ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៨ ធ្នូ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយលោកស្រី ង្វៀន ធីគិមងិន (Nguyen Thi Kim Ngan) ប្រធានរដ្ឋសភាវៀតណាម។
នៅក្នុងជំនួបននោះសម្តេចតេជោ ហ៊ុន សែន បានអះអាងថាក្នុងអាណត្តិដឹកនាំរបស់សម្តេច សម្តេចនឹងខិតខំធ្វើការដោះស្រាយបញ្ហាព្រំដែនឲ្យបានចប់សព្វគ្រប់ដើម្បីបម្រើឧត្តមប្រយោ ជន៍របស់ប្រទេសនិងប្រជាជនទាំងពីរកម្ពុជាវៀតណាម។
ក្នុងឱកាសនោះ លោកស្រីប្រធានរដ្ឋសភាវៀតណាមមានប្រសាសន៍សំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមាននៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីទៅកាន់ប្រទេសវៀតណាមនៅពេលនេះ។
លោកស្រីប្រធានក៏បានអបអរសាទរជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីដែលត្រូវបានជ្រើសតាំងជា នាយករដ្ឋមន្ត្រីសាជាថ្មីម្តងទៀតសម្រាប់រាជរដ្ឋាភិបាលនីតិកាលទី ៦កាលពីខែកញ្ញាកន្លងទៅ។
លោកស្រីប្រធានក៏បានចូលរួមអបអរសាទរចំពោះភាពជោគជ័យថ្មីមួយទៀត ដែលប្រទេសកម្ពុជាត្រូវបានអង្គការបេតិកភណ្ឌពិភពលោកទទួលស្គាល់និងចុះបញ្ជីរបាំប្រពៃណីល្ខោនខោលជាសម្បត្តិអរូបិយរបស់ពិភពលោកដែលនោះគឺជាមោទនភាពរបស់កម្ពុជានិង ក៏សម្រាប់ប្រទេសវៀតណាមផងដែរ។
លោកស្រីប្រធានមានប្រសាសន៍សង្កត់ធ្ងន់ថា សភាវៀតណាមបានគាំទ្រយ៉ាងពេញទំហឹងចំពោះលទ្ធផល នៃការចរចានិងឯកសារកិច្ចព្រមព្រៀងនានាដែលភាគីរដ្ឋាភិបាលនៃប្រទេសទាំងពីរបានចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចទៅកាន់ប្រទេសវៀតណាមនៅពេលនេះ។ លោកស្រីបន្តថាក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីកិត្យានុភាពជាតិរបស់កម្ពុជាទទួលបាននូវភាពល្បីល្បាញ លើឆាកអន្តរជាតិពិសេសទៅទៀតនោះ សម្តេចតេជោនាយករដ្ឋមន្ត្រីនឹងបន្តបេសកកម្មរបស់សម្តេចក្នុងការដោះស្រាយបញ្ហាព្រំដែននៃប្រទេសទាំងពីរកម្ពុជា-វៀតណាមឲ្យបានរួចរាល់ជាស្ថាពរដើម្បីជាឧត្តមប្រយោជន៍ដ៏ថ្លៃថ្លាសម្រាប់មនុស្សជំនាន់ក្រោយ។
សម្តេចតេជោមានប្រសាសន៍ថា ប្រសិនជាសម្តេចទៅទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមមិនបាន ជួបសំដែងការគួរសមជាមួយលោកស្រីប្រធានសភាទេនោះគឺហាក់ដូចជាមិនបានពេញលក្ខណៈសម្បត្តិគ្រប់ជ្រុងជ្រោយនោះទេ ព្រោះរដ្ឋាភិបាលត្រូវការកិច្ចសហការជាមួយងស្ថាប័ន នីតិប្បញ្ញតិដោយខ្វះមិនបាន ។
ការលើកឡើងរបស់សម្តេចគឺឆ្លើយតបទៅនិងប្រសាសន៍របស់លោកស្រីប្រធានសភាដែលថាលោកស្រីទើបតែ វិលត្រឡប់មកពីបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េកាលពីយប់ថ្ងៃទី៧ ធ្នូ។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានជម្រាបជូនលោកស្រីប្រធានពីសភាពការណ៍ក្នុងប្រទេសកម្ពុជាក្រោយពីដំណើរការបោះឆ្នោតក្នុងការបង្កើតឡើងនូវរដ្ឋសភារាជរដ្ឋាភិបាលនីតិកាលទី៦ ពិសេសការបង្កើតឡើងនូវឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ដែលមានការចូលរួមពីគណបក្សនយោបាយដែលចូលរួមការបោះឆ្នោត ដើម្បីឃ្លាំមើលការដឹកនាំរបស់រាជរដ្ឋាភិបាល។
សម្តេចតេជោបន្តថា ក្នុងឆ្នាំ២០១៨នេះ កំណើនសេដ្ឋកិច្ចរបស់កម្ពុជាអាចនឹងមានការកើនឡើងរហូតដល់៧,៣% ដែលជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា។
ទាក់ទិនទៅនិងប្រសាសន៍លើកឡើងរបស់លោកស្រីប្រធានសភាវៀតណាម ស្តីពីបញ្ហាព្រំដែននៃប្រទេសទាំងពីរកម្ពុជាវៀតណាម សម្តេចមានប្រសាសន៍ថា ក្នុងអាណត្តិដឹកនាំរបស់សម្តេច សម្តេចនឹងខិតខំធ្វើការដោះស្រាយបញ្ហាព្រំដែនឲ្យបានចប់សព្វគ្រប់ដើម្បីបម្រើឧត្តមប្រយោជន៍របស់ប្រទេសនិងប្រជាជនទាំងពីរកម្ពុជាវៀតណាម៕
Source: Kampuchea Thmey Daily
0 Comments