូល​ជួប​សម្តែង​ការគួរសម​ជាមួយ ប្រធាន​រដ្ឋ​ឡាវ​និង​ប្រធានរដ្ឋសភា​ឡាវ​ផងដែរ​។



នៅក្នុង​ជំនួប​ទ្វេភាគី​នោះ​ប្រមុខ​ដឹកនាំ​កម្ពុជា​និង​ឡាវ​បាន​អំពាវនាវ​រួមគ្នា​និង​ស្នើសុំ​ឲ្យ​ប្រធានាធិបតី​បារាំង​ក៏ដូចជា​រដ្ឋាភិបាល​បារាំង​ផ្ដល់​មក​ឲ្យ​ប្រទេស​ទាំងពីរ​នូវ​ឯកសារ​ពាក់ព័ន្ធ​នានា​ដែលមាន​ប្រយោជន៍ ដើម្បី​ឈាន​ទៅ​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា​-​ឡាវ​ឲ្យ​បាន​ឆាប់​ចប់ ។ បញ្ហា​ព្រំដែន​កម្ពុជា​-​ឡាវ​ដែល​នៅ​សេសសល់​មាន​ប្រមាណ​១៦​ភាគរយ​ទៀត​។

បញ្ហា​ព្រំដែន​គឺជា​ប្រធានបទ​ដ៏​សំខាន់​មួយ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន នៅ​ប្រទេស​ឡាវ​រយៈពេល​ពីរ​ថ្ងៃ​។ នៅក្នុង​ជំនួប​ជាមួយ​សម​ភាគី​ឡាវ​គឺ​លោក ថង​លូន ស៊ី​ស៊ូ​លី​ត សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូស​បញ្ជាក់​ថា កម្ពុជា​និង​ឡាវ​នឹង​បន្ត​ពិភាក្សា​គ្នា​លើ​បញ្ហា​ព្រំដែន​ដើម្បី​ពង្រាង ឯកសារ​ផ្ញើ​ទៅកាន់​ភាគី​បារាំង​។

កម្ពុជា​និង​ឡាវ​អំពាវនាវ​និង​ស្នើសុំ​ឲ្យ​ប្រទេស​ដែល​ធ្លាប់​ជា​អាណាព្យាបាល​របស់​ខ្លួន​នេះ​ផ្ដល់​មក​ឲ្យ​ខ្លួន​នូវ​ឯកសារ​ពាក់ព័ន្ធ​នានា​ដែល​មាន​ប្រយោជន៍​ដើម្បី​ឈាន​ទៅ​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា​-​ឡាវ​។ ការងារ​ពង្រាង​ឯកសារ​នេះ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​-​ឡាវ ព្រមព្រៀងគ្នា​ប្រគល់​ឲ្យ​រដ្ឋមន្ដ្រី​ក្រសួងការបរទេស​នៃ​ប្រទេស​ទាំងពីរ​ជា​អ្នកអនុវត្ត​។ ក្រៅពី​ការងារ​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ផ្ទុកផ្ដាក់​ឲ្យ​ប្រមុខ​ការទូត​នៃ​ប្រទេស​ទាំងពីរ​នូវ​ការងារ​សំខាន់​មួយទៀត​ដែល​ជា​ការងារ​អាទិភាព​។ នោះ​គឺ​រៀបចំ​បែបបទ​បច្ចេកទេស យ៉ាងណា​ឲ្យ​ភាគី​បារាំង​ផ្ទេរ​ផែនទី​ពី​ខ្នាត​១/១០០ ០០០​ពាន់ មក​ផែនទី UTM ខ្នាត​១/៥០ ០០០​។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ ក៏​មាន​ការ​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់ៗ​ចំនួន​៤​ផង​ដែរ​រួមមាន ទី​១. កិច្ចព្រមព្រៀង​ស្តី​ពី​វិស័យ​អប់រំ​សម្រាប់​រយៈពេល​៥​ឆ្នាំ​ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២៣ ,​ទី​២.​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​វប្បធម៌​និង​សិល្បៈ​សម្រាប់​ឆ្នាំ​២០១៩-២០២១, ទី​៣.​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តី​ពី​ការខ្ចី​សត្វ​ដំរី​សម្រាប់​ការ​បង្ហាញ​សិល្បៈ​និង​ការ​ផ្លាស់ប្តូរ​វប្បធម៌ នៅ​សួន​សត្វសា​ហ្វា​រី​រាជធានី​ភ្នំពេញ និង ទី​៤.​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចព្រមព្រៀង​ទិញ​-​លក់​ថាមពល​អគ្គិសនី​តាម​តង់ស្យុង​ខ្ពស់ ២៣០ និង ៥០០​គីឡូវ៉ុល ពី​ស្ថានីយ​បាន​ហាត ប្រទេស​ឡាវ មក​ស្ថានីយ​ស្ទឹងត្រែង​របស់​ប្រទេស​កម្ពុជា​។

ក្រោយពី​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ​ប្រកបដោយ​ផ្លែផ្កា​នៅ​ល្ងាច​ថ្ងៃទី​០៦​ខែធ្នូ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​បន្តដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​៣​ថ្ងៃ​(​ពីថ្ងៃ​ទី​៦​ដល់​៨​ធ្នូ​)​។

នៅ​ល្ងាច​ថ្ងៃទី​៦​ខែធ្នូ​នៅ​ទីក្រុង​ហាណូយ​ក្នុង​ឱកាស​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​វៀតណាម​នាយក​រដ្ឋមន្ត្រី​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន និង នាយករដ្ឋមន្ត្រី​វៀតណាម​លោក Nguyen Xuan Phuc បាន​អញ្ជើញ​ចូលរួម​វេទិកា​ធុរកិច្ច វៀតណាម​-​កម្ពុជា​។

លោកនាយក​រដ្ឋមន្ត្រី​វៀតណាម Nguyen Xuan Phuc បាន​លើក​ឡើង​នៅក្នុង​វេទិកា​នោះ​ថា នេះ​ជា​ឱកាស​ដើម្បី​សហគ្រាស​នៃ​ប្រទេស​ទាំងពីរ​ជំរុញ​យ៉ាងខ្លាំង​ក្លា​នូវ​កិច្ច​សហ​ប្រតិ​ប​តិ្ត​កា​រលើ​វិស័យ​វិនិយោគ​អាជីវកម្ម​ជាពិសេស​គឺ​ក្នុង​កាលៈទេសៈ​ដែល​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​កំពុង​រីកចម្រើន​យ៉ាង​ល្អប្រសើរ​គ្រប់​ជ្រុងជ្រោយ ។ លោកនាយក​រដ្ឋមន្ត្រី​វៀតណាម​ចាត់ទុកថា​តាម​ការប៉ាន់ស្មាន​គឺ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​វៀតណាម​-​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨​អាច​ទទួលបាន​៥​ពាន់​លាន​ដុល្លា​ហើយ​ដល់​ឆ្នាំ​២០ ២០​អាច​ឡើងដល់​ពី​៧​ទៅ​៨​ពាន់​លាន​ដុល្លា​។

ចំណែកឯ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សកម្មភាព​សហប្រតិបត្តិ​កា​រលើ​វិស័យ​ពាណិជ្ជកម្ម​និង​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ​នាពេល​កន្លង​ទៅ​ព្រមទាំង​រំលេច​ចេញ​សក្ដានុពល​ជាច្រើន​នៃ​ខឿន​សេដ្ឋកិច្ចកម្ពុជា​ចំពោះ​វិនិយោគិន​ផងដែរ​។ ក្នុងនោះ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​(២០១៥-២០២៥) ដោយ​ជំរុញ​ការកែលម្អ​បរិយាកាស​វិនិយោគ​អាជីវកម្ម​ជាពិសេស​គឺ​ផ្នែក​ពន្ធគយ ព្រមទាំង​អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​រឹង​ទាំង​ទន់​ក៏ដូចជា​កសាង​ផ្លូវ​ហាយវ៉េ​ដែល​ត​ភ្ជាប់​ជាមួយ​កំពង់ផែ​នានា​ផងដែរ​។

ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​សម្តេច​តេ​ជោ ហ៊ុន សែន ក្រៅពី​ជំនួប​ទ្វេភាគី​ជាមួយ​នាយករដ្ឋមន្ត្រី​វៀតណាម​ក៏បាន​អញ្ជើញ​ជួប​សម្តែង​ការគួរ​សមជា​ប្រធាន​រដ្ឋ​វៀត​ណា​ម​លោក ង្វៀន ហ៊្វុ​ជុង និង​ចូល​ជួប​សំដែង​ការ​គួរ​សមជា​មួយ​លោកស្រី​ប្រធានរដ្ឋសភា​វៀតណាម​ផងដែរ ។ ជាមួយ​នេះ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​ក៏បាន​អនុញ្ញាត​ឲ្យ​សមាគម​មិត្តភាព​វៀតណាម​កម្ពុជា​ចូលជួប​សំដែង​ការគួរសម​ផងដែរ។

ឯកសារ​សំខាន់ៗ​ចំនួន​៥ ត្រូវ​បាន​ចុះហត្ថលេខា​បន្ត​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ​ហ៊ុន សែន និង លោក ង្វៀន សួន​ហ៊្វុក​។

ឯកសារ​ដែល​បាន​ចុះហត្ថលេខា​នោះ​រួមមាន ទី​១. អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តី​ពី​យុទ្ធ​សហប្រតិបត្តិការ​លើ​វិស័យ​ដឹកជញ្ជូន​សម្រាប់​រយៈពេល៧​ឆ្នាំ ពី​ឆ្នាំ​២០១៨-២០២៥ និង​ចក្ខុវិស័យ​ឈាន​ឆ្ពោះទៅ​ឆ្នាំ ២០៣០។ ទី​២.​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​ការ​បញ្ចប់​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នៅ​តាម​ព្រំដែន​រវាង​កម្ពុជា​និង​វៀតណាម​។ ទី​៣.​កិច្ច​សហប្រតិបត្តិការ​សម្រាប់​ឆ្នាំ ២០១៩ រវាង​ក្រសួង​អប់រំ​យុវជន​និង​កីឡា​នៃ​កម្ពុជា​និង​ក្រសួង​អប់រំ​វៀតណាម។ ទី​៤.​កំណត់ហេតុ​លទ្ធផល​នៃ​កិច្ចប្រជុំ​រវាង​គណៈកម្មការ​ចម្រុះ​កិច្ចការ​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​និង​វៀតណាម និង ទី​៥ .​អនុស្សរណៈ យោគយល់​គ្នា​ស្ដីពី គម្រោង​នៃ​ការកសាង​មជ្ឈមណ្ឌល​ផ្ដល់​សេវា​ព្យាបាល​ដល់​សហគមន៍ និង​ដោយ​ស្ម័គ្រចិត្ត​ស​ម្រ​ប់​ប្រជាពលរដ្ឋ​ដែល ញៀន​គ្រឿងញៀន​នៅ​ខេត្ត​ព្រះសីហនុ។



ជា​លទ្ធផល​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ទៅកាន់​ប្រទេស​ឡាវ​និង​ប្រទេស​វៀតណាម​មាន​លក្ខណៈ​ប្រកបដោយ​ផ្លែផ្កា​និង​ជោគជ័យ គឺ​ទី​១-​បន្ត​ការជំរុញ​គោលនយោបាយ​ប្រទេសជិតខាង​ភូមិ​ផង​របង​ជាមួយ​ដើម្បី​បន្ត​រក្សា​សន្តិភាព​កិច្ច​សហប្រតិបត្តិការ​និង​ការអភិវឌ្ឍ ស្រប​ទៅ​យុទ្ធ​សាស្ត្រ​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ដែល​បាន​ដាក់​ចេញ​គឺ​ប្រែក្លាយ​តំបន់​អតីត​សមរភូមិ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​ឲ្យ​ក្លាយ​ទៅជា​ទីផ្សារ​និង​តំបន់​អភិវឌ្ឍន៍ យុទ្ធសាស្ត្រ​នេះ​កំពុង​សម្រេច​បាន​ជោគជ័យ​យ៉ាង​ធំធេង​។ ទី​២.​គឺ​ការ​ប្រែក្លាយ​តំបន់​ព្រំដែន​ជាមួយ​ប្រទេសជិតខាង​ទាំងអស់​ឲ្យ​ក្លាយទៅជា​ព្រំដែន​សន្តិភាព​មិត្តភាព​សហប្រតិបត្តិការ​និង​ការអភិវឌ្ឍ​។

ទី​៣-​ជំរុញ​ប្រតិបត្តិការ​តាម​ព្រំដែន​ជាពិសេស​គឺ​ការដោះស្រាយ​បញ្ហា​ព្រំដែន​ដែល​នៅ​សេសសល់​ជាមួយនឹង​ប្រទេសជិតខាង​ឡាវ​និង​វៀតណាម​ឲ្យ​បាន​ឆាប់​។​ទី​៤.​ជំរុញ​កិច្ច​សហប្រតិបត្តិការ​គ្នា​លើ​វិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម​វិនិយោគ ទេសចរណ៍ និង វប្បធម៌​ជាមួយនឹង​ប្រទេសជិតខាង​ទាំងពីរ ជាពិសេស​ជំរុញ​វិស័យ​ឯកជន​នៃ​ប្រ​ទេ​ជិតខាង​ឲ្យ​មាន​កិច្ចសហការ​គ្នា​ល្អ​។ ទី​៥.​ជំរុញ​ការ​តភ្ជាប់​ជាមួយ​ប្រទេសជិតខាង​តាមរយៈ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវគោក និង តាមរយៈ​ការភ្ជាប់​ជើងហោះហើរ​និង​ផ្លូវទឹក និង ការ​ភ្ជាប់​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន រួមទាំង​ការសហការ​លើ​វិស័យ​ថាមពល​ដែល​កម្ពុជា​នឹង​បន្ត​ទិញ​ថាមពល​ពី​ឡាវ​និង​វៀតណាម​ពេល​ពី​៥​ទៅ​១០​ឆ្នាំ​បន្តទៀត ។ ជា មួយ​គ្នាន​នេះ​សម្ដេច​ក៏បាន​ស្នើ​ឲ្យ​វៀតណាម​និង​ឡាវ​ទិញ​ភ្លើង​ពី​ប្រទេស​កម្ពុជា​ទៅវិញ​ផង​ដែរ ដែល​នេះ​គឺជា​ការផ្លាស់ប្តូរ​ពាណិជ្ជ​កម្ម​រវាង​ប្រទេសជិតខាង​ភូមិ​ផង​របង​ជាមួយ ។ ទី​៦-​ទស្សនកិច្ច​ផ្លូវការ​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ទៅកាន់​ប្រទេស​ឡាវ​និង​វៀតណាម​បាន​ចូលរួម​វិភាគទាន​យ៉ាងសំខាន់​ក្នុងការ​ពង្រឹងពង្រីក​ទំនាក់ទំនង​គឺ​ខ្លាច​បាត់​ការ​ទ្វេភាគី​លើ​គ្រប់​វិស័យ​ជាពិសេស​ការចូល​រួមជាមួយ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ទាំងពីរ​នៅក្នុង​អនុតំបន់​និង​ក្នុង​តំបន់​ផងដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu