Ad Code

សំណុំរឿង​ក្រុម​ដើរ​ឆបោក​ប្រាក់​ជាង​១​លាន​ដុល្លារ ​ដែល​មាន​អង្គការ​ចាត់តាំង​ត្រឹមត្រូវ​កំពុង​តែ​មាន​ភាព​ចំរូងចំរាស​គ្នា​ខ្លាំង



កំពង់ស្ពឺ ៖ សំណុំរឿង​ដ៏​ក្តៅ​គគុក​ពាក់ព័ន្ធ​ករណី​ជន​ឆបោក​មួយ​ក្រុម ​ដែល​មាន​រៀបចំ​ផែនការ និង​យុទ្ធសាស្ត្រ​ច្បាស់លាស់ ត្រូវ​បាន​កម្លាំង​នគរបាល​ទទួល​ផែន​សន្តិសុខ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បំបែក​បាន​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ៧​នាក់​ បញ្ជូន​ទៅកាន់​តុលាការ​ដើម្បី​បន្ត​នីតិ​វិធី​តាមផ្លូវ​ច្បាប់​។

​ក៏ប៉ុន្តែ​សំណុំរឿង​មួយ​នេះ កំពុង​កើតមាន​ភាព​ចំរូងចំរាស​យ៉ាង​ក្តៅ​គគុក​រវាង​សមត្ថកិច្ច​ជា​អ្នក​អនុវត្ត​ច្បាប់ និង​អ្នក​រត់​ការ​ការពារ​ក្រុម​ជនសង្ស័យ​ដើម្បី​បាន​នៅ​ក្រៅ​ឃុំ និង​មាន​អាថ៌កំបាំង​មិន​ប្រក្រតី​ជាច្រើន​ទៀត រហូត​រង្គោះរង្គើ​ដល់​ស្ថាប័ន​តុលាការ​នៅ​មិន​សុខ​ផងដែរ។



ពាក់ព័ន្ធ​រឿង​ឆបោក​ប្រាក់​ជាង​១​លាន​ដុល្លារ ​ដ៏​ចំរូងចំរាស​នេះ លោក​ឧ​ត្ត​ម​សេនីយ៍ ញ៉ែម សៅ ស្នងការ​រង ទទួល​ផែន​សន្តិសុខ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ លោក​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​វែងឆ្ងាយ​នោះ​ទេ ដោយ​បាន​បញ្ជាក់​យ៉ាង​ខ្លី​ថា «​ភាព​ចំរូងចំរាស​ក្នុងករណី​បំបែក​សំណុំ​ក្រុម​ឆបោក​លុយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ ផ្ទុះឡើង​ដោយសារតែ​សាច់​ឯង​ប៉ុណ្ណោះ​»​។

សូម​រម្លឹក​ថា កាលពី​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៨ កន្លង​មក​នេះ មេខ្លោង និង​អ្នក​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​ប្រើ​ល្បិច​រៀបចំ​ផែនការ និង​យុទ្ធសាស្ត្រ​បោកប្រាស់​អ្នក​រកស៊ី​ចងការ​ប្រាក់​ប្រមូល​លុយ​បាន​ប្រមាណ​ជាង ១​លាន​ដុល្លារ នោះ ត្រូវ​បាន​កម្លាំង​ជំនាញ​ទទួល​ផែន​ការងារ​សន្ដិសុខ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​បាន ៧​នាក់ រួមមាន

១-​ឈ្មោះ ភឿង សុ​ភ័ន ភេទ​ស្រី អាយុ២៥​ឆ្នាំ ទីលំនៅ​ភូមិ​ព្រះ​ខែ ឃុំ​កា​ហែង ស្រុក​សំរោង​ទង បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះ​ជួល​ម្ដុំ​ហាង​ខារ៉ាអូខេ​រស្មី​អង្គរ ជា​មេខ្លោង មានមុខ​របរ អ្នករក​ស៊ី​ចងការ​ប្រាក់ និង​ផ្ដល់​សេវា​បង់​ផ្ដាច់​តាម​ធនាគារ​។



២-​ឈ្មោះ នី វណ្ណា​រី ភេទ​ស្រី អាយុ៣១​ឆ្នាំ ទីលំនៅ​ភូមិ​ផ្សារ​គីឡូ​លេខ​៩ សង្កាត់​ច្រាំង​ចំរេះ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ជា​មេខ្លោង​។

៣-​ឈ្មោះ ភឿង ចាន់​ឌី ភេទ​ស្រី អាយុ២៩​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ព្រះ​ស្រែ ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ អ្នក​រួមគំនិត​ក្នុង​អំពើ​ឆបោក (​ដើរ​តួ​ជា​អ្នក​ខ្ចីប្រាក់​កូនបំណុល​ជា​បង​បង្កើត​ឈ្មោះ​ភឿង សុ​ភ័ន​)​។

៤-​ឈ្មោះ អ៊ូច សុភា ភេទ​ស្រី អាយុ ៤២​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ក្តាន់​រោយ ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល អ្នក​រួមគំនិត​ក្នុង​អំពើ​ឆបោក​។ ៥-​ឈ្មោះ ស៊ឹម លាប ភេទ​ស្រី អាយុ៣២ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ស្លា ឃុំ​វល្លិ​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ជា​អ្នក​រួមគំនិត​ក្នុង​អំពើ​ឆបោក​។ ៦-​ឈ្មោះ ប៉ែន ស្រី​មាន ភេទ​ស្រី អាយុ ៥២​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ថ្មី សង្កាត់​ផ្សារ​ដី​ហុយ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ រួមគំនិត​ក្នុង​អំពើ​ឆបោក​។ ៧-​ឈ្មោះ ផូ ថេ​ង​ ភេទប្រុស អាយុ២៤​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ភូមិ​រកា​ជោ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល អ្នក​ផ្តល់​មធ្យោបាយ (​សមគំនិត អ្នករត់​កង់​បី​)​។

នគរបាល​បាន​ឲ្យ​ដឹង​ថា កម្លាំង​ជំនាញ​ផែន​ការងារ​សន្ដិសុខ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​បើក​បច្ចេកទេស​ស៊ើបអង្កេត​ដើម្បី​ឈាន​ដល់​ការ​បំបែកសំណុំរឿង​ករណី​ឆបោក​ប្រាក់​ជា​ប្រព័ន្ធ​ដែល​មាន​លក្ខណៈ​អង្គការ​ចាត់តាំង​ច្បាស់លាស់​ក្នុង​ការ​ទំនាក់​ទំនងជា​មួយ​ម្ចាស់បំណុល និង​ភ្នាក់ងារ​ផ្នែក​កម្ចី​ឥណទាន (CO) ក្លែងក្លាយ​ហើយ​ចាត់ តាំង​មនុស្ស​ឲ្យ​ធ្វើ​ជា​កូនបំណុល​ដែល​ត្រូវ​ខ្ចីប្រាក់​ដើម្បី​យក​ទៅ​បង់​ផ្ដាច់​នៅ​តាម​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឯកជន​ផ្សេងៗ​។



នគរបាល​សន្តិសុខ​និយាយ​ថា អ្នក​ពាក់ព័ន្ធ​២​នាក់​ទៀត​ តាំងខ្លួន​ជា​ភ្នាក់ងារ​ផ្តល់​កម្ចី​របស់​ធនាគារ ABA (CO) កំពុង​គេចខ្លួន​ហើយ​សមត្ថកិច្ច​កំពុង​តាម​ប្រមាញ់​បន្ត​ទៀត​។

ក្រុម​ជន​ឆបោក​ប្រាក់​ ដែល​រៀប​ផែនការ​បាន​យ៉ាង​ល្អ​ឥត ខ្ចោះ​ទាំង​០៧​នាក់ គឺ​ក្រោម​ការ​បញ្ជា​របស់​ឈ្មោះ ភឿង សុ​ភ័ន និង​ឈ្មោះ នី វណ្ណា​រី រៀបចំ​ផែនការ​ធ្វើការ​ទំនាក់ទំនង​ជាមួយ​អ្នកមាន​ប្រាក់ និង​អ្នកមាន​មុខរបរ​រក​ស៊ី​ចងការ​ប្រាក់​ឯកជន​។

ក្រោយពី​ការ​ទំនាក់ទំនង​តាម​ផែនការ​រួច​ឈ្មោះ ភឿង សុ​ភ័ន និង​ឈ្មោះ នី វណ្ណា​រី បាន​រៀប​ចំ​ឲ្យ​អ្នក​នៅ​ក្រោម​បញ្ជា​ទៅ​ជួប​ជាមួយនឹង​ម្ចាស់​ប្រាក់​ ដើម្បី​ទទួល​ប្រាក់ ករណីនេះ​ខាង​ម្ចាស់​ប្រាក់​ចង់ដឹង​ថា​ នៅ​ខ្វះ​លុយ​ប៉ុន្មាន​? នៅក្នុង​ស្ថាប័ន​ធនាគារឯកជន​មួយ​ណា​? អ្នកណា​ជា​អ្នក​កាន់​ឯកសារ​កូន​បំណុល និង​បាន​ឲ្យ​លេខ​ទូរស័ព្ទ​ភ្នាក់ងារ​ផ្តល់​កម្ចី (CO) ក្លែងក្លាយ ទៅដល់​ម្ចាស់​ប្រាក់​ទាក់ទង​សួរនាំ​អំពី​សាច់ប្រាក់​របស់​អតិថិជន​ដែល​ចង់​ខ្ចី​បង់​ផ្ដាច់ និង​ការ​ផ្ដល់​កម្ចី​ឲ្យ​បន្ដ​វិញ។



ក្រុម​ឆបោក​ដោយមាន​អង្គការ​ចាត់តាំង​ត្រឹមត្រូវ​នេះ ដើរ​ស៊ើបរក​អ្នកមាន​ប្រាក់​រួច​ទៅ​ទាក់ទង​របៀប​ខ្ចីប្រាក់​រយៈពេល​ខ្លី​រួច​សង​វិញ​ដោយ​ផ្ដល់​ការប្រាក់​ខ្ពស់​រួច​ចាប់ផ្ដើម​បញ្ជូន​មនុស្ស​ទៅ​ខ្ចី​បន្ដ​បន្ទាប់​ធ្វើ​ឲ្យ​ម្ចាស់​លុយ​មាន​ការ​ជឿ​ទុក​ចិ​ត្ដ​ឈាន​ដល់​ការ​ឆបោក រួច​ឆ្លើយ​រក​លេស​នេះ លេស​នោះ​ថា​ធនាគារ​កំពុង​ជាប់​បិត​បញ្ជី​ជាដើម​....​។

មេខ្លោង​ឈ្មោះ ភឿង សុ​ភ័ន ត្រូវ​បាន​តុលាការ​ឃុំខ្លួន​ក្នុង​ពន្ធ​បណ្ដោះអាសន្ន ប៉ុន្តែ​បាន​អ្នកមាន​ឥទ្ធិពល​ដែល​ស្និទ្ធស្នាល​នឹង​មន្ត្រី​តុលាការ​រត់ការ​ធានា​ចេញពី​ពន្ធនាគារ​ខេត្ដ​កំពង់ស្ពឺ ដើម្បី​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ក្នុង​សំណុំរឿង​ឆបោក​ប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ជាង ១.០០០.០០០ (​មួយ​លាន​ដុល្លា​អាមេរិក​) ខណៈ​ពេល​កំពុង​រង​បណ្ដឹង​ជាច្រើន​ទៀត​នៅ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ និង​រាជធានី​ភ្នំពេញ​ផង​នោះ​។

​នៅ​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៨ កន្លង​មក​នេះ អ្នក​នាំ​សាលាដំបូង​ខេត្តកំពង់ស្ពឺ បាន​ចេញ​សេចក្តី​ថ្លែង​ថា នៅ​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៨ កន្លង​មក​នេះ អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ បាន​ទទួល​សំណុំរឿង​ព្រហ្មទណ្ឌ ពី​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ ក្នុងករណី​ឆបោក​ជា​ក្រុម​មានការ​ចាត់តាំង​ត្រឹមត្រូវ និង​បញ្ជូន​ជនសង្ស័យ ០៧​នាក់​។

​ក្រោយពី​ទទួល​បាន​សំណុំរឿង​តំណាង​អយ្យការ​បាន​ពិនិត្យ​សំណុំរឿង​រួច ​បើក​ការ​ស៊ើបសួរ​លើ​ជនសង្ស័យ ០៨​នាក់ ( ០៦​នាក់​ក្នុងចំណោម​០៧​នាក់​ដែល​នគរបាល​ឃាត់ខ្លួន និង​០២​នាក់​ទៀត​កំពុង​រត់​គេច​ខ្លួន​ដែល​តាំងខ្លួន​ជា​បុគ្គលិក​ធនាគារ ABA ) ត្រូវ​បាន​ដាក់​ក្រោម​ការពិនិត្យ​ពី​បទ​ឆបោក​មាន​ស្ថាន​ទម្ងន់ទោស ដែល​បាន​ប្រព្រឹត្ត​នៅ​ភូមិ​ត្រពាំង​លើក សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ តាម​មាត្រា​៣៧៧ និង​មាត្រា​៣៨០ នៃ​ក្រមព្រហ្មទណ្ឌ​។

អ្នកនាំពាក្យ​សាលាដំបូង​ខេត្តកំពង់ស្ពឺ បាន​បញ្ជាក់​ថា ឈ្មោះ ផូ ថេ​ង​ ភេទប្រុស អាយុ២៤​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ភូមិ​រកា​ជោ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល អ្នក​រត់​ម៉ូតូ​កង់​បី​ក្រោយពី​សាកសួរ​ពុំ​មាន​ពាក់ព័ន្ធ​ក្នុងករណី​នេះឡើយ​។



​ចំពោះ​ស្ត្រី​ឈ្មោះ ភឿង សុ​ភ័ន ភេទ​ស្រី អាយុ ២៥​ឆ្នាំ ទីលំនៅ​ភូមិ​ព្រះ​ខែ ឃុំ​កា​ហែង ស្រុកសំរោង​ទង បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះ​ជួល​ម្ដុំ​ហាង​ខា​រ៉ាអូខេ​រស្មី​អង្គរ អ្នកនាំពាក្យ​សាលាដំបូង​ខេត្តកំពង់ស្ពឺ បានបញ្ជាក់​បន្ថែម​ថា មាន​សំណុំរឿង​ព្រហ្មទណ្ឌ​ជាច្រើន​ទៀត ដែល​តុលាការ​កំពុង​ចាត់ការ ក្នុងករណី​ឆបោក ហើយ​ជន​នេះ​ធ្លាប់​បាន​តុលាការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ក្រោម​ហេតុផល​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​។

ពាក់ព័ន្ធ​សំណុំរឿង​ឆបោក​ទ្រង់ទ្រាយ​ធំ ​ដែល​មាន​អង្គការ​ចាត់តាំង​ត្រឹមត្រូវ​ហើយ​កំពុងតែ​មានរឿង​ចំរូងចំរាស​បង្កើត​រឿងរ៉ាវ​ដើម្បី​ចោទប្រកាន់​គ្នា​ទៅមក​ រវាង​ម្ចាស់​ករណី និង​អ្នក​រត់ការ​កាង​ក្រុម​ជនសង្ស័យ​រហូត​ធ្វើ​ឲ្យ​ស្ថាប័ន​តុលាការ​រំជើបរំជួល​ឈាន​ដល់​ចេញ​សេចក្តី​ថ្លែង​ការ​ណ៍ជា​សាធារណៈ​បែបនេះ​។

​មហាជន​រង់ចាំ​មើល​ថា តើ​តុលាការ​អាច​ឃុំ​មនុស្ស​មួយ​ក្រុម​នេះ ដែល​រៀបចំ​ផែនការ​យ៉ាង​ល្អិតល្អន់​ដើរ​បោក​ប្រាស់​យក​ប្រាក់​អ្នក​ដទៃ​បាន​រហូត​ជាង១​លាន​ដុល្លារ ​បាន​រយៈពេល​ប៉ុន្មាន​ខែ​ដែរ​?៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu